ព័ត៌មានជាតិ

លោក ហ៊ុន ម៉ានី​ បង្ហាញ សេចក្ដីសោមនស្សរីករាយ ចំពោះអង្គការផ្ទះបាយកុ មារនៅថ្ងៃបុណ្យណូអែល

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា (សសយក) បានបង្ហាញសេចក្ដីសោមនោស្ស រីករាយជាទីបំផុត ជាមួយអង្គការផ្ទះកុមារ សម្រាប់រីករាយថ្ងៃបុណ្យណូអែល (Merry Christmas) ។

នាព្រឹកថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហ ព័ន្ធយុវជនកម្ពុជា និង សហការី រួមទាំងសមាជិក សមាជិកា ស.ស.យ.ក. បានអញ្ជើញចូលរួម ចែករំលែកក្ដីស្រលាញ់ទៅកាន់ប្អូនៗ ដែលរស់នៅក្រោមការមើលថែទាំរបស់ អង្គការផ្ទះបាយកុមារ នាឱកាសបុណ្យ ណូ អែល(Christmas) ។

លោកប្រធានតែងតែមកជួបប្អូនៗ នៅក្នុងអង្គការផ្ទះបាយកុមារ ២ដង ក្នុងមួយឆ្នាំ ដើម្បីសួរសុខទុក និងនាំយកសម្ភារៈចាំបាច់មួយចំនួនមកឧបត្ថម និងចែកជូនដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ជាពិសេសបង្កើត នូវបរិយាកាសរីករាយ បង្កើនភាពស្និទ្ធស្នាល ផ្តល់កម្លាំងចិត្តដល់កូនៗ ប្អូនៗនៅអង្គការផ្ទះបាយកុមារ ដែលជាទំពាំងស្នងឬស្សី សម្រាប់អនាគត ។

គួរបញ្ជាក់ដែរថា បើទោះបីជា លោកខកខានមិនបានមកជួបកូនៗ និងប្អូនៗ នាពេលកន្លងមក ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែលោក នៅតែបន្តឧបត្ថម្ភគាំទ្រចំពោះប្អូនៗ នៅក្នុងអង្គការផ្ទះបាយកុមារ តាមរយៈការនាំយក អាហារ សម្ភារៈ ចាំបាច់មួយចំនួន មកជូនកូនៗ។ ជាក់ស្ថែងនាព្រឹកនេះ លោកបាន នាំយកគ្រឿងឧបត្ថម្ភ អាហារ សម្ភារៈ និងជាពិសេស កាដូ ដើម្បីចែកជូនប្អូនៗ ក្នុងឱកាសបុណ្យ ណូ អែល (Christmas)នេះផងដែរ ។

ជាចុងក្រោយ លោកហ៊ុន ម៉ានី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណដល់ លោកពូ ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ និងប្អូនៗយុវជនទាំងអស់ ដែលបានខិតខំប្រឹងប្រែង ថែរក្សានូវស្ថេរភាព របស់អង្គការផ្ទះបាយកុមារ ក៏ដូចជាបណ្ដុះបណ្ដាលប្អូនៗ អោយមានភាពរឹងមាំ លូតលាស់ ធំធាត់បានដោយខ្លួនឯង ៕

To Top