ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរជំនាញ ពិសេសមន្ទីរធានធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹក ឱ្យបានគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវ ស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។
ការណែនាំរបស់លោក ខូយ រីដា បានធ្វើឡើងក្នុងឱកាសដែលលោកដឹកនាំមន្រ្តីជំនាញចុះពិនិត្យវឌ្ឍនភាព នៃការដាំដុះដំណាំស្រូវស្តារឡើងវិញ របស់ប្រជាកសិករភូមិរបោះរាំង ឃុំអូរតាប៉ោង, ភូមិកោះខ្ជាយ និងភូមិព្នៅ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។
តាមការប៉ាន់ប្រមាណរបស់ប្រជាកសិករ បើគ្មានអ្វីប្រែប្រួលហេីយមានទឹកគ្រប់គ្រាន់ ទិន្នផលស្រូវដែលពួកគាត់រំពឹងទុក ក្នុង១ហិកតា អាចប្រមូលផលបានចន្លោះពី៤តោន ទៅ៧តោន ។
សូមជម្រាបជូនថា ផ្ទៃដីស្តារឡើងវិញ នៅទូទាំងស្រុកបាកាន មាន៣,៦០៣ហិកតា ស្មើនឹង២,០៧០គ្រួសារ និងកសិករទទួលស្រូវពូជបាន ២០៧តោន (ក្នុងនោះមាន ៥ឃុំ)។ សម្រាប់ឃុំអូរតាប៉ោង ស្រុកបាកាន ទទួលរងប៉ះពាល់ ចំនួន១៥ភូមិ ស្មើនឹង៨២៥គ្រួសារ បានស្តារឡើងវិញ លើផ្ទៃដីចំនួន១,៣២១ហិកតា។ ក្នុងនោះភូមិរបោះរាំង ឃុំអូរតាប៉ោង បានទទួលស្រូវពូជ ៦តោន ៨០០គីឡូក្រាម ស្មើនឹង ចំនួន៦៨គ្រួសារ ស្តារឡើងវិញលើផ្ទៃដី៨២ហិកតា។
សម្រាប់ឃុំរំលេច ស្រុកបាកាន ទទួលរងប៉ះពាល់ ចំនួន៧ភូមិ ស្មើនឹង៥៦៦គ្រួសារ បានស្តារឡើងវិញ លើផ្ទៃដីចំនួន៩៣៨ហិកតា។ ក្នុងនោះភូមិកោះខ្ជាយ ឃុំរំលេច បានទទួលស្រូវពូជ ៤តោន ៥០០គីឡូក្រាម ស្មើនឹង ចំនួន៤៥គ្រួសារ ស្តារឡើងវិញលើផ្ទៃដី៥៧ហិកតា និងភូមិព្នៅ ឃុំរំលេច បានទទួលស្រូវពូជ ១០តោន ស្មើនឹង ចំនួន១០០គ្រួសារ ស្តារឡើងវិញលើផ្ទៃដី៣០០ហិកតា។ ចំពោះការស្តារឡើងវិញ សរុបទូទាំងខេត្ត គឺសម្រេចបាន១០០%៕