ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវទំនុកចិត្តថា ទំនាក់ទំនង កម្ពុជា-អាមរិក នឹងបន្តលូតលាស់ល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជន នៃប្រទេសទាំងពីរ។
ការលើកឡើងពីសំណាក់ប្រមុខការទូតកម្ពុជា បែបនេះ ធ្វើឡើងបន្ទាប់ពីមាន ដំណើរទស្សនកិច្ច ដ៏កម្រមួយ របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅស្ថានទូតអាមេរិក ប្រចាំព្រះជាណាចក្រកម្ពុជា។
នៅលើគណនីហ្វេសប៊ុក លោក ប្រាក់ សុខុន បានសរសេរយ៉ាងដូច្នេះថា «ពិតជាមានក្តីសោមនស្សរីករាយ ដែលបានអមសម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញធ្វើទស្សនកិច្ច នៅស្ថានទូតអាមេរិក ក្នុងទីក្រុងភ្នំពេញ កាលពីល្ងាចម្សិលមិញ ខណៈដែលយើងរួមគ្នា សាទរដំណាច់ឆ្នាំ»។
លោកគូសបញ្ជាក់ថា «ខ្ញុំមានទំនុកចិត្ត ថាទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ដើម្បីផលប្រយោជន៍ទៅវិញទៅមក របស់ប្រជាជនយើង» ។
សូមរំលឹកថា នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណប្រតិភូ ជាន់ខ្ពស់ ទស្សនកិច្ចនៅស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដោយមានការទទួលបដិសណ្ធារកិច្ច ពីសំណាក់លោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy)។
នៅក្នុងទស្សនកិច្ចនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ផាកទ្រីក ម៉ាហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានជួបពិភាក្សាគ្នា លើវិធីកែលម្អទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) ផងដែរ។