ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានជំរុញឱ្យគ្រប់ស្ថាប័នមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធទាំងអស់ និងកងកម្លាំងត្រូវយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ក្នុងដែនគ្រប់គ្រងរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ សំដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់កំណត់ និងត្រូវពន្លឿនរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ឱ្យបានឆាប់។ នេះបើយោងតាម រដ្ឋបាលខេត្តពោធិ៍សាត់។

ការជំរុញរបស់អភិបាលខេត្តពោធិ៍សាត់ បានធ្វើឡើងក្នុងឱកាសរូបលោក ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ទាក់ទងនឹងការរៀបចំរបាយការណ៍ ជូនគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ។
ក្នុងកិច្ចប្រជុំនេះលោក ខូយ រីដា បានលើកឡើងថា «យើងទាំងអស់គ្នា មិនត្រូវគិតត្រឹមតែមួយជ្រុងនោះទេ ពោលគឺត្រូវគិតឱ្យបានគ្រប់វិស័យ។ ប្រតិបត្តិការមិនចាំបាច់ឆ្លងយោបល់ ច្រើននាំឱ្យស្មុគស្មាញឡើយ ព្រោះថាអ្វីៗ ក៏ដូចជាតួនាទីភារកិច្ច គឺបានប្រគល់ជូនដល់អស់លោកឱ្យអស់ហើយ ក្នុងការរៀបចំផែនការធ្វើសកម្មភាព ការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើស។ ដោយឡែកការចុះឈ្វៀលដីជារបស់រដ្ឋ ត្រូវបែងចែកយ៉ាងណានោះ គឺពិនិត្យលើស្ថានភាពទីតាំងភូមិសាស្ត្រ និងការរៀបចំតំបន់ប្រតិបត្តិការ ជាមួយនឹងដីអាស្រ័យផល ដីបម្រុងទុក្ខរបស់រដ្ឋ»។

លោកបញ្ជាក់ថា «ក្រៅពីការផ្ទេរកម្មសិទ្ធិដីធ្លី តាមផ្លូវច្បាប់ ប្លង់រឹងជូនប្រជាពលរដ្ឋ គឺត្រូវហាមដាច់ខាត មេភូមិ មេឃុំ បញ្ជាក់លើលិខិតស្នាមទិញលក់ដី អភិបាលក្រុងស្រុកត្រូវធ្វើកិច្ចការនោះកុំទុកយូរ។ ដោយឡែកចំពោះការផ្ដល់សេវា លើកម្មសិទ្ធិដីធ្លីស្របច្បាប់ មានប្លង់រឹងត្រឹមត្រូវ ដែលមិនមែនជាដីអាស្រ័យផល ចាប់យករបៀបអាណាធិបតេយ្យ ត្រូវតែរៀបចំធ្វើជូនឱ្យបានឆាប់រហ័ស ជៀសវាងយឺតយ៉ាវធ្វើឱ្យមានការឆ្នាំថ្នាក់ ពីបងប្អូនប្រជាពលរដ្ឋ»។

ឆ្លៀតក្នុងឱកាសនោះ លោក ក៏បានបន្តផ្ទេរសិទ្ធិដល់ លោក ចេង ឡៃ អភិបាលរងខេត្ត ដើម្បីដឹកនាំកិច្ចប្រជុំនេះបន្ត ធ្វើយ៉ាងណាត្រៀមលក្ខណៈរៀបចំ របាយការណ៍ ជូនគណៈកម្មាធិការជាតិ ឱ្យបានឆាប់រហ័ស៕

