ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានបំណងបណ្តុះបណ្តាលកុមារ ហ៊ឺ ទៀងគីមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តឲ្យ ខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងគ្រួសារ។
តាមរយៈគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ល្ងាចនេះ សម្ដេច ឆ្លៀតជួបចៅ ហ៉ឺ ទៀងគីមហុង ដែល ប្រឡងជាប់បាក់ឌុប និទេ្ទសC ក្នុងវ័យ ១៣ឆ្នាំ៣ខែ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឳពុកម្តាយ និងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។
សម្ដេចតេជោ បន្ដថា សម្ដេច បានសម្រេចបំណងទីមួយរបស់សម្ដេច គឺបានធ្វេីឲ្យគីមហុង ជាប់បាក់ឌុប ដែលក្មេងជាងគេនៅកម្ពុជា។
សម្ដេចតេជោ បន្ថែមថា បំណងបន្តរបស់សម្ដេច គឺជួយគីមហុង ឲ្យជាប់បរិញ្ញាបត្រនិងបញ្ញាបត្រជាន់ខ្ពស់ដែល ក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាល គីមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ ឲ្យខានតែបានដើម្បីរួមចំណែក កសាងប្រទេសជាតិនិងគ្រួសារ”៕