ព័ត៌មានជាតិ

សម្ដេច​ ស ខេង សរសើរខ្មែរឥស្លាម​ បានកសាងសហគមន៍ និងក្រុមគ្រួសារ ឱ្យមានភាពរីកចម្រើន

ភ្នំពេញ​ ៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានកោតសរសើរខ្មែរឥស្លាមទូទាំងប្រទេស​ បានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើនរុងរឿង។

ក្នុងពិធីសម្ពោធវិហារឥស្លាមនូរុលមុតតាគីន ស្ថិតនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល​ នាថ្ងៃទី២៤​ ខែធ្នូ​ ឆ្នាំ២០២២​ សម្ដេច​ ស​ ខេង​ បានឱ្យដឹងថា​ រាជរដ្ឋាភិបាលកម្ពុជាតែងតែបង្កលក្ខណៈ និងផ្ដល់ការគាំទ្រគ្រប់បែបយ៉ាងដល់បងប្អូនសាសនិកខ្មែរឥស្លាមក្នុងការប្រតិបត្តិជំនឿសាសនា និងប្រារព្ធពិធីផ្សេងៗដែលជាការបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសាសនិកខ្មែរឥស្លាម ស្របតាមគោលនយោបាយសុខដុមនីយកម្មសាសនា។

សម្ដេច ក៏បានបង្ហាញមោទកភាពដោយហេតុថា​ តាមប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន កម្ពុជាមិនដែលមានជម្លោះសាសនានោះទេ ដ្បិតពលរដ្ឋតែងតែប្រកាន់យកវប្បធម៌រួបរួមជាតិ មិនប្រកាន់ពូជសាសន៍ និងជំនឿសាសនា ដែលជាបច្ច័យដ៏ល្អសម្រាប់អ្នកជំនាន់ក្រោយ។

សម្ដេច​ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ “កោតសរសើរសប្បុរសជនខ្មែរឥស្លាមទាំងក្នុង និងក្រៅប្រទេស ដែលបានរួមវិភាគទានចូលរួមគាំទ្រដំណើរការសាងសង់សមិទ្ធផលនេះ និងកោតសរសើរបងប្អូនខ្មែរឥស្លាមទូទាំងប្រទេសដែលបានខិតខំថែរក្សាប្រពៃណីដ៏ល្អ តស៊ូចំពោះការលំបាកគ្រប់បែបយ៉ាង ដើម្បីកសាងសហគមន៍ និងក្រុមគ្រួសារឱ្យមានភាពរីកចម្រើន និងរុងរឿង”។

សម្ដេច​ បន្តថាការរក្សាបាននូវប្រពៃណីសាសនានេះ គឺជាការបង្ហាញនូវភាពសម្បូរបែបនៃប្រពៃណីគ្រប់ជាតិសាសន៍របស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថាព្រះរាជាណាចក្រកម្ពុជាដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រទេសមានសេរីភាពយ៉ាងពេញលេញខាងជំនឿសាសនា និងមានសុខដុមនីយកម្មនៃជនជាតិ។

សម្ដេច​ ក៏បានបង្ហាញការចាប់អារម្មណ៍ចំពោះទស្សនាទានរក្សាសន្តិភាពជូនប្រទេសជាតិ ដែលត្រូវបានបំផុសក្នុងចំណោមឥស្លាមសាសនិកនៅកម្ពុជា ដូចជា សាសនាឥស្លាមនិងសុវត្ថភាពភូមិ ឃុំ សង្កាត់ យុវជននិងសង្គមនាំគ្នាកសាងអំពើល្អទប់ស្កាត់អំពើអាក្រក់ ឥស្លាមជាសាសនាសន្តិភាពនិងភាពសុខដុម ឥស្លាមនិងការអប់រំ ឥស្លាមនិងនារី ឥស្លាមនិងសីលធម៌ និងឥស្លាមនិងសេដ្ឋកិច្ច ជាដើម។

សម្ដេច​ ស​ ខេង​ បានលើកឡើងអំពីស្ថានភាព និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ ទាំងល្បែងនៅតាមមូលដ្ឋាន និងល្បែងស៊ីសងតាមប្រព័ន្ធបច្ចេវិទ្យាអនឡាញ។​ សម្ដេច​ បានក៏បានគូសបញ្ជាក់អំពី ការកើតមានបទល្មើសជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម និងគ្រឿងញៀនដែលត្រូវបានបង្រ្កាបពីអាជ្ញាធរ។

ទន្ទឹមគ្នានឹងការគូសបញ្ជាក់នេះ សម្ដេច​ បានអំពាវនាវឱ្យអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មន្រ្តីរាជការគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋ ចូលរួមគាំទ្រ និងផ្ដល់កិច្ចសហការដល់ការបង្ការទប់ស្កាត់ និងបង្រាបបទល្មើសគ្រឿងញៀនខុសច្បាប់ តាមរយៈការអប់រំផ្សព្វផ្សាយដល់អ្នកជុំវិញ និងចូលរួមរាយការណ៍មកកាន់សមត្ថកិច្ចដើម្បីបង្ក្រាបបទល្មើសគ្រៀងញៀនដែលជាសត្រូវដ៏ធំនៃការអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចជាតិ ៕

To Top