ភ្នំពេញ៖ កម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួន ក្នុងការជួយ មីយ៉ាន់ម៉ា ស្វែងរកដំណោះស្រាយនយោបាយដោយ សន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍ របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់ក្រៅផ្លូវការថ្នាក់រដ្ឋមន្ត្រី ស្តីពីស្ថានការណ៍នៅមីយ៉ាន់ម៉ា ដែលរៀបចំដោយលោក ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសថៃ។
កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រីការបរទេសឡាវ និងអនុរដ្ឋមន្ត្រីការបរទេសវៀតណាម ព្រមទាំងមានវត្តមានរបស់រដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាទទួលបន្ទុកកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងវិនិយោគនិងទំនាក់ទំនងសេដ្ឋកិច្ចបរទេសផងដែរ។
កិច្ចពិគ្រោះយោបល់នេះ បានរៀបចំឡើងស្របទៅតាមចំណុចទី១៤ នៃការត្រួតពិនិត្យ និងសេចក្តីសម្រេចរបស់ថ្នាក់ដឹកនាំអាស៊ានលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5PC) ដោយ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការស្វែងរកវិធីសាស្រ្តនានា ដែលអាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការជួយមីយ៉ាន់ម៉ានាំមកនូវដំណោះ ស្រាយចំពោះវិបត្តិបច្ចុប្បន្នប្រកប ដោយសន្តិវិធី។
កិច្ចពិគ្រោះយោបល់ក្រៅផ្លូវការជាលក្ខណៈបើកចំហ នេះ បានផ្តល់ឱកាសដ៏ល្អសម្រាប់រដ្ឋមន្ត្រី ក៏ដូចជាតំណាងដែលបានចូលរួមទាំងអស់ ធ្វើការពិភាក្សាដោយបើកចំហ ស្មោះត្រង់ និងប្រកប ដោយអត្ថន័យ ព្រមទាំងទទួលបាននូវព័ត៌មានថ្មីៗ ពីមីយ៉ាន់ម៉ាស្តីពីកិច្ចខិតខំប្រឹងប្រែង របស់ខ្លួនក្នុងការអនុវត្ត 5PC ផងដែរ។ អ្វីដែលសំខាន់ជាងនេះ អង្គប្រជុំក៏បានផ្លាស់ប្តូរទស្សនៈលើវិធីសាស្រ្តជាក់ស្តែងដែលអាចពន្លឿនការអនុវត្ត 5PC រួមទាំងយុទ្ធសាស្ត្រច្រកចេញ (Exit Strategy) ដែលអាចជួយឱ្យមីយ៉ាន់ម៉ាវិលត្រឡប់មកវិញនូវភាពប្រក្រតី និងសន្តិភាពឱ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
កិច្ចប្រជុំក៏បានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់កម្ពុជា និងការងាររបស់ប្រេសិតពិសេស នៃប្រធានអាស៊ាន ក្នុងការសម្របសម្រួលការអនុវត្ត 5PC ជាពិសេសលើផ្នែកការផ្តល់ជំនួយមនុស្សធម៌ ដល់ប្រជាជនដែលត្រូវការជំនួយបំផុត។
សេចក្តីប្រកាសបញ្ជាក់ថា “កម្ពុជា នឹងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ទៅដល់ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំក្រោយ និងប្រេសិតពិសេសរបស់ខ្លួន ក្នុងការជួយមីយ៉ាន់ម៉ា ក្នុងការស្វែងរកដំណោះស្រាយ នយោបាយដោយសន្តិវិធី និងត្រឡប់ទៅមាគ៌ាប្រជាធិបតេយ្យ ដើម្បីផលប្រយោជន៍របស់ប្រជាជនមីយ៉ាន់ម៉ា និងអាស៊ានទាំងមូល”៕