ព័ត៌មានជាតិ

សម្តេចតេជោ ៖ រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាព ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយចំណាយពលរដ្ឋ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល នៅតែផ្តល់អាទិភាព ដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាក នៃធ្វើដំណើរ និងកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ។

ក្នុងពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានមានប្រសាសន៍ថា បច្ចុប្បន្នបើទោះបីជាមានផ្លូវល្បឿនលឿន ឬផ្លូវ ៣៧ខ្សែ ក្នុងក្រុងព្រះសីហនុក៏ដោយ តែបើគ្មានផ្លូវតភ្ជាប់១៤៦B និង១៤៨ទេនោះ ក៏ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុង ខេត្តព្រះសីហនុនៅតែលំបាក។

សម្ដេចតេជោមានប្រសាសន៍ថា «ដូច្នេះ ក្នុងនាមរាជ រដ្ឋាភិបាល នៅតែផ្តល់អាទិភាព ដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការ លំបាកនៃធ្វើដំណើរ និង កាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កា សេដ្ឋកិច្ចជាតិប្រកបដោយសមធម៌»។

សម្តេចតេជោបន្តទៀតថា នៅពេលខាងមុខ រាជរដ្ឋាភិបាលកម្ពុជា នឹង អភិវឌ្ឍន៍ កសាងហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត សម្រាប់បម្រើប្រយោជន៍ប្រជាជនកម្ពុជា ដូចជាការសាងសង់ ស្ពានតភ្ជាប់ពីផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប,ស្ពានទន្លេមេគង្គខេត្តក្រចេះ និងផ្លូវដែកល្បឿនលឿនជាដើម ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ ក៏នៅតែអំពាវនាវឲ្យប្រជាពលរដ្ឋ នៅពេលទទួលបាន ផ្លូវស្អាត ហើយនោះ ត្រូវចូលរួមគោរពច្បាប់ ចរាចរណ៍ទាំងអស់គ្នា ជាពិសេសការបើកបរដោយ មានការប្រុងប្រយ័ត្នជានិច្ច គោរពតាមការកំណត់ល្បឿនបើកបរ និងបើកបរប្រកបដោយការយោគយល់ ជៀសវាងការបង្កគ្រោះថ្នាក់ចរាចរណ៍ ៕

To Top