ព្រឹត្តការណ៍ជាច្រើនបានកើតឡើង នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០២២រួមមានៈ ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់,បេសកម្មរបស់រដ្ឋចុះចែកពូជស្រូវ ,ព្រឹត្កការណ៍កីឡាជាតិ ,ជំហរកម្ពុជាប្រឆាំងរុស្ស៊ីឈ្លានពានអ៊ុយក្រែននៅអង្គការសហប្រជាជាតិ ,យុទ្ធនាការបង្រ្កាបល្បែងស៊ីសង់,សំណុំរឿងមេដឹកនាំខ្មែរក្រហម ខៀវ សំផន ,អាមេរិកផ្ដល់ចំណាត់ថ្នាក់អាក្រក់ដល់កម្ពុជាស្ដីពីការជួញដូរមនុស្ស ,ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាដើម។ តែជាកិច្ចចាប់ផ្ដើមមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលធ្វើដំណើរចេញពីព្រឹត្តការណណ៍អាស៊ានដែលជាព្រឹត្តការណ៍ធំប្រចាំឆ្នាំ១០ឆ្នាំមានម្ដង។
*កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចប់ភារកិច្ចរបស់ខ្លួនជាប្រធានអាស៊ានប្ដូរវេនហើយក្នុងកិច្ច ប្រជុំកំពូលអាស៊ានលើកទី៤០ លើកទី៤១ និងកិច្ចប្រជុំពូលពាក់ព័ន្ធផ្សេងទៀត ថ្ងៃទី១៣ ខែវិច្ឆិកា។
សម្ដេច ហ៊ុន សែន លើកឡើងថា រយៈពេលមួយឆ្នាំ នៃការបំពេញតួនាទីជាប្រធានអាស៊ានប្ដូរវេន ជារយៈពេលពោរពេញដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រ ស្របពេលមានការផ្ទុះរីករាលដាលនៃជំងឺកូវីដ១៩ និងវិបត្តិនយោបាយនៅប្រទេសភូមា ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម និងសេដ្ឋកិច្ច។ ទោះយ៉ាងនេះក្ដី សម្ដេច ហ៊ុន សែន អះអាងថា អាស៊ានដែលមានលោកជាប្រធាន បានគ្រប់គ្រង និងសម្របសម្រួលបញ្ហាប្រឈមទាំងនោះ បានលទ្ធផលគួរជាទីគាប់ចិត្ត។ សម្ដេច ហ៊ុន សែន លើកឡើងទៀតថា កិច្ចប្រជុំកំពូលទាំង១៦ ក្នុងរយៈពេល៤ថ្ងៃនៅរាជធានី ភ្នំពេញ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះនោះបានបិទបញ្ចប់ទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។
ទាក់ទងបញ្ហាជម្លោះនៅភូមា សម្ដេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មានល្ងាចថ្ងៃទី១៣ ខែវិច្ឆិកា ថា នៅតែដោះស្រាយបញ្ហាភូមា ត្រូវធ្វើយ៉ាងម៉េចឱ្យភាគីទាំងពីរនៃជម្លោះវិលមកការចរចា។ សម្ដេចបន្តទៀតថា ជំហររបស់លោកត្រូវតែបើកទ្វារចំហជាមួយមេយោធា ភូមាដើម្បីទុកលទ្ធភាពសន្ទនាជាមួយភូមា។
សម្ដេចក៏បានប្រគល់ញញួរ ទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលនឹងដឹកនាំអាស៊ាននៅឆ្នាំ២០២៣ ទាំងបញ្ហាភូមាមិនទាន់បានដោះនៅឡើយ។ មុនពេលប្រគល់ញញួរ ទៅប្រធានអាស៊ានប្ដូរថ្មី ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ (Joko Widodo) សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យឥណ្ឌូនេស៊ី ជួយដោះស្រាយបញ្ហាសេសសល់បន្ទាប់ពីលោក។ សម្ដេច ហ៊ុន សែន មានជំនឿថា លោក ចូកូ វីដូដូ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ដែលទទួលត្រូវបានទទួលភារកិច្ចជាប្រធានអាស៊ានប្ដូរវេនថ្មី សម្រាប់ដឹកនាំអាស៊ានឆ្នាំ២០២៣ខាងមុខថ្លែងថា អាស៊ានត្រូវធ្វើយ៉ាងណា មិនឱ្យភាពតានតឹងក្នុងភូមិសាស្ត្រនយោបាយ ក្លាយទៅជាសង្គ្រាមត្រជាក់ក្នុងតំបន់ទេ។ លោកបន្តទៀតថា អាស៊ានត្រូវតែជាតំបន់កំណើនសេដ្ឋកិច្ចខ្លាំង ហើយសមត្ថភាពអាស៊ានត្រូវតែពង្រឹង ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈម។ លោកបន្តទៀតអាស៊ានត្រូវតែជោគជ័យ មានភាពមាំមួន ទប់ទល់នឹងប្រឈមនាថ្ងៃអនាគត។
សម្ដេចបន្ថែមថា «សមត្ថភាពអាស៊ាន ត្រូវតែបានពង្រឹងដើម្បីឆ្លើយតប ទៅនឹងបញ្ហាប្រឈមក្នុងរយៈពេល២០ឆ្នាំខាងមុខទៀត ដើម្បីក្លាយជាតំបន់មួយដែលមានភាពបន្សាំឆ្លើយតបនឹងការប្រកួតប្រជែង។ យើងត្រូវតែសម្រេចបានការងារនេះ តាមរយៈរបៀបអាស៊ាន អនុលោមតាមស្មារតីនៃសហប្រតិបត្តិការនិងអនុវត្តន៍ពេញលេញនូវធម្មនុញ្ញរបស់អាស៊ាន»។
ប្រមុខរដ្ឋាភិបាលកម្ពុជា និងជាប្រធានអាស៊ានសម្ដេច ហ៊ុន សែន បានប្រកាសតាំងពីដើមទីហើយថា កម្ពុជាទទួលដុំថ្មក្ដៅមិនមែនដំឡូងក្ដៅឡើយសម្រាប់ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាននៅលើកនេះ។ ថ្លែងពីទីក្រុងដាវ៉ូស ប្រទេសស្វីស នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២«ខ្ញុំធ្វើជាប្រធានអាស៊ានឆ្នាំនេះ ប្រៀបដូចជាការទទួលយកដុំថ្មក្ដៅ មិនមែនដំឡូងក្ដៅទេ បើដំឡូងក្ដៅខ្ញុំអាចហូបបានតែនោះជាដំថ្មក្តៅ»។ ដុំថ្មក្ដៅដែលសម្ដេច ហ៊ុន សែន សំដៅដល់គឺវិបត្តិនៅមីយ៉ាន់ម៉ា សង្គ្រាមអ៊ុយក្រែននិងវិបត្តិកូវីដ១៩ ហើយការប្រកួតប្រជែងលើភូមិសាស្ត្រនយោបាយធ្វើឲ្យអាស៊ានជួបការលំបាក។
តែបានការលើកចិត្តពីមិត្តចិន! ចិនថាសម្ដេចតេជោអាចធ្វើឱ្យ«ថ្មក្ដៅក្លាយជាដុំមាស»។ ក្នុងជំនួបជាមួយសម្ដេច ហ៊ុន សែន នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក វ៉ាង យី និយាយថា «សម្ដេចក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ មានការប្រឈមជាច្រើន ដូចដែលសម្តេចមានប្រសាសន៍ថា បញ្ហានេះមិនមែនជាដំឡូងក្ដៅទេគឺជាថ្មក្ដៅ ដែលបន្ថែមម្ដងបន្តិចម្ដងបន្តិចថ្មក្ដៅនេះឱ្យទៅជាមាសបាន ដោយសារការប៉ិនប្រសព្វ និងបទពិសោធន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី»។
សូមបញ្ជាក់ជូនថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលជិត១០ផ្សេងមានការចូលពីរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ។ អនុប្រធានាធិបតី ឥណ្ឌា លោក Jagdeep Dhankar ចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយោល (oon Suk- yeol) ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េខាងត្បូងលើកទី២៣។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃឌិន (Joe Biden) ក៏អញ្ជើញមកដល់ប្រទេសកម្ពុជាដើម្បីកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្តូរវេនសមាគមអាស៊ានបានថ្លែងថា អាស៊ានមិនមែនជា«កូនជឹង»របស់ប្រទេសមហាអំណាចណាមួយឡើយ និងរក្សាភាពជាកណ្តាលឬហៅថា មជ្ឈភាពអាស៊ាន។ បើតាមសម្ដេច ហ៊ុន សែន អាស៊ានទាក់ទងជាមួយដៃគូខាងក្រៅឬក៏មហាអំណាចស្មើៗគ្នា ដោយមិនខ្លាចនរណាខឹងនរណាឡើយ ដោយហេតុថា អាស៊ានប្រកាន់ខ្ជាប់នូវគោលការណ៍របស់ខ្លួន។
*អាស៊ាន មិនអញ្ជើញរបបសឹកភូមាចូលប្រជុំ ប៉ុន្តែប្ដេជ្ញារកដំណោះស្រាយ បញ្ចប់វិបត្តិនយោបាយ
ប្រទេសជាសមាជិកអាស៊ានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសភូមា (មីយ៉ាន់ម៉ា) ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ប៉ុន្តែបានប្ដេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយវិបត្តិនយោបាយនៅភូមា ដោយឈរលើមូលដ្ឋាននៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច និងធម្មនុញ្ញអាស៊ាន ដើម្បីទប់ស្កាត់ការអូសបន្លាយទុក្ខវេទនារបស់ប្រជាជន។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង ៥ចំណុចដែលបានសម្រេចនៅក្នុងកិច្ចប្រជុំរបស់ថ្នាក់ដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ដែលមានទាំងមេដឹកនាំយោធាភូមាផងដែរ បានមូលមតិគ្នាជាឯកច្ឆន្ទទៅលើ ៥ចំណុច គឺ៖
1.ការបញ្ឈប់រាល់អំពើហិង្សាជាបន្ទាន់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវរក្សាការអត់ធ្មត់ខ្ពស់បំផុត
2.កិច្ចសន្ទនាប្រកបដោយការស្ថាបនារវាងភាគីពាក់ព័ន្ធដើម្បីផលប្រយោជន៍របស់ប្រជាជន
3.ការចាត់តាំងប្រេសិតពិសេសរបស់អាស៊ានដើម្បីសម្របសម្រួលដំណើរការកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន
4.ផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ាន
5.និងទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់។
*សម្ដេច ហ៊ុន សែន ទៅជួបមេដឹកនាំយោធាភូមា
ជំនួបសម្តេច ហ៊ុន សែន-លោក មីន អ៊ុងឡាំង៖ បទឈប់បាញ់, ជំនួយមនុស្សធម៌, បទពិសោធឈ្នះ-ឈ្នះ។ ពីក្រុងណៃពីដោ កម្ពុជា និងមីយ៉ាន់ម៉ា បានចេញសេចក្តីប្រកាសរួមស្តីពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី៧ ខែមករាឆ្នាំ២០២២។ ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ដែលជាភ្ញៀវដំបូងបំផុតរបស់ខ្លួន មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានបង្ហាញពីការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីស្ថិរភាពនយោបាយនៅក្នុងប្រទេស។ ភាគីទាំងពីរក៏បានពិភាក្សា ក៏បានលើកឡើងពីបញ្ហាទ្វេរភាគី និងកង្វល់រួមផ្សេងទៀតនៅក្នុងតំបន់ផងដែរ។
*លទ្ធផលដែលអាស៊ានសម្រេចបាន
-ទទួលប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ជាសមាជិកទី១១ របស់អាស៊ាន។ សេចក្ដីថ្លែងការណ៍ប្រមុខមេដឹកនាំអាស៊ាន សម្រេចផ្ដល់ឋានៈប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ (Timor-Leste) ជាប្រទេសសង្កេតការណ៍ និងអនុញ្ញាតឱ្យទីម័រឡេស្តេ ចូលរួម ក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន។ សេចក្ដីថ្លែងដដែលលើកឡើងទៀតថា ការផ្ដល់សមាជិកភាពដល់ប្រទេសទីម័រឡេស្តេ ពេលនេះ ផ្អែកលើសមិទ្ធផលសំខាន់នានា ដែលកំណត់ដោយរបាយការណ៍បេសកកម្មស្វែងរកការពិតទាំងបី នៃសសរស្ដម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានហើយត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានអនុម័ត នាឱកាសកិច្ចប្រជុំកំពូល អាស៊ានលើកទី៤២ ខាងមុខ។
-អាស៊ាន (ASEAN) សម្រេចទទួលប្រទេសអ៊ុយក្រែន (Ukraine) ជាសមាជិកទី៥០នៃមិត្តភាពនិងសហប្រតិបត្តិការតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ (TAC)។ (TAC) មានចំនួន៤៩ប្រទេស ដែលជាសន្ធិសញ្ញាសន្តិភាពបានចុះហត្ថលេខាក្នុងឆ្នាំ១៩៧៦ រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅបង្កើតក្រុមប្រតិបត្តិស្តីពីទំនាក់ទំនងរវាងបណ្ដាប្រទេសក្នុងតំបន់ ជំរុញសន្តិភាព ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាអចិន្ត្រៃយ៍ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក គោលការណ៍មិនជ្រៀតជ្រែក និងដោះស្រាយជម្លោះដោយសន្តិវិធី។
ប៉ុន្តែយ៉ាងណាមិញកិច្ចប្រជុំកំពូលអាស៊ីបូព៌ាបិទបញ្ចប់ទៅដោយគ្មានសេចក្តីថ្លែងការណ៍រួម ខណៈអាមេរិក និងរុស្ស៊ី ខ្វែងគំនិតគ្នារឿងអ៊ុយក្រែន។
កិច្ចប្រជុំកំពូលអាស៊ីបូព៌ានេះ គឺជាកិច្ចប្រជុំសំខាន់ជាងគេមួយដែលពិភពលោកបានទន្ទឹងរង់ចាំមើលក្នុងពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំ២០២២នេះ។ ក្រៅពីមានមេដឹកនាំអាស៊ានចូលរួម កិច្ចប្រជុំកំពូលនេះអនុញ្ញាតឱ្យក្រុមមេដឹកនាំកំពូលៗនៅលើពិភពលោកមកពីប្រទេសចំនួន ៨ ក្នុងនោះមានសហរដ្ឋអាមេរិក ជប៉ុន (Japan) អូស្ត្រាលី (Australia) នូវែលហ្សេឡង់ (New Zealand) កូរ៉េខាងត្បូង (South Korea) ឥណ្ឌា (India) ចិន (China) និងរុស្ស៊ី (Russia) ជួបអង្គុយទល់មុខគ្នាពិភាក្សា ផ្តោតលើបញ្ហាប្រឈមសំខាន់ៗនៅតំបន់អាស៊ីបូព៌ា។
ជំនួប រវាមេដឹកនាំកម្ពុជា និងមេដឹកនាំពិភពលោក អំឡុងពេលរៀបចំកិច្ចប្រជុំ អាស៊ាន
– កម្ពុជា និងចិនចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១៨ អំឡុងនាយករដ្ឋមន្រ្តីចិនមកចូលរួមកិច្ចប្រជុំអាស៊ាន។ ឯកសារដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នោះរួមមាន អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មកសិកម្មរវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងពាណិជ្ជកម្មចិន និងអនុស្សរណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគា្នលើកម្មវិធីរៀនភាសាចិន នៅតាមគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ នៅកម្ពុជា ជាដើម។ល។ ក្រៅពីនេះ ចិនក៏បានផ្តល់ជំនួយជាប្រាក់ចំនួន២០០លានយ័ន្ត ឬប្រមាណ២៧លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រកាសថា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ។ ភាគីចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួននិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ។
-កម្ពុជានិងជប៉ុន ឯកភាពដំឡើងទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
មេដឹកនាំកម្ពុជា និងជប៉ុនបានព្រមព្រៀងគ្នាដំឡើងភាពជាដៃគូទៅជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នាឆ្នាំក្រោយ នៅពេលខួបលើកទី៧០នៃចំណងការទូតរវាងប្រទេសទាំងពីរមកដល់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីភាពជា«ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»របស់ប្រទេសទាំងពីរ ចុះថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២២។ កាលពីដើមឆ្នាំ២០២២ ក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុននៅក្នុងទីក្រុងភ្នំពេញ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើសុំសមភាគីរបស់លោកក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរមួយកម្រិតទៀត។ ប៉ុន្តែនៅពេលនោះ លោក Kishida Fumio នាយករដ្ឋមន្រ្តីជប៉ុននៅមិនទាន់សម្រេចនោះទេ។ កិច្ចព្រមព្រៀងនៃការដំឡើងភាពជាដៃគូគ្រប់ជ្រុងជ្រោយនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio នៅក្នុងដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី សម្ដេច ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់ដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយថា លោកនិងប្រជាជនកម្ពុជារង់ចាំពេលវេលានេះជាយូរមកហើយ។
*លោក ចូ បៃឌិន សរសើរសម្តេច ហ៊ុន សែន ក្នុងឋានៈជាប្រធានអាស៊ាន
ក្នុងជំនួបទ្វេភាគី ជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២២ លោក ចូ បៃឌិន ប្រធានាធិបតីអាម៉េរិក បានកោតសរសេរ សម្តេច ហ៊ុន សែន នៅក្នុងការដឹកនាំអាស៊ានក្នុងមានជាប្រធាននៃអង្គការតំបន់មួយនេះ។ ក្រៅពីនេះប្រធានាធិបតីអាម៉េរិកក៏គូសបញ្ជាក់ពីសារៈសំខាន់នៃតួនាទីរបស់អាស៊ាន នៅក្នុងការស្វែងរកដំណោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា និងជំហអាស៊ានចំពោះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផងដែរ។ លោក ចូ បៃឌិន ក៏មិនភ្លេចលើកឡើងពីកង្វល់របស់ និង អំពាវនាវឱ្យមានការដោះលែង កញ្ញា សេង ធារី និងសកម្មជននយោបាយដែលកំពុងជាប់ឃុំដទៃទៀតដែរ។
នៅក្នុងពិធីបិទសន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២២ប្រមុខរដ្ឋាភិបាលកម្ពុជា អះអាងជាថ្មីទៀតថា លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក មិនបានលើកពីករណីដោះលែង សេង ធារី មេធាវីខ្មែរសញ្ជាតិអាមេរិកាំងនោះទេ នៅក្នុងជំនួបទ្វេរភាគីមុនកិច្ចប្រជុំកំពូលអាស៊ាននៅពេលថ្មីៗនេះ។ ប៉ុន្តែសម្ដេច ហ៊ុន សែន បានទទួលស្គាល់ថា លោក ចូ បៃឌិន បានជំរុញឲ្យបើកលំហប្រជាធិបតេយ្យ សម្រាប់ការបោះឆ្នោតនៅពេលខាងមុខ និងបញ្ហាមីននៅកម្ពុជា ដែលត្រូវបាននាយករដ្ឋមន្ត្រីកម្ពុជាលើកឡើងនៅចំពោះមុខលោក ចូ បៃឌិន។
ប៉ុន្តែយ៉ាងណាមិញសម្រាប់ក្រសែភ្នែកអ្នកតាមដាននយោបាយក្នុងស្រុកមើលឃើញថា សម្ដេច ហ៊ុន សែន បង្ហាញកាយវិការ ការទូតដ៏ខ្ពង់ខ្ពស់បំផុត ធ្វើឲ្យមានតុល្យភាពរវាងមហាអំណាចចិន និងអាមេរិក ដែលធ្វើឲ្យអាមេរិកយល់កាន់តែច្បាស់អំពីភាពប៉ិនប្រសព្វ ទន់ភ្លន់ តែម៉ឹងម៉ាត់ដែលអាមេរិកមិនអាចនឹកស្មានដល់មុនពេលលោកប្រធានាធិបតី ចូ បៃឌិន មកដល់មាតុភូមិ និងជាពិសេសក្រុមប្រឆាំងទទួលបរាជ័យយ៉ាងអាម៉ាស់។
*អាមេរិកនៅតែសង្ស័យ បញ្ហាកំពង់ផែរាម!
នៅចំពោះមុខសម្ដេតេជោ ហ៊ុន សែន លោកប្រធានាធិបតីអាម៉េរិក ក៏បានលើកឡើងពីកង្វល់របស់ខ្លួន ទាក់ទងនឹងស្ថានការណ៍នៅមូលដ្ឋានទ័ពជើងទឹករាម និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្ហាញតម្លាភាពពេញលេញ អំពីសកម្មភាពរបស់កងទ័ពចិននៅទីនោះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមាន។
បន្ថែមលើនេះ លោក ទៀ បាញ់ ប្រាប់អាមេរិកថា កុំកង្វល់លើរឿងនេះពេក សុំខ្វល់រឿងផ្សេងផង។ នៅចំពោះមុខលោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក ក្នុងជំនួបទ្វេភាគីរវាងកម្ពុជា-អាមេរិក សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានទទូចឲ្យអាមេរិកកុំខ្វល់ខ្វាយពីការអភិវឌ្ឍកំពង់ផែរាមខ្លាំងពេក។ ផ្ទុយមកវិញ អាមេរិកគួរមានកង្វល់របស់ខ្លួនទៅលើបញ្ហាផ្សេងៗទៀត ព្រោះកំពង់ផែរាមមានទំហំតូចមួយ ប្រហែលនឹងផែនេសាទប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសម្ដេច ទៀ បាញ់ នៅអំឡុងពេលធ្វើសន្និសីទព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន ដែលធ្វើឡើងនៅខេត្តសៀមរាបកាលពីអំឡុងខែវិច្ឆិកាឆ្នាំ២០២២។
គួររម្លឹកសាវតានៃរឿងនេះបន្តិច មន្ទិលសង្ស័យរបស់អាមេរិក ពីវត្តមាននៃកងទ័ពចិន លើទឹកដីមូលដ្ឋានទ័ពជើងទឹករាម កើតមានឡើងតាំងពីពេលដែលកម្ពុជា បានវាយកម្ទេចអាគារពីរខ្នង ដែលជាជំនួយរបស់អាមេរិក និងបានកសាងអាគារថ្មីៗជាបន្តបន្ទាប់ ក្រោមជំនួយរបស់ភាគីចិន។ តែយ៉ាងណា ប្រមុខមេទ័ពកម្ពុជា ថាការអភិវឌ្ឍនៅរាម មិនមានជាការគំរាមកំហែងសន្តិសុខអ្នកដទៃនោះទេ។ សម្ដេច ទៀ បាញ់ នៅតែចាត់ទុកថា ការចោទប្រកាន់របស់អាមេរិក ជារឿងមិនសមហេតុផល។
គួរកត់សម្គាល់ថា នេះមិនមែនជាលើកទី១នោះទេ ដែលបណ្តាថ្នាក់ដឹកនាំកម្ពុជាតែងតែឆ្លើយតប និងរុញច្រានការចោទប្រកាន់របស់អាមេរិក ទាក់ទងទៅនឹងការធ្វើទំនើបកម្មកំពង់ផែរាម។ សូមជម្រាបថា កម្ពុជាបានអនុញ្ញាតឲ្យអនុព័ន្ធយោធាអាមេរិក បានធ្វើដំណើរទស្សនកិច្ចខ្លីមួយនៅកំពង់ផែរាម កាលពីថ្ងៃទី១១មិថុនាឆ្នាំ២០២១។ ជាដំណើរទស្សនកិច្ច ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកភ្លើងខៀវ ក្រោយមានការទទូចដោយផ្ទាល់ពីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman។ ក៏ប៉ុន្តែភាគីអាមេរិក បានចាត់ទុកដំណើរទស្សនកិច្ចនោះ ថាមិនពេញលេញ ដ្បិតខ្លួនមិនអាចដើរមើលគ្រប់កន្លែង ហើយទាមទារការបំពេញទស្សនកិច្ចជាថ្មី។
*អគ្គលេខាធិការ អង្គការអង្គការសហប្រជាជាតិ សាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន
សម្តេចតេជោ ហ៊ុន សែន និងលោក António Guterres បានជួបពិភាក្សាការងារ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ អំពីការពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-អង្គការសហប្រជាជាតិ និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិផ្សេងៗ នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ប្រាប់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ការធ្វើប្រធានអាស៊ានមិនស្រួលនោះទេ ប្រសិនបើគ្មានរដ្ឋមន្រ្តីការបរទេសវៃឆ្លាត បើគ្មានជំនួយការវៃឆ្លាត ដូច្នេះ តាមការរៀបចំកិច្ចប្រជុំកំពូលអាស៊ានជោគជ័យនាពេលនេះ ដោយសារតែកម្ពុជា មន្ត្រីដែលមានសមត្ថភាព។ សូមជម្រាបថា ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពរបស់មេដឹកនាំអាស៊ាន តំបន់ និងពិភពលោក កម្ពុជាបានដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ១២,០០០នាក់ ដោយមានកិច្ចសហប្រតិបត្តិការជាមួយបណ្ដាដៃគូមួយចំនួនទៀតដូចជា៖ នគរបាលអន្តរជាតិ (Interpol) នគរបាលក្នុងតំបន់អាស៊ាន ការិយាល័យស៊ើបអង្កេតអាមេរិក (FBI) នគរបាលសិង្ហបុរី នគរបាលជប៉ុន នគរបាល វៀតណាម នគរបាលចិន និងនគរបាលអូស្ត្រាលី ជាដើម។
*កម្ពុជា គាំទ្រអ៊ុយក្រែន ប្រឆាំងការឈ្លានពាន របស់រុស្ស៊ី
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងអំណរគុណដល់កម្ពុជាជុំវិញការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ និងមានបំណងផ្តល់ជំនួយផ្នែកការដោះមីនដល់អ៊ុយក្រែន ក្រោយពីជួបជាមួយសម្ដេច ហ៊ុន សែន តាមទូរស័ព្ទ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរលើបណ្ដាញសង្គមធ្វីតធឺរបស់ខ្លួនក្រោយពីជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះក្នុងការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ បន្ទាប់ពីរុស្សីបានឈ្លានពានអ៊ុយក្រែន កាលពីដើមឆ្នាំ២០២២ កន្លងទៅនោះ។
*សម្ដេច ហ៊ុន សែន ឆ្លងកូវីដ១៩ ពេលទៅដល់ឥណ្ឌូណេស៊ី
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចវិលត្រឡប់មកកម្ពុជា វិញ ក្រោយពេលគ្រូពេទ្យឥណ្ឌូនេស៊ីរកឃើញថា វិជ្ជមាន ឬឆ្លងកូវីដ-១៩ នៅមុនកិច្ចប្រជុំ G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។សម្ដេច ហ៊ុន សែន ក៏សម្រេចដឹកនាំមន្ត្រីរដ្ឋាភិបាលត្រឡប់មកកម្ពុជាវិញ ដោយប្រគល់តួនាទីតំណាងអាស៊ានទៅប្រទេសឥណ្ឌូណេស៊ីដើម្បីជជែកការងារបន្ត ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា លោកមិនបានដឹងថា មេរោគកូវីដ-១៩ ឆ្លងចូលក្នុងខ្លួនចាប់តាំងពីពេលណា ពីព្រោះមុនពេលលោកចេញពីកម្ពុជាបានធ្វើតេស្តរាល់ថ្ងៃ ជាពិសេសមុនពេលចេញដំណើរទៅប្រទេសឥណ្ឌូនេស៊ីបានធ្វើតេស្តរហ័ស (Rapid Test) ដោយអវិជ្ជមាន និងមិនមានអាការៈចម្លែកឡើយ។
បន្ទាប់មកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានប្រកាសថា នឹងចាប់ផ្ដើម ចេញបំពេញការងារ ទាំងជំនួបផ្ទាល់ ក៏ដូចជាកម្មពិធីផ្សេងៗក្រោយជាសះស្បើយពីជំងឺកូវីដ១៩។
យើងសុំបង្វែរអារម្មណ៍មិត្តអ្នកអាន ងាកមកតាមដានព្រឹត្តការណ៍ ក្នុងស្រុកវិញ៖
*ដំណើរការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់
គណបក្សនយោបាយសរុបចំនួន ១៧ បានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ដើម្បីឲ្យអ្នកបោះឆ្នោតបានជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ចំនួន ១១.៦២២នាក់ ចេញពីបេក្ខជនប្រកួតប្រជែងសរុបចំនួន ៨៦.០៩២ នាក់ទូទាំងប្រទេស។ ប៉ុន្តែក្នុងចំណោមគណបក្សប្រកួតប្រជែងទាំងនេះ មានតែគណបក្ស ៣ ប៉ុណ្ណោះដែលបានឈរឈ្មោះនៅទូទាំង ២៥ ខេត្តនិងរាជធានីគឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច គណបក្សភ្លើងទៀនដែលបែកចេញពីសម្ព័ន្ធគណបក្សសង្គ្រោះជាតិ និងគណបក្សខ្មែររួបរួមជាតិដែលបែកចេញពីសម្ព័ន្ធគណបក្សហ្វ៊ុនស៊ិនប៉ិច។ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានដាក់បេក្ខជនប្រកួតក្នុងគ្រប់ឃុំសង្កាត់ទាំង ១.៦៥២ ទូទាំងប្រទេស។ គណបក្សធំជាងគេទី ២ គឺគណបក្សភ្លើងទៀន ដែលបានដាក់បេក្ខជនចូលរួមប្រកួតប្រជែងក្នុងឃុំសង្កាត់ចំនួន ១.៦២៣។
អ្នកមានឈ្មោះក្នុងបញ្ចីបោះឆ្នោតប្រមាណ ៧៨% បាននាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី៥ខែមិថុនាឆ្នាំ២០២២។ ប្រជាពលរដ្ឋជាង ៧ លាននាក់ ក្នុងចំណោមពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតជាង ៩ លាននាក់ បានសម្តែងឆន្ទៈរបស់ខ្លួនរួចហើយ ដោយខ្លះបានសម្រេចចិត្តប្រគល់សន្លឹកឆ្នោតរបស់ពួកគេទៅឲ្យគណបក្សដែលខ្លួនពេញចិត្ត ខណៈអ្នកបោះឆ្នោតខ្លះទៀតជ្រើសរើសវិធីបោះឆ្នោតដែលប្រែក្លាយសន្លឹកឆ្នោតរបស់ពួកគេឲ្យទៅជាសន្លឹកឆ្នោតមិនបានការ។
លទ្ធផលបោះឆ្នោតបង្ហាញថា គណបក្សភ្លើងទៀនកំពុងមានប្រៀបជាងបក្សកាន់អំណាចតែ៤ឃុំប៉ុណ្ណោះ ក្នុងចំណោមឃុំសង្កាត់ទាំង ១.៦៥២ ដែលគណបក្សនេះអាចឈ្នះតំណែងមេឃុំ រួមមាន ៣ឃុំនៅខេត្តកំពង់ធំ គឺឃុំចំណាលើនៅស្រុកស្ទោង ឃុំដូង និងឃុំក្រយានៅស្រុកប្រាសាទបល្ល័ង្គ និង១ឃុំនៅខេត្តកំពង់ចាម គឺឃុំផ្តៅជុំក្នុងស្រុកជើងព្រៃ។ ក្រៅពីនោះ គណបក្សប្រជាជនកម្ពុជានាំមុខទាំងស្រុង ហើយពុំមានគណបក្សដទៃទៀតណាមួយទទួលបានសំឡេងឆ្នោតនាំមុខបក្សកាន់អំណាចនៅតាមឃុំ-សង្កាត់ដទៃទៀតនៅទូទាំងប្រទេសឡើយ។ មន្រ្តីគណបក្សភ្លើងទៀនបញ្ជាក់ថា គណបក្សភ្លើងទៀនអាចទទួលបានអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ ជាង២ពាន់អាសនៈក្នុងចំណោមអាសនៈសរុបចំនួនជាង១ម៉ឺន (១១៦២២)។ ដូច្នេះ គណបក្សប្រជាជនកម្ពុជាអាចទទួលបានអាសនៈឃុំ សង្កាត់ជាង៩ពាន់។
មួយថ្ងៃក្រោយមកពោលគឺនៅថ្ងៃទី៦ខែមិថុនា គណបក្សភ្លើងទៀនប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតជ្រើសរើសឃុំ សង្កាត់អាណត្តិទី៥ ដោយសារលទ្ធផលដែលចេញពីការបោះឆ្នោតនោះមិនឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ពលរដ្ឋ និងរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរដែលបង្ហាញពីសកម្មភាពនៃការលួចបន្លំសន្លឹកឆ្នោត។ ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអះអាងថា ដំណើរការនៃការបោះឆ្នោតបានប្រព្រឹត្តទៅជាប្រក្រតី ត្រឹមត្រូវ មានសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។
ទន្ទឹមគ្នានេះ! អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នាថ្ងៃអាទិត្យទី៦ខែមិថុនាឆ្នាំ២០២២ មិនបានបង្ហាញមុខនៅការិយាល័យបោះឆ្នោតក្នុងរាជធានីភ្នំពេញឡើយ ដោយលោកបានសម្រេចចិត្តមិនទៅបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។ នេះបើតាមមន្ត្រីជំនិតរបស់លោក គឺលោក មុត ចន្ថា។
*ភាពប្រទាំងប្រទិស នៃលទ្ធផលបោះឆ្នោតនាំឲ្យលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនឡើងតុលាការ។ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនរងបណ្ដឹងពី គណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។ លោក សុន ឆ័យ អាយុ៦៦ ឆ្នាំ បានទទួលរងពាក្យបណ្តឹងពីសំណាក់គណបក្សប្រជាជនកម្ពុជា ដែលមិនយល់ស្របនឹងការអត្ថាធិប្បាយរបស់លោក សុន ឆ័យ តាមការប្រើប្រាស់ពាក្យពេចន៍មួយចំនួនពាក់ព័ន្ធលទ្ធផលបោះឆ្នោត ដូចជាការនិយាយថា«លទ្ធផលនេះមិនឆ្លុះបញ្ចាំងអំពីឆន្ទៈប្រជាពលរដ្ឋ។ វាមានការបំភ័យ។ វាមានការទិញ។ វាមានការលួច បាននៅសល់ប៉ុណ្ណឹង»។ ចំណែកគ.ជ.ប.បានអះអាងថា ពាក្យសម្តីរបស់លោក សុន ឆ័យ ជុំវិញការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនានោះមានចរិតបរិហារកេរ្តិ៍ស្ថាប័នជាតិរៀបចំការបោះឆ្នោត។
ប៉ុន្តែយ៉ាងណាមិញ លោក សុន ឆ័យ ដែលជាអតីតតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិ បានផ្តល់ការពន្យល់ទៅកាន់ស្ថាប័នអយ្យការអមតុលាការរាជធានីភ្នំពេញថា ការឆ្លើយតបរបស់គាត់ទៅនឹងអ្នកកាសែត The Cambodia Daily ដោយយោងលើព្រឹត្តិការណ៍កើតឡើងអំឡុងពេលនៃការរៀបចំការបោះឆ្នោត និងក្នុងថ្ងៃបោះឆ្នោតឃុំសង្កាត់កាលពីខែមិថុនាកន្លងមកនោះ គឺគ្មានការបំភ្លៃខុសការណ៍ពិត ផ្តល់ព័ត៌មានក្លែងក្លាយក្នុងចេតនាទម្លាក់កំហុស និងមួលបង្កាច់ ដែលប៉ះពាល់ដល់កិត្តិយសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬគណបក្សកាន់អំណាចនោះឡើយ។
*សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចរឹបអូស យកអចលវត្ថុរបស់លោក សុន ឆ័យ ជាបណ្តោះអាសន្ន ?
នៅក្នុងដីកាចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក អួង វុទ្ធា ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញបានសម្រេចរឹបអូសយកអចលវត្ថុរបស់លោក សុន ឆ័យ ជាបណ្តោះអាសន្ន ចំនួន២ទីតាំង ដែលមាននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងទៅតាមសំណើរបស់មេធាវីគណបក្សប្រជាជនកម្ពុជា ក្រោមហេតុផលថាលោក សុន ឆ័យ មានចិត្តរឹងទទឹង មិនគោរពទៅតាមច្បាប់ និងគ្មានឆន្ទៈនៅក្នុងការបង់សងជំងឺចិត្តទៅតាមអ្វីដែលតុលាការបានសម្រេច។
ដីកាដដែលបន្ថែមថា ដើម្បីទទួលបាននូវការលុបចោលនូវការរឹបអូសជាបណ្តោះអាសន្ននេះ លោក សុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន៣ពាន់លានរៀល ឬប្រមាណ៧៥ម៉ឺនដុល្លារ ជាការរំដោះ។ សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក សុន ឆ័យ ពីបទបរិហាកេរ្តិ៍ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរិះគន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ តាមពាក្យបណ្តឹងរបស់គណបក្សប្រជាជនកម្ពុជា ដែលទាមទារឱ្យមេដឹកនាំគណបក្សប្រឆាំងបង់សងជំងឺចិត្តចំនួន៤ពាន់លានរៀល គឺប្រមាណ១លានដុល្លារអាមេរិក និងស្ថាប័នរៀបចំការបោះឆ្នោត គ.ជ.ប. ទាមទារឱ្យលោក សុន ឆ័យ សុំទោសជាសាធារណៈ។ សំណុំរឿងរបស់លោក សុន ឆ័យ ស្ថិតក្នុងដៃសាលាឧទ្ធរណ៍នៅឡើយ ខណៈលោកបានប្តឹងទាស់នឹងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យលោកបង់សងជំងឺចិត្តទៅគណបក្សប្រជាជនកម្ពុជា។
*បក្សភ្លើងទៀននិងបក្សប្រជាជន ត្រៀមខ្លួន ឆ្នាំ២០២៣
គណបក្សភ្លើងទៀនរំឭកខួប២៧ឆ្នាំនៃការបង្កើតគណបក្ស និងកំណត់ទិសដៅសកម្មភាពឆ្ពោះទៅរកការផ្លាស់ប្តូរជាវិជ្ជមានតាមរយៈការបោះឆ្នោតឆ្នាំ២០២៣កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។ថ្លែងក្នុងពិធីរំឭកខួបនោះ អនុប្រធានគណបក្សភ្លើងទៀនដែលតុលាការសម្រេចឱ្យចាញ់ក្តីគណបក្សប្រជាជនក្នុងសំណុំរឿងបរិហារកេរ្តិ៍ គឺលោក សុន ឆ័យ ថ្លែងថា ការតស៊ូរបស់គណបក្សភ្លើងទៀនរយៈពេល២៧ឆ្នាំមកនេះ តែងតែរងការបំភិតបំភ័យឥតស្រាកស្រាន្ត ប៉ុន្តែពួកលោកមិនដែលរាថយនោះទេ។ លោកបញ្ជាក់ថា បក្សភ្លើងទៀន បានដាក់ទិសដៅធ្វើសកម្មភាពឱ្យខ្លាំងក្លាឆ្ពោះទៅរកការបោះឆ្នោតក្នុងការផ្លាស់ប្ដូរតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ។ លោកអំពាវនាវដល់គណបក្សនយោបាយ និងអ្នកស្រឡាញ់ប្រជាធិបតេយ្យមកចូលរួមកម្លាំងជាមួយគណបក្សភ្លើងទៀន ដើម្បីឈានទៅរកជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ។ គណបក្សភ្លើងទៀន ចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឡើងវិញកាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយជិត៥ឆ្នាំ។ ចំណែកលទ្ធផលបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗ បក្សនេះទទួលសំឡេងឆ្នោតលំដាប់ទី២ បន្ទាប់ពីគណបក្សកាន់អំណាច។
-រៀងរាល់ឆ្នាំ បក្សកាន់អំណាច តែងនាំគ្នាទៅប្រារព្ធខួប ២ធ្នូ ដើម្បីរំលឹកដល់គុណដល់កងទ័ពវៀតណាមដែលជួយជ្រោមជ្រែងដល់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអតីតមេដឹកនាំ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា សរសេរលើគណនីហ្វេសប៊ុក ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ៧មករាទេ ក៏គ្មាន អ្វីៗដូចសព្វថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្តិសាស្ត្រ»។ សម្ដេចក៏អំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចងចាំថ្ងៃ២ធ្នូ នេះ ថាជាឫសគល់ ដែលនាំមកនៅសុខសន្តិភាព ការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សា ការពារសុខសន្តិភាពដែលបានមកដោយលំបាក។
កន្លងមកក្នុងពិធីអញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជាង ៦ ពាន់គ្រួសារ នៅខេត្តព្រៃវែង កាលពីថ្ងៃទី ៣០ ខែតុលាឆ្នាំ២០២២ សម្ដេចបានយកឱកាសនេះថ្លែងអំណរគុណជាថ្មីទៀត ចំពោះប្រជាពលរដ្ឋ នៅទូទាំងប្រទេសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសនៃការបោះឆ្នោតឃុំ សង្កាត់ រយៈពេលកន្លងទៅ ដែលធ្វើឱ្យគណបក្សប្រជាជនឈ្នះឆ្នោតភ្លូកទឹកភ្លូកដី នៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ សម្ដេច ហ៊ុន សែន ក៏បានឆ្លើយតបទៅនឹងការលើកឡើងដែលថា សម្ដេចបានធ្វើការឃោសនាបោះឆ្នោតមុនកាលកំណត់ នៅពេលដែលខ្លួនបានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងរយៈពេលកន្លងមក និងបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តបោះឆ្នោតជូនគណបក្សប្រជាជនជាបន្តទៀតនៅពេលខាងមុខ។ សម្ដេចបានគូសបញ្ជាក់ថា ការថ្លែងអំណរគុណ និងអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តការគាំទ្រគណបក្សប្រជាជនកម្ពុជាគឺជារឿងធម្មតា ពុំមានខុសឆ្គងអ្វីនោះឡើយ ។
*នៅក្នុងឆ្នាំ២០២២ ព្រឹត្តការណ៍ចាប់ចង់រុញបញ្ជូន ទៅពន្ធនាគារកើតឡើងច្រើនករណី ដែរដូចជាៈ
-សមត្ថកិច្ចចាប់ខ្លួនកញ្ញា សេង ធារី អ្នកជំនាញច្បាប់ និងកិច្ចការអន្តរជាតិ ភ្លាមនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ក្រោយតុលាការប្រកាសសាលក្រមថា កញ្ញាមានទោសនៃបទចោទរួមគំនិតក្បត់ ក្នុងសំណុំរឿងវិលចូលស្រុករបស់លោក សម រង្ស៊ី កាលពីឆ្នាំ២០១៩។ តុលាការកាត់ទោសឲ្យកញ្ញា ជាប់ពន្ធនាគារ៦ឆ្នាំ ស្របពេលថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ចំនួន៥០នាក់ផ្សេងទៀត ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៥ឆ្នាំ ទៅ ៨ឆ្នាំ ក្រោមបទចោទប្រកាន់ «ញុះញង់ និងរួមគំនិតក្បត់ជាតិ» ជុំវិញការប្រកាសជំហរគាំទ្រការធ្វើមាតុភូមិនិវត្តន៍ថ្ងៃ«៩វិច្ឆិកា»របស់លោក សម រង្ស៊ី។ ក្រោយការប្រកាសសាលក្រមមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចរាជធានីភ្នំពេញ បានបញ្ជូន កញ្ញា សេង ធារី ចេញពីពន្ធនាគារព្រៃស រាជធានីភ្នំពេញ ទៅកាន់ពន្ធនាគារខេត្តព្រះវិហារ ដោយមិនបានបញ្ជាក់ពីមូលហេតុឡើយ។
-ចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ ដែលចេញមុខយ៉ាងសកម្មក្នុងការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានអាជ្ញាធរចាប់ខ្លួននៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅពេលដែលកញ្ញាត្រឡប់មកពីចូលរួមកិច្ចប្រជុំសហព័ន្ធសហជីពអន្តរជាតិនៅក្នុងប្រទេសអូស្ត្រាលី។ កញ្ញា ស៊ីថរ ធ្លាប់ត្រូវបានចាប់ខ្លួនលើកទីមួយ កាលពីខែមករា ក្រោមការចោទប្រកាន់ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារសកម្មភាពកូដកម្មរបស់សហជីពដែលកញ្ញាដឹកនាំ។ នេះបើតាមក្រុមអង្គការសង្គមស៊ីវិល។ កញ្ញា ស៊ីថរ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំ កាលពីខែមីនា ហើយត្រូវបានចាប់ខ្លួនសាជាថ្មី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយអាជ្ញាធរចោទប្រកាន់ថា កញ្ញាបានរំលោភលក្ខខណ្ឌដែលហាមឃាត់កញ្ញាមិនឱ្យចាកចេញពីប្រទេស។ ប៉ុន្តែទាំង កញ្ញា ស៊ីថរ និងមេធាវីការពារក្តីឱ្យកញ្ញាសុទ្ធតែមិនបានទទួលការជូនដំណឹងអំពីលក្ខខណ្ឌ ក្នុងការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។ នេះបើតាមអង្គការសង្គមស៊ីវិល។
*ការផុតបំរាមធ្វើនយោបាយ របស់មន្ត្រីបក្សប្រឆាំង១១៨នាក់
មេដឹកនាំ និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិចំនួន ១១៨នាក់ មានសិទ្ធិធ្វើនយោបាយឡើងវិញបន្ទាប់ពីពួកគេត្រូវបានហាមឃាត់អស់រយៈពេល៥ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃមើលឃើញថា អ្នកទាំង១១៨នាក់នោះ នឹងមិនអាចវិលត្រលប់មកធ្វើនយោបាយវិញបានទាំងអស់គ្នាទេ ដោយហេតុថាមេដឹកនាំ និងមន្ត្រីជាន់ខ្ពស់មួយចំនួន នៅមានការប្រឈមមុខនឹងផ្លូចច្បាប់ជាបន្ត ខណៈដែលពួកគេត្រូវបានរកឃើញថាប្រព្រឹត្តកំហុសអំឡុងពេល៥ឆ្នាំនៃបំរាម។
រាប់ត្រួសៗ អ្នកនយោបាយអតីតគណបក្សប្រឆាំង ដែលទំនងមិនអាចវិលមកឆាកនយោបាយកម្ពុជាវិញ បើទោះជាផុតសុពលភាពហាមឃាត់ក៏ដោយនោះ គេសង្កេតឃើញថាមានលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ និងភរិយា និងមន្ត្រីជាន់ខ្ពស់៧រូបទៀត ដែលស្និទ្ធនឹងលោក សម រង្ស៊ី ហើយត្រូវតុលាការផន្ទាទោសកំបាំងមុខពី២០ ទៅ២៥ឆ្នាំ ពីបទ«ឧបឃាត»។ អ្នកទាំងនោះមាន លោកស្រី មួរ សុខហួរ លោក អេង ឆៃអ៊ាង លោក អ៊ូ ច័ន្ទឬទ្ធិ លោក ហូ វ៉ាន់ លោក ឡុង រី លោក ម៉ែន សុថាវរិន្ទ្រ និងលោក នុត រំដួល។ នេះមិនទាន់រាប់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងមន្ត្រីមួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធនឹងផ្លូវច្បាប់ផ្សេងៗអស់រយៈពេល ៥ឆ្នាំ កន្លងទៅ។
ដោយឡែក អ្នកនយោបាយជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិប្រមាណជា៣០នាក់ផ្សេងទៀត ក្នុងចំណោម១១៨នាក់ បានរួចផុតបំរាមនយោបាយជាបន្តបន្ទាប់មុនកាលកំណត់ ដោយសារតែពួកគេបានធ្វើលិខិតស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ។ មន្ត្រីមួយចំនួន បានចេញមកបើកគណបក្សថ្មី ដោយមិនរង់ចាំការរស់ឡើងវិញនៃគណបក្សសង្គ្រោះជាតិ ដែលអ្នកតាមដាននយោបាយមើលឃើញថាមិនមានសញ្ញារស់ឡើងវិញទាល់តែសោះ។
សូមបញ្ជាក់ថាកាលពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលបានសម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិក្រោយលោក កឹម សុខា ប្រធានអតីតគណបក្សនេះរងនូវបទចោទសន្ទិដ្ឋិភាពជាមួយបរទេស ហើយមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចំនួន១១៨ រូប ត្រូវបានហាមឃាត់មិនឱ្យចូលរួមសកម្មភាពនយោបាយអស់រយៈពេល ៥ឆ្នាំ។
*សំណុំរឿងលោក កឹម សុខា ដើរដល់ផ្លូវរងចាំសេចក្ដីសន្និដ្ឋាន បញ្ជាក់ពីភាពស្អាតស្អំ របស់លោក កឹម សុខា
ក្រោយពីបិទបញ្ចប់នីតិវិធីក្នុងការសួរដេញដោលទាំងស្រុង និងទុកពេលឲ្យមេធាវីទាំងសងខាងចំនួន២ខែ ដើម្បីរៀបចំធ្វើសេចក្តីសន្និដ្ឋានរៀងៗខ្លួនក្នុងសំណុំរឿងនេះ។ សម្រាប់ភាគីមេធាវីលោក កឹម សុខា បានបញ្ជាក់ថា ខ្លួនបានត្រៀមរួចរាល់ហើយសម្រាប់ធ្វើសេចក្ដីសន្និដ្ឋានដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក កឹម សុខា។ តាមរយៈសេចក្ដីសន្និដ្ឋានដើម្បីបង្ហាញពីភាពស្អាតស្អំនិងភាពត្រឹមត្រូវរបស់លោក កឹម សុខា តើនឹងអាចធ្វើឲ្យលោក កឹម សុខា រួចខ្លួនពីការចោទប្រកាន់ និងមានសិទ្ធិធ្វើនយោបាយឡើងវិញដែរឬទេ? លោកស្រី ម៉េង សុភារី សហមេធាវីការពារក្ដីលោក កឹម សុខាបានលើកឡើងថា ករណីនេះវាអាស្រ័យលើសេចក្ដីសម្រេចរបស់តុលាការ ប៉ុន្តែសម្រាប់មេធាវីលោក កឹម សុខា នៅតែអះអាងថា លោក កឹម សុខា មិនប្រព្រឹត្តខុសដូចការចោទប្រកាន់ឡើយ។ សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ចង់ផ្ដួលរលំរដ្ឋាភិបាល។ ការចោទប្រកាន់នេះ ក្រោយពីមានការបែកធ្លាយវីដេអូដែលលោកបាននិយាយនៅប្រទេសអូស្រ្តាលីប្រាប់អ្នកគាំទ្រនៅទីនោះថា ការធ្វើនយោបាយរបស់លោកកន្លងមកមានការចង្អុលបង្ហាញ និងបង្ហាត់បង្រៀនពីជនបរទេស ក្នុងនោះមានសហរដ្ឋអាមេរិកជាដើម។ តែការចោទប្រកាន់នេះ ត្រូវបានលោក កឹម សុខា បដិសេធច្រាលចោល និងស្នើឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់នេះផងដែរ។
*នៅក្នុងឆ្នាំ២០២២ យើងក៏មិនភ្លេចរំឮកពីលោក សម រង្ស៊ី ដែរ។ អ្នកនយោបាយប្រឆាំងរូបនេះត្រូវបានសម្ដេច ហ៊ុន សែន ចារថាជាត្រកូលក្បត់ជាតិ៣ជាន់។ សម្ដេច ហ៊ុន សែន បានប្រកាសជាសាធារណៈ ថាលោក សម រង្ស៉ី ជា «ត្រកូលក្បត់ជាតិបីជំនាន់» និងមានគម្រោងផ្តួលរំលំរដ្ឋាភិបាលជាថ្មីទៀត តាមរយៈការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធប្រឆាំងរដ្ឋាភិបាល។ ក្រោយការប្រកាសរបស់សម្ដេច ហ៊ុន សែន រឿងក្បត់ជាតិនោះ ក្រសួង-ស្ថាប័ន ព្រមទាំងគណៈសង្ឃនាយកផង ក៏បានចេញញត្តិថ្កោលលោក សម រង្ស៊ី ជាបន្តបន្ទាប់ ខណៈសង្គមស៊ីវិលចាត់ទុកការចេញញត្តិថ្កោលទោសនោះថា ជាការដើរផ្ទុយពីគោលការណ៍អព្យាក្រឹតរបស់មន្ត្រីរាជការ។
ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី២២ ខែតុលា លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកដោយលើកឡើងពីសេចក្តីកែតម្រូវ របស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាក្សត្រខ្មែរ កាលនៅមានព្រះជន្ម ពីទីក្រុងប៉េកាំង ក្នុងឆ្នាំ២០០៣។ លោកបន្តថា ពេលនោះព្រះអង្គបញ្ជាក់ថា ឪពុករបស់លោកគឺ លោក សម សារី ជាអ្នកស្នេហាជាតិដ៏ឧត្តម និងបរិសុទ្ធ ដែលបានធ្វើការ មួយព្រះអង្គដើម្បីបម្រើមាតុភូមិយ៉ាងឧត្តុង្គឧត្តម ក្នុងឆ្នាំដ៏សំខាន់បំផុតនៃរាជកាលទីមួយរបស់ព្រះអង្គ និងនៅពេលចាប់ផ្តើមសម័យសង្គមរាស្ត្រនិយម។
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២កន្លងមក ប្រធានគណបក្សកាន់អំណាច សម្ដេច ហ៊ុន សែន ក៏បានប្រកាសជាសាធារណៈដោយដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីតាមកម្ទេចអ្នកដែលលោកហៅថា ជាក្រុមប្រឆាំងនៅតាមមូលដ្ឋាន ហើយគាំទ្រអង្គការចាត់តាំងដឹកនាំដោយលោក សម រង្ស៊ី។
*គណបក្សភ្លើងទៀន ត្រូវចេញមកអះអាងពីភាពស្អាតស្អំរបស់ខ្លួន បើពុំដូច្នោះទេគណបក្សនេះ នឹងមានវាសនាមិនល្អ។
ក្នុងពិធីប្រគល់ស្រូវពូជជូនកសិករដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា អ្នកទាំងឡាយណាដែលបានផ្សារភ្ជាប់ជាមួយនឹងគណបក្សដឹកនាំដោយលោក សម រង្ស៊ី នោះ ត្រូវឆាប់ផ្ដាច់ខ្លួនចេញ បើមិនដូច្នេះទេ លោកព្រមានថា នឹងចាត់វិធានការលើពួកគេតែម្តង។ សម្ដេច ហ៊ុន សែន ស្នើឲ្យមេដឹកនាំគណបក្សភ្លើងទៀន៣រូបចេញមកបញ្ជាក់លើការថ្លែងរបស់លោក សម រង្ស៊ី លើព្រះមហាក្សត្រ។ ១ថ្ងៃក្រោយមានការអំពាវនាវពីសម្ដេច ហ៊ុន សែន គណបក្សភ្លើងទៀន បានចេញមកបំភ្លឺថា គណបក្សប្រកាសបដិសេធចំពោះការចោទប្រកាន់នានាអំពីទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី ដែលជាប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងមានទោសជាប់ខ្លួន។
តាមរយៈសេចក្តីថ្លែងការណ៍១ទំព័ររបស់ខ្លួន គណបក្សភ្លើងទៀន បានរំលេចជំហរសំខាន់ៗចំនួន៤ចំណុច គឺគណបក្សភ្លើងទៀនគោរពព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់នៃអង្គព្រះមហាក្សត្រ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងថ្កោលទោសបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពានដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
ប៉ុន្មានម៉ោង ក្រោយការចេញសេចក្តីថ្លែងការណ៍របស់គណបក្សភ្លើងទៀន សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនដោយសូមកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ្នកទាំងឡាយណាដែលមានចេតនាប្រមាថព្រះមហាក្សត្រតាមការស្នើរសុំ។
*សម្ដេច ហ៊ុន សែន ប្រើយុទ្ធសាស្ត្រ IF(ឯកោ និងបញ្ចប់) ដើម្បីកំទេចលោក សម រង្ស៊ី
សម្ដេចបញ្ជាក់ថា លោកនឹងមិនលើកលែងដល់លោក សម រង្ស៊ី ដែលលោកឲ្យឈ្មោះថា ជាក្រុមជ្រុលនិយមជាដាច់ខាត។ សម្ដេចថា យុទ្ធសាស្ត្រ DIFID កំទេចខ្មែរក្រហមតែកំទេចក្រុមជ្រុលនិយមលោក សម រង្ស៊ី លោកប្រើត្រឹមតែ២អក្សរប៉ុណ្ណោះគឺ(IF)។ ការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រីដូច្នេះ ធ្វើឡើងបន្ទាប់ពីលោកធ្វើដំណើរទៅជួបមន្ត្រីរៀបចំចុះឈ្មោះបោះឆ្នោតនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្តូរកាលបរិច្ឆេទក្នុងបញ្ជីឈ្មោះបោះឆ្នោតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ។
សូមបញ្ជាក់ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលនេះ ស្របពេលដែលលោក សម រង្ស៊ី កំពុងបង្កើនការវាយប្រហារកាន់តែខ្លាំងទៅលើលោក ហ៊ុន សែន តាមបណ្តាញសង្គមហ្វេសប៊ុក។ ទោះយ៉ាងណា សម្ដេច ហ៊ុន សែន ថ្លែងបញ្ជាក់ថា យុទ្ធសាស្ត្រ IF នឹងមិនតម្រូវឲ្យប្រើប្រាស់ពេលវេលាវែងដូចយុទ្ធសាស្ត្រ DIFIDនោះទេ ដោយសារកត្តាអាយុ ពោលគឺសម្ដេចហ៊ុន សែន គិតថា លោក សម រង្ស៊ី មិនអាចមានអាយុដល់១០០ឆ្នាំនោះទេ ហើយមួយទៀតសកម្មភាពការងារក៏កាន់តែថមថយទៅតាមវ័យដែរ។ សូមបញ្ជាក់ដែរថា លោក សម រង្ស៊ី ត្រូវបានតុលាការក្រុងភ្នំពេញបន្ថែមការផ្តន្ទាទោស ឱ្យជាប់ពន្ធនាគារអស់និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមបទចោទ«ប៉ុនប៉ងប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិមួយផ្នែក»។
*ទាក់ទងរឿងរ៉ាវនយោបាយដែរ គឺបណ្ឌិតកសិកម្មម្នាក់ ប្រើជីវិតចុងក្រោយ ងាកមកចូលរួមជីវិតនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ និងអ្នកនាំពាក្យគណបក្សនេះ គឺ លោក ឡឹក សុធារ បានចុះចូលជាមួយគណបក្សកាន់អំណាចនិងស្នើសុំបម្រើការងារជាមួយរាជរដ្ឋាភិបាល ដោយថា ដើម្បីមានឱកាសចូលរួមអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា។
ក្នុងលិខិតពីរដាច់ដោយឡែកពីគ្នាចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលលោបណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់ថា ជាលិខិតរបស់ពួកលោកនោះ បានស្នើទៅប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ដើម្បីចូលរួមជីវភាពនយោបាយជាមួយគណបក្សកំពុងគ្រប់គ្រងអំណាចមួយនេះ។
ទាំងលិខិតរបស់បណ្ឌិត យ៉ង សាំងកុមារ និងលិខិតរបស់អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ឡឹក សុធារ បានបញ្ជាក់ពីមូលហេតុនៃការចុះចូលនេះថា ដោយសារពេញចិត្តនឹងគោលនយោបាយលើវិស័យកសិកម្ម ដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីពេលថ្មីៗនេះ។
លិខិតក្នុងនោះលើកឡើងថា មានគោលនយោបាយលើកកម្ពស់ជីវភាពកសិករប្រកបដោយវិធានការជាក់ស្តែង ដូចជាគោលនយោបាយផលិតពូជស្រូវសម្រាប់លក់ចែកជូនប្រជាពលរដ្ឋក្នុងតម្លៃសមរម្យ គោលនយោបាយបាយកាត់បន្ថយថ្លៃដើមផលិត គោលនយោបាយបង្កើនទុនដល់ធានាគារអភិវឌ្ឍកសិកម្ម និងជនបទ ព្រមទាំងគោលនយោបាយដោះស្រាយបញ្ហាទីផ្សារកសិផលជាដើម។
ប្រធានគណៈកម្មាធិការនាយកគណបក្សប្រជាធិបតេយ្យមូលដ្ឋានលោកបណ្ឌិត យ៉ង សាំងកុមារ មានប្រសាសន៍ថា ថ្មីៗនេះមានករណីផ្ទុះឡើងនូវវិបត្តិទីផ្សារកសិកម្ម ពិសេសស្រូវកសិករដែលលក់បានតម្លៃថោក ហើយខាងគណបក្សក៏បានដាក់លិខិតជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដើម្បីជជែកពិភាក្សាអំពីយន្តការនៃការដោះស្រាយវិបត្តិកសិកម្ម ឬវិបត្តិទីផ្សារជូនកសិករ។ ក្រៅពីនេះ លោកក៏បានជួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីក្រៅផ្លូវការបន្ថែមទៀត ដើម្បីពិភាក្សាអំពីបញ្ហានេះ តែជាការឆ្លើយតប ការចូលរួមជាមួយរាជរដ្ឋាភិបាលដោះស្រាយបញ្ហានេះបាន គឺទាល់តែពួកលោកចូលរួមជីវភាពជាមួយគណបក្សកាន់អំណាចជាមុន។ សំណើនេះ លោកក៏បានយល់ព្រម តែស្នើសុំជួបលោកនាយករដ្ឋមន្ត្រីផ្ទាល់ជាមុនសិន ប៉ុន្តែលិខិតដែលត្រៀមនេះត្រូវបានចេញផ្សាយមុនការសម្រេចទៅវិញ។
លោក យ៉ង សាំងកុមារ ក្នុងមុខតំណែងខ្ពស់មិននឹកស្មាន…?
ព្រះករុណា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងបណ្ឌិត យ៉ង សាំងកុមារជា «រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី» និងជា «រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាណ និងនេសាទ»។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ រីឯ លោក ឡឹក សុធារ តែងតាំងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
*អំពីវិស័យកសិកម្មដែរ គឺក្នុងឆ្នាំ២០២២ រដ្ឋាភិបាលមមាញឹកចុះចែកពូជស្រូវ នៅតំបន់គោលនិងតំបន់រាយរងមន្ត្រីបន្តចុះចែក។
កាលពីអំឡុងខែតុលាឆ្នាំ២០២២ សម្ដេច ហ៊ុន សែន ប្រើពេល១សប្ដាហ៍ចុះចែកពូជស្រូវនៅក្នុងខេត្តគោលដៅតចំនួន ៦ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។ ខេត្តទាំងនោះរួមមាន ខេត្តបន្ទាយមានជ័យ មានជាង ៥ ០០០ គ្រួសារ បាត់ដំបងជាង ១ ម៉ឺនគ្រួសារ ពោធិ៍សាត់ជាង ៥ ពាន់គ្រួសារ កំពង់ឆ្នាំងជាង ៣ ០០០ គ្រួសារ កំពង់ធំជិត ៧ ០០០ គ្រួសារ និងព្រៃវែងជាង ៦ ០០០ គ្រួសារ។ ខេត្តដំបូងដែលលោកចាប់ផ្តើមបេសកកម្ម គឺខេត្តសៀមរាប តែបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣ ២០០ គ្រួសារបន្ថែមទៀត ដែលជាអ្នកស្ម័គ្រចិត្តរើលំនៅឋាន ចេញពីរមណីយដ្ឋានអង្គរ ទៅរស់នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប នៅមុនធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យដើម្បីចាប់ផ្តើមចែកស្រូវពូជ និងអំណាយផ្សេងៗដល់កសិករ។
សកម្មភាពនេះកើតមានបន្ទាប់ពីការតែតាំងរដ្ឋមន្ត្រីក្រសួងកសិកម្មនិងរុក្ខាប្រមាញ់ថ្មី។ ក្រោយទទួលបានដំណែង ជារដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារបន្ថែមជូនកសិករឱ្យកាន់តែច្រើនបន្ថែមទៀត។ ការតាំងចិត្តបែបនេះ នឹងផ្ដល់ទំនុកចិត្តដល់កសិករកាន់តែខ្លាំង ស្របពេលវិស័យមួយនេះកំពុងជួបបញ្ហា។
ដោយឡែក ក្រសួងយុត្តិធម៌អាមេរិក បានចាប់ខ្លួនមន្ត្រីកសិកម្មមួយរូប កាលពីថ្ងៃទី១៦វិច្ឆិកាឆ្នាំ២០២២ ក្នុងបទល្មើសជួញដូរសត្វព្រៃ។ មានភស្តុតាងដាក់បន្ទុកចំនួន៣១ ដូចយ៉ាងប្រតិបត្តិការហិរញ្ញវត្ថុ និងការដឹកជញ្ជូនសត្វស្វារាប់រយក្បាលក្រោមឯកសារក្លែងបន្លំ ទៅកាន់រដ្ឋផ្លរីដា និងរដ្ឋតិចសាស់ ប្រទេសអាមេរិក និងទៅកាន់ក្រុមហ៊ុនឯកជនស្រាវជ្រាវផ្នែកជីវសាស្ត្រឈ្មោះ «Vanny Bio Research» របស់ជនជាតិហុងកុង ក្នុងខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ក្រសួងយុត្តិធម៌អាមេរិក។ បើតាមសេចក្តីប្រកាស តុលាការកំពុងដំណើរការក្តីរត់ពន្ធសត្វស្វាក្តាមខុសច្បាប់ជាចង្កោមនេះ លើជនជាប់ចោទសរុបចំនួន ៨នាក់ ដែលក្នុងនោះមាន២នាក់ជាមន្ត្រីកម្ពុជា និង៦នាក់ទៀតជាម្ចាស់និងបុគ្គលិកជាន់ខ្ពស់របស់ «Vanny Bio Research» ដែលជាស្ថាប័ននាំចេញឬផ្គត់ផ្គង់ថនិកសត្វផ្តាច់មុខសម្រាប់ការស្រាវជ្រាវផ្នែកជីវសាស្ត្រ។
ភ្លាមៗក្រោយមានការឃាត់ខ្លួនមន្ត្រីរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្ម ក៏បានសម្តែងនូវការហួសចិត្ត ដោយក្រសួងពន្យល់ថា លោក គ្រី ម៉ះផល ធ្វើដំណើរទៅចូលរួមកិច្ចប្រជុំផ្លូវការ ដើម្បីការពារសត្វ និងរុក្ខាជាតិជិតផុតពូជនៅឯវេទិកាអង្គការសហប្រជាជាតិ និងខណៈពេលដែលកម្ពុជានិងអាមេរិកកំពុងមានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ។ បន្ថែមពីនេះ លោក ឌិត ទីណា ដែលជារដ្ឋមន្ត្រី អះអាងថា រយៈពេល៣ឆ្នាំចុងក្រោយ កម្ពុជាបាននាំចេញស្វាចំនួន ៦៨,០៧៦ក្បាល ស្របតាមអនុសញ្ញាស្តីពីការហាមប្រាមការធ្វើពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វ និងរុក្ខជាតិព្រៃដែលប្រឈមនឹងការជិតផុតពូជ ហៅកាត់ថា សាយតេស (CITES)។ បើតាមលោករដ្ឋមន្ត្រី ស្វាដែលអាមេរិកយល់ថាជាសត្វកម្រនោះ គឺគេស្គាល់យ៉ាងទូលំទូលាយសម្រាប់ប្រជាជនកម្ពុជាថាជាស្វាវត្តភ្នំ ហើយសម្បីតែស្វាវត្តភ្នំ ក៏មិនត្រូវបាននាំចេញដែរ។
លោកអ្នកអាន! ព្រឹត្តការណ៍ប្រចាំឆ្នាំមួយដែលមិនត្រូវមើលរំលងការជួបជុំប្រមូលផ្ដុំក្រោមហេតុផលជំនឿក្នុងដីចម្ការលោក ខឹម វាសនា នៅសៀម(សុំប្រើរូបខឹម វាសនា អំឡុងពេលជួបជុំក្នុងដីចម្ការ)
កាលពីថ្ងៃទី២៥ ខែសីហា លោក ខឹម វាសនា បានអំពាវនាវនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកថា នៅថ្ងៃទី៣០ ខែសីហា គឺជាថ្ងៃដែលពិភពលោកនឹងត្រូវលិចលង់ដោយទឹកជំនន់ សូម្បីតែរាជធានីភ្នំពេញ ក៏មិនអាចនឹងទប់ទល់ចំពោះគ្រោះធម្មជាតិនេះបានដែរ។ លោកអះអាងថា ទីតាំងដែលអាចជួយសង្រ្គោះជីវិតមនុស្សបាន គឺមានតែនៅចម្ការម្រេចរបស់លោក ដែលស្ថិតក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប តែមួយគត់។ លោកបន្តថា ការអះអាងដូច្នេះ ដោយសារលោកគឺជាព្រហ្មចុះមករក្សាលោក ហើយលោកដឹងពិតថា វានឹងមានព្រឹត្តិការណ៍ដ៏អាក្រក់នេះកើតឡើងចំពោះពិភពលោកមួយនេះ។
ក្រោយការអំពាវនាវនេះ បើតាមសេចក្តីរាយការណ៍នានាពីសារព័ត៌មានក្នុងស្រុកដែលដកស្រង់សម្ដីពីអាជ្ញាធរ ឱ្យដឹងថា អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានទៅស្នាក់នៅដីចម្ការម្រេចរបស់លោក ខឹម វាសនា មានប្រមាណជិត២ម៉ឺននាក់។
ជុំវិញស្ថានការណ៍នេះកាលពីលើកទី១នៅក្នុងវេទិកាសាធារណៈ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនចាត់វិធានការលើលោក ខឹម វាសនា ឬប្រើប្រាស់កម្លាំងក្នុងការបង្ក្រាបណាមួយទៅលើការប្រមូលផ្ដុំពលរដ្ឋដែលជាអ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅតំបន់ភ្នំគូលេន ខេត្តសៀមរាប នោះទេ ដោយបារម្ភខ្លាចចូលអន្ទាក់ បើទោះបីសម្ដេចរងការជេរប្រមាថពីសំណាក់លោក ខឹម វាសនា ក៏ដោយ។
សម្ដេចបន្តថា គោលបំណងរបស់លោក ខឹម វាសនា គឺចង់ឱ្យរដ្ឋាភិបាលប្រើប្រាស់កម្លាំងបំបែកកន្លែងជួបជុំ ប៉ុន្តែរឿងនេះ លោកមិនចូលអន្ទាក់លោក ខឹម វាសនា ឡើយ ទើបលោកបញ្ជាទៅកម្លាំងសមត្ថកិច្ចឱ្យនៅស្ងៀមស្ងាត់ កុំតបត ឬមានវិធានការណាមួយទៅលើក្រុមលោក ខឹម វាសនា ទោះបីជាសម្ដេត្រូវទទួលរងការជេរប្រមាថ និងត្រូវបានក្រុមប្រឆាំងមួយចំនួនចោទរូបលោកថា បង្កើតព្រឹត្តិការណ៍ដើម្បីលុបបំបាត់រឿងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ទៅវៀតណាម និងករណីភ្នំតាម៉ៅ ជាដើម។
លើកទី២នៅក្នុងវេទិកាសាធារណៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ លោក ខឹម វាសនា និងអ្នកគាំទ្រ ឱ្យចេញបកស្រាយចំពោះការញុះញង់ និងបំភ្លៃថា សម្តេចនៅពីក្រោយព្រឹត្តិការណ៍ជួបជុំ ឯជើងភ្នំគូលែន ដើម្បីបង្វែចេញពីព្រឹត្តិការណ៍ផ្សេងទៀត។
*ព្រឹត្តការណ៍កីឡាជាតិ ដែលខកខានប្រារព្ធពីរឆ្នាំ ដោយសារកូវីដបានវិលវិញជាថ្មី នៅឆ្នាំ២០២២
ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ មានប្រភេទកីឡាចំនួន ៣៨ និងមានអត្តពលិក ចូលរួមប្រមាណជិត ៣ពាន់នាក់ មកពីគ្រប់រាជធានីខេត្ត ទូទាំងប្រទេសកម្ពុជា បូករួម ជាមួយក្រសួងចំនួន ៣ទៀត គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គិតត្រឹមព្រឹកថ្ងៃទី ៣០ខែវិច្ឆិកានេះ ក្រុមកីឡារបស់ក្រសួងមហាផ្ទៃ ទទួលបានមេដាយមាសច្រើនជាងគេ ពោលគឺ ៨៧មេដាយ ខណៈក្រសួងការពារជាតិ ទទួលបាន ៤០មេដាយមាស ក្រសួងសេដ្ឋកិច្ច ទទួលបាន ២៨មេដាយមាស។ ហើយខេត្តដែលទទួលបានមេដាយមាសច្រើនជាងគេ គឺខេត្តកណ្តាល បាន ២២មេដាយ ព្រៃវែង ១៥មេដាយមាស និងសៀមរាប ១៣មេដាយមាស រួមទាំងផ្សេងៗទៀត។ តែខេត្តដែលមិនទាន់ទទួលបានមេដាយមាសសោះ រួមមាន ខេត្តបន្ទាយមានជ័យ កំពង់ធំ ឧត្តរមានជ័យ និងមណ្ឌលគិរី។ ថ្លែងក្នុងកម្មវិធីបិទការប្រកួតកីឡាជាតិលើកទី៣និងកីឡាជនពិការលើកទី១ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងថា ការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ ប្រព្រឹត្តិទៅដោយរលូន ហើយជាបទពិសោធន៍សម្រាប់កីឡាករត្រៀមខ្លួនចូលប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ខាងមុខ។ តាមរយៈព្រឹត្តការណ៍លោក ថោង ខុន រំពឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិចន្លោះពី២៥ទៅ៥០ម៉ឺននាក់។
*ព្រឹត្តការណ៍ប្រចាំឆ្នាំ២០២២ ផ្នែកវប្បធម៌ដែលគ្រប់គ្នាទះដៃសាទរ គឺគុនល្បុក្កតោខ្មែរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក(សុំប្រើរូបភាពគុនល្បុក្កតោ)
ការសម្រេចចុះបញ្ជីក្បាច់«គុនល្បុក្កតោ»ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក ត្រូវបានក្រសួងវប្បធម៌ចាត់ទុកថា ជាជោគជ័យមួយ និងជាមោទកភាពជាតិថ្មីមួយទៀត។ នេះក៏ព្រោះតែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកម្ពុជា បានប្រឹងប្រែងស្នើសុំដាក់បញ្ចូល«គុនល្បុក្កតោ» ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការ(UNESCO)។
នៅអំឡុងឆ្នាំ២០០៨ កម្ពុជាបានរៀបចំឯកសារ ដើម្បីស្នើសុំដាក់បញ្ជូល «គុនល្បុក្កតោ» ជាសម្បត្តិបេតិកភណ្ឌ នៃអង្គការយូណេស្កូ តាមទម្រង់កិច្ចការពារបន្ទាន់ ប៉ុន្តែនៅឆ្នាំ២០១៧ កម្ពុជាបានប្តូរ ការស្នើសុំពីទម្រង់កិច្ចការពារបន្ទាន់ មកជាការដាក់ក្នុងបញ្ជីតំណាងរបស់សម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិវិញ។
តាមរយៈភ័ស្តុតាងប្រវត្តិសាស្ត្រ គុនល្បុក្កតោ បានឆ្លាក់នៅលើជញ្ចាំងប្រាសាទ ដំបូងគេបំផុត នៅក្នុងសតវត្សរ៍ទី៧ នៃប្រាសាទសំបូរព្រៃគុក និងបន្តបន្ទាប់មក នៅក្នុងសម័យអង្គរ អំឡុងសតវត្សរ៍ទី១១ ដោយចលនានៃក្បាច់គុនល្បុក្កតោ ជាច្រើន ត្រូវបានឆ្លាក់នៅតាមជញ្ជាំងប្រាសាទនានា ជាពិសេស នៅប្រាសាទអង្គវត្ត។
យ៉ាងណាក៏ដោយ នៅក្នុងសម័យប៉ុលពត «គុនល្បុក្កតោ» ស្ទើរតែបាត់បង់ ប៉ុន្តែ ក្រោយឆ្នាំ ១៩៧៩ គ្រូគុន និងអ្នកហាត់គុន មួយចំនួន ដែលបានរស់រានមានជីវិត បានចាប់ផ្តើមប្រមូលផ្តុំគ្នា ចងក្រងជាក្រុមៗ ដើម្បីរួមគ្នាអភិរក្ស និងអភិវឌ្ឍគុនល្បុក្កតោ ឡើងវិញ។ នៅឆ្នាំ ២០០៤ កម្ពុជា បានសម្រេចបង្កើតជាសហព័ន្ធកីឡាគុនល្បុក្កតោ ដើម្បីបំពេញកិច្ចការងារ ក្នុងការប្រមូលគ្រូគុនល្បុក្កតោ និងរៀបចំចងក្រងឯកសារ និងការប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់របស់គុនល្បុក្កតោ នៅតាមសហគមន៍ឡើងវិញ៕
បើតាមក្រសួងវប្បធម៌ ការចុះបញ្ជីក្បាច់«គុនល្បុក្កតោ»ខ្មែរទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌពិភពលោក មិនត្រឹមតែជួយឲ្យព្រលឹងជាតិខ្មែរល្បីរន្ទឺរនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ តែថែមទាំងជួយដល់សេដ្ឋកិច្ចសង្គមទៀតផង។
*ការទាញសញ្ញាអាសន្ន នៃកំណើនសេដ្ឋកិច្ចកម្ពុជា ពីសំណាក់ធនាគារពិភពលោក
កុំភ្លេចថា កម្ពុជាក៏ប្រឈមនឹងវិបត្តិអតិផរណាដែលបណ្ដាលមកពីវិបត្តិសង្គ្រាមរវាងអ៊ុយក្រែននិងរុស្ស៊ីនិងវិបត្តិកូវីដ១៩។ យោងតាមរបាយការណ៍មួយចេញផ្សាយដោយធនាគារពិភពលោក (World Bank) កាលពីថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា កន្លងទៅ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២០ ប្រជាជនកម្ពុជាប្រមាណ ៤៦ម៉ឺននាក់ បានធ្លាក់ទៅក្រោមបន្ទាត់នៃភាពក្រីក្រវិញ ដោយសារតែការរាតត្បាតជំងឺកូវីដ-១៩ ដែលក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់បន្ទាត់ភាពក្រីក្រអប្បបរមាជាតិដែលមានចំណូលចំនួន១០ ៩៥១រៀល ក្នុងមនុស្សម្នាក់ ក្នុងមួយថ្ងៃ ខណៈគ្រួសារមួយចំនួនក៏ត្រូវកាត់បន្ថយការចំណាយលើអាហារផងដែរ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់កម្ពុជានៅកម្រិត៥.៣% ក្នុងឆ្នាំ២០២២ បន្ទាប់ការព្យាករឆ្នាំ២០២៣ មកនៅត្រឹម៦.២% ពី៦.៥% ដោយសារការចុះខ្សោយ នៃកំណើនសេដ្ឋកិច្ចពិភពលោក។ ការនាំចេញផលិតផលសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើងរបស់កម្ពុជា នៅតែរឹងមាំ ជាមួយកំណើន ៣៩.៨% ក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បើទោះបីជាមានការថយចុះនៃ កំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិក និង អឺរ៉ុបក៏ដោយ។ វិស័យកម្មន្តសាលមិនមែនកាត់ដេរ បានបន្តសន្ទុះកំណើនដ៏រឹងមាំ។ វិស័យសំណង់បានងើបឡើងវិញជាបណ្តើរៗ ជាមួយការនាំចូលសម្ភារសំណង់កើនឡើង ២២.៨%។ វិស័យឧស្សាហកម្ម ត្រូវបានព្យាករថា នឹងកើនឡើង ៩.១% នៅឆ្នាំនេះ មុនពេលថយមកត្រឹម ៨.៦% នៅឆ្នាំ ២០២៣ ដោយសារការចុះខ្សោយនៃតម្រូវការ ក្រៅស្រុក។
ដោយឡែក! ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្ដល់កម្ចីជាទឹកប្រាក់ចំនួន៥០លានដុល្លារ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចសម្រាប់ជំរុញសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត និងគាំទ្រដល់ការស្ដារសេដ្ឋកិច្ចក្រោយកូវីដ-១៩។ តាមរយៈសេចក្ដីប្រកាសព័ត៌មានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី៦ខែធ្នូឆ្នាំ២០២២ថា ការផ្ដល់កញ្ចប់ថវិកានេះដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩របស់កម្ពុជា តាមរយៈការជួយដល់កំណែទម្រង់របស់រាជរដ្ឋាភិបាល។
*ច្បាប់ថវិកាជាតិឆ្នាំ២០២៣
នៅឆ្នាំ ២០២៣ខាងមុខ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាជាង ៩ពាន់លានដុល្លារ កើនឡើង១៣ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមខ្លឹមសារសង្ខេបប្រតិបត្តិ ស្ដីពី សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ ច្បាប់ថវិកាឆ្នាំ ២០២៣ ត្រូវបានគិតគូរ និងរៀបចំឡើងក្នុងបរិការណ៍ នៃការបន្តស្ដារ និងជំរុញសេដ្ឋកិច្ចឲ្យស្ថិតនៅលើគន្លងនៃកំណើនខ្ពស់ និងរស់រវើកឡើងវិញ តាមគន្លងប្រក្រតីថ្មីក្នុងការរស់នៅជាមួយនឹងជំងឺកូវីដ-១៩ ព្រមទាំងការបន្តរក្សាលំនឹងជីវភាពរស់នៅរបស់ប្រជាជន និងលំនឹងនៃសង្គម-សេដ្ឋកិច្ច ក៏ដូចជាសម្រេចឲ្យបាននូវគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ក្រសួងអប់រំ សុខាភិបាល និងការពារជាតិ មានទំហំចំណាយថវិកាច្រើនជាងគេ សម្រាប់ឆ្នាំ២០២៣។ ទំហំចំណាយថវិកាសរុបរបស់ក្រសួង-ស្ថាប័ន សម្រាប់ឆ្នាំ២០២៣ បង្ហាញថា ក្រសួងអប់រំ យុវជន និងកីឡា គ្រោងចំនួន ៣ ៧៣០ ១៥៧លានរៀល ស្មើជាង ៩០០លានដុល្លារ។ ក្រសួងសុខាភិបាល ២ ៨៨០ ៥៧៥លានរៀល ស្មើជាង ៦៩៥លានដុល្លារ។ ក្រសួងការពារជាតិ ចំនួន ២ ៧៤៥ ៥៧៥លានរៀល ស្មើជាង ៦៦៣លានដុល្លារ៕
*កម្ពុជា យកបានភាពត្រឹមត្រូវរបស់ខ្លួន ត្រឡប់មកវិញលើវិស័យស្រូវអង្ករ
កម្ពុជាឈ្នះក្តីលើបណ្តឹងតវ៉ា ចំពោះសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុប ដែលដកហូតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជាទៅអឺរ៉ុប។ សហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ឲ្យដឹងថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា បានឈ្នះក្តីក្នុងសំណុំរឿងលេខT-269/19 ដែលគណៈកម្មការអឺរ៉ុប បានដាក់វិធានការរឹតត្បិតការអនុគ្រោះពន្ធ សម្រាប់ការនាំចូលអង្ករពីកម្ពុជា ទៅកាន់សហភាពអឺរ៉ុប តាមបទប្បញ្ញត្តិអនុវត្តលេខ2019/76 ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ (“បទប្បញ្ញត្តិអនុវត្ត”)។
សំណុំរឿងនេះ ត្រូវបានប្តឹងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ទៅកាន់តុលាការនៃសហភាពអឺរ៉ុប ដោយសហព័ន្ធស្រូវអង្ករកម្ពុជាដែលដឹកនាំដោយលោក សុខ ពុទ្ធិវុធ ជាមួយនឹងមេធាវីអន្តរជាតិ ក្នុងគោលបំណងរកយុត្តិធម៌ សម្រាប់ការនាំចេញអង្ករកម្ពុជា ទៅកាន់សហភាពអឺរ៉ុប ជាពិសេសអង្ករគ្រាប់វែង ដែលគណៈកម្មការអឺរ៉ុបបានដាក់ពន្ធពីលើ។
សាលក្រមចុះថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ របស់សាលាដំបូង (The General Court) នៃសហភាពអឺរ៉ុបបញ្ជាក់ថា ការដាក់ពន្ធរបស់គណៈកម្មការអឺរ៉ុប មកលើអង្ករគ្រាប់វែងរបស់កម្ពុជា នៅទីផ្សារសហភាពអឺរ៉ុប គឺជាវិធានការខុសច្បាប់ និងមិនមានភស្តុតាងគ្រប់គ្រាន់។
ជោគជ័យនៃការឈ្នះក្តីនេះ គឺជាការឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវ នៃការអភិវឌ្ឍវិស័យស្រូវអង្ករកម្ពុជា ក្រោមគោលនយោបាយអភិវឌ្ឍន៍ច្បាស់លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
សហភាពអឺរ៉ុប បានសម្រេចយកពន្ធអង្ករដែលនាំចូលពីប្រទេសកម្ពុជា សម្រាប់រយៈពេល៣ឆ្នាំ ដោយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩តទៅ ដោយឆ្នាំដំបូង ឆ្នាំ២០១៩ តម្លៃពន្ធមានចំនួន១៧៥អឺរ៉ូ (ប្រហែល២០០ដុល្លារ) ក្នុង១តោន, ឆ្នាំទី២ គឺឆ្នាំ២០២០ តម្លៃ១៥០អឺរ៉ូ (ប្រហែល១៧០ដុល្លារ) ក្នុង១តោន និងឆ្នាំទី៣ ឆ្នាំ២០២១ តម្លៃ១២៥អឺរ៉ូ (ប្រហែល១៤២ដុល្លារ) ក្នុង១តោន។ ការសម្រេចយកពន្ធនេះ ធ្វើឡើងបន្ទាប់ពីមានការតវ៉ាពីសំណាក់ប្រទេសអ៉ីតាលី និងប្រទេសអេស្ប៉ាញ ដែលជាប្រទេសនាំចេញអង្ករទៅកាន់អឺរ៉ុប។
*មោទភាពសម្រាប់ប្រជាជនកម្ពុជាបន្ទាប់អង្ករផ្ការំដួលជាប់ជា អង្ករល្អដាច់គេ ក្នុងវេទិកាស្រូវអង្ករពិភពលោក។
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២បានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់លោក ដោយសាទរចំពោះអង្ករកម្ពុជាពូជ «ផ្ការំដួល» ដែលទទួលជ័យលាភីលេខ ១ សម្រាប់ឆ្នាំ២០២២។ កន្លងមក អង្ករកម្ពុជា ធ្លាប់ឈ្នះពានអង្ករល្អជាងគេបំផុតក្នុងពិភពលោក ចំនួន៤លើករួចមកហើយ ដោយឈ្នះ ៣ឆ្នាំជាប់ៗគ្នា គឺឆ្នាំ២០១២, ២០១៣ និង២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៨ នៅប្រទេសវៀតណាម។ ក្រៅពីនោះ អង្ករកម្ពុជា ក៏ធ្លាប់ទទួលបានលេខ២ ក្នុងឆ្នាំ២០១៥, ២០១៦ និងឆ្នាំ ២០១៧។
ក្រសួងកសិកម្មបានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិ ចំនួន៥០៩ ២៤៩តោន កើនឡើង៤៩ ០៨០តោន ស្មើ១០,៦៧ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ដែលមាន៤៦០ ១៦៩តោន។ រីឯខែតុលា ឆ្នាំ២០២២ ការនាំចេញមានចំនួន៥៩ ៨៨៨ តោន កើន១០ ៤១៧តោន ស្មើ២១,០៦ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០២១។ ប្រភពដដែលបន្តថា ទឹកប្រាក់បានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ ឆ្នាំ២០២២ មាន៤៣៥ ៤០៧ ៨៩៥ដុល្លារ កើនឡើង១០,៧៩ភាគរយ ពីចំនួន៣៩២ ៩៨៤ ៣២៦ដុល្លារ ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
*ក្នុងឆ្នាំ២០២២ ព្រឹត្តការណ៍សង្គមមួយ ដែលគេមិនអាចមើលរំលងបាន គឺយុទ្ធនាការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។
ក្រោយមានបទបញ្ជា ពីសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាម អភិបាលរាជធានី-ខេត្ត ទូទាំងប្រទេស មិនបង្អង់យូរឡើយដោយចាប់ផ្តើមបើកកិច្ចប្រជុំបន្ទាន់ ជាមួយអាជ្ញាធរ ពាក់ព័ន្ធ ដើម្បីចាត់វិធានការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទដែលពួកគេធ្លាប់មើលរំលង។ ប្រតិបត្តិការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គគ្រឹកគគ្រេងនេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគំរាមដកដំណែងអភិបាលខេត្ត ក្រុង ស្រុក ខ័ណ្ឌ និងថ្នាក់ដឹកនាំមានសមត្ថកិច្ចចេញពីដំណែង ប្រសិនបើរកឃើញថា ពួកគេ មិនទទួលខុសត្រូវលើតួនាទី លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ឱ្យអស់ពីដែនសមត្ថកិច្ចរបស់ខ្លួន។
សម្ដេចសង្កត់ធ្ងន់ថា «កន្លែងលេងល្បែងមួយចំនួន មិនមែនមន្ត្រីមូលដ្ឋានមិនដឹងនោះទេ។ ទាំងកម្លាំងនគរបាល ឬអាវុធហត្ថ ឬមន្ត្រីរដ្ឋបាលរបស់យើង ក៏ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អស់លោកមានឆន្ទៈធ្វើឬមិនធ្វើ ឬក៏កន្លែងនោះ ជាទីកន្លែងនៃការរកប្រាក់របស់អស់លោក»។
សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងបន្ថែមថា ល្បែងស៊ីសងខុសច្បាប់ ជាមេរោគមហារីក នៃសង្គមរបស់កម្ពុជា បើមិនដោះស្រាយ នឹងធ្វើឲ្យបញ្ហាសង្គមកាន់តែស្មុគស្មាញបំផុត ដូច្នេះសមត្ថកិច្ចត្រូវបន្ដបង្ក្រាបឲ្យទាន់ពេលវេលា។
*សំណុំរឿង ខៀវ សំផន ដែលគ្រប់គ្នាត្រូវតែដឹង!
នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២២ តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានប្រកាសសាលដីកាតម្កល់សាលក្រមសាលាដំបូង ផ្ដន្ទាទោសអតីតប្រមុខរដ្ឋរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិត។ លោក ខៀវ សំផន គឺជាជនជាប់ចោទចុងក្រោយគេ ក្នុងសំណុំរឿង ០០២ វគ្គ២ ដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់។
លោក ខៀវ សំផន មានវ័យ ៩២ ឆ្នាំ។ តុលាការនេះ បានប្រកាសសាលាដីកាជុំវិញបណ្តឹងសារទុក្ខអតីតប្រមុខរដ្ឋ នៃរបបកម្ពុជាប្រជាធិបតេយ្យ លោក ខៀវ សំផន ក្នុងសំណុំរឿង ០០២/០២ ដោយបន្ត រក្សាការដាក់ទោសឱ្យជាប់ពន្ធនាគារអស់ ១ ជីវិតដដែល លើបទឧក្រិដ្ឋនានា ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ ក្នុងរបបដែលលោកបានដឹកនាំ ហើយដែលបានសម្លាប់ប្រជាពលរដ្ឋខ្មែរប្រមាណ ១ លាន ៧ សែននាក់។
ក្រៅពីនេះ រួមមានបទចោទដូចជា បទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិវៀតណាម ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការបំពារបំពានយ៉ាងធ្ងន់ធ្ងរ លើអនុសញ្ញាក្រុងហ្សឺណែវ (Geneva Conventions)។
កិច្ចចរចាររកសន្តិភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៩១ លោកខៀវ សំផន គឺជាតំណាងដ៏ខ្ពស់បំផុត នៃក្រុមខ្មែរក្រហម ហើយក្រោយមក បានក្លាយជាសមាជិកឧត្តមក្រុមប្រឹក្សាជាតិ (Supreme National Council) ហៅកាត់ SNC។
អាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិ (UNTAC) សម្រាប់កម្ពុជា បានរៀបចំការបោះឆ្នោតជាតិឆ្នាំ ១៩៩៣ ប៉ុន្តែក្រុមខ្មែរក្រហម របស់លោកខៀវ សំផន បានធ្វើពហិការមិនចូលរួម ដែលនៅបន្តតស៊ូក្នុងព្រៃមានឈ្មោះជាក្រុមទ័ពឧទ្ទាមរហូតដល់ឆ្នាំ ១៩៩៨ ។
ក្រោយមក លោក បានចាកចេញពីចលនាខ្មែរក្រហម និងបានទៅរស់នៅក្នុងខេត្តប៉ៃលិន រហូតដល់ពេលចាប់ខ្លួននិងឃុំខ្លួននៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ឬគេស្គាល់ថា សាលាក្តីខ្មែរក្រហម នៅខែវិច្ឆិកា ឆ្នាំ ២០០៧។
*អាមេរិក ផ្ដល់ចំណាត់ថ្នាក់អាក្រក់ ដល់កម្ពុជា ស្ដីពីការជួញដូរមនុស្ស
របាយការណ៍ស្តីពីការជួញដូរមនុស្សឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិកចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២ បានទម្លាក់ចំណាត់ថ្នាក់កម្ពុជាមកកម្រិតទី៣អាក្រក់បំផុត ពុំធ្លាប់មានតាំងពីឆ្នាំ២០១៥មក និងក្រោយពេលដែលកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់កម្រិតទី២ក្រោមការឃ្លាំមើលអស់រយៈពេល៣ឆ្នាំជាប់ៗគ្នាចាប់តាំងពីឆ្នាំ២០១៩មក។
របាយការណ៍លើកឡើងថា រដ្ឋាភិបាលកម្ពុជាពុំបានគោរពតាមពេញលេញនូវស្តង់ដារអប្បបរមាដើម្បីលុបបំបាត់នូវអំពើជួញដូរមនុស្ស និងពុំបានខិតខំប្រឹងប្រែងគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សឡើយ។ របាយការណ៍សរសេរថា អំពើពុករលួយជ្រាលជ្រៅក្នុងសង្គមកម្ពុជា នៅតែបន្តរារាំងដល់ការអនុវត្តច្បាប់ជារួម ដើម្បីនាំជនល្មើសនៃអំពើជួញដូរមនុស្សយកមកទទួលខុសត្រូវតាមផ្លូវច្បាប់ និងរារាំងដល់ការផ្តល់សេវាជូនជនរងគ្រោះ។ របាយការណ៍គូសបញ្ជាក់ថា អាជ្ញាធរកម្ពុជាពុំបានបើកការស៊ើបអង្កេត ឬនាំយកមន្ត្រីដែលជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋផ្អែកតាមសេចក្តីរាយការណ៍គួរឱ្យជឿទុកចិត្តភាគច្រើន ជាពិសេសនៅពេលដែលពាក់ព័ន្ធនឹងក្រុមអាជីវករអសីលធម៌ ដែលបានបង្ខំឱ្យបុរស ស្ត្រី និងកុមាររាប់ពាន់នាក់នៅទូទាំងប្រទេសកម្ពុជាធ្លាក់ចូលក្នុងការជួញដូរមនុស្សក្នុងវិស័យសេវាកម្មកំសាន្ត ឡឥដ្ឋ និងប្រតិបត្តិការបែបឆបោកនៅលើប្រព័ន្ធអ៊ីនធឺណិត ជាដើម។
សម្ដេច ស ខេង ភ្ញាក់ផ្អើលចំពោះការសម្រេចរបស់អាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣លើការជួញដូរមនុស្ស។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ លើការជួញដូរមនុស្ស។ យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថា កម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញ គឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយបញ្ហានេះ។
ជាបន្តបន្ទាប់អាជ្ញាធរបង្កើនល្បឿនដើម្បីស្ដារកិត្តយសមកវិញក្រោយការរកឃើញរបស់អាមេរិកយ៉ាងដូច្នេះ។ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ មានប្រសាសន៍ថា បានទទួលពាក្យបណ្តឹង និងរបាយការណ៍ចំនួន១៨៦ អំពីការជួញដូរមនុស្ស ចាប់តាំងពីចាប់ផ្តើមដាក់ឱ្យអនុវត្តបណ្តាញទូរសព្ទទាន់ហេតុការណ៍ប្រឆាំងការជួញដូរមនុស្សកាលពីខែមុន។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីទីស្តីការគណៈរដ្ឋមន្ត្រីបានចេញរបាយការណ៍ជូនលោក ស ខេង កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីបង្កើន «ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស» ដើម្បីជួយសង្គ្រោះជនរងគ្រោះ ស្វែងរកជនល្មើសមកកាត់ទោស និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់។ របាយការណ៍ បានបន្ថែមថា ការស្រាវជ្រាវក៏គួរធ្វើឡើងដើម្បីស្វែងរកបទល្មើសលាងសម្អាតប្រាក់ខុសច្បាប់ផងដែរ។ ទោះយ៉ាងណា របាយការណ៍នេះក៏បានណែនាំដល់អាជ្ញាធរឱ្យឆ្លើយតបនឹងការផ្សព្វផ្សាយព័ត៌មានបង្កហេតុ និងស្នើសុំការកែតម្រូវ «ដើម្បីទប់ស្កាត់ការវាយប្រហារអវិជ្ជមានពីមជ្ឈដ្ឋានផ្សេងៗទាំងក្នុងនិងក្រៅប្រទេស និងដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិយាកាសនយោបាយនិងសន្តិសុខសង្គម»។ កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ ក៏បានបង្កើតក្រុមការងារមួយដើម្បីសម្របសម្រួលការស៊ើបអង្កេត និងជួយសង្គ្រោះជនបរទេសនៅក្នុងទីតាំងគួរឱ្យសង្ស័យ និងពង្រឹងការកាត់ទោសករណីជួញដូរមនុស្ស។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា ការងារនេះនឹងត្រូវបន្ថែមលើការងារកន្លងមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សតាមរយៈតុលាការ។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក សាយហ្វូឌីន អាប់ឌូលឡា (Saifuddin Abdullah) បាននិយាយថា ជនរងគ្រោះពីការជួញដូរមនុស្សជាពលរដ្ឋម៉ាឡេស៊ី ចំនួន២៤នាក់ទៀត ត្រូវបានជួយសង្គ្រោះពីប្រទេសកម្ពុជា ប៉ុន្តែយ៉ាងហោចណាស់ ៣០នាក់នៅតែបាត់ខ្លួន។
* កម្ពុជាវិលមកភាពប្រក្រតីក្នុងឆ្នាំ២០២២ ក្រោយរដ្ឋាភិបាលគ្រប់គ្រងទប់ស្កាត់ វិបត្តិកូវីដបានជោគជ័យតាមរយៈល្បឿនស្រោចវ៉ាក់សាំង
កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,៣០% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,៣៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៩,១១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩៥,១៩%
*កម្ពុជាត្រឡប់មករៀបចំព្រឹត្តការណ៍បុណ្យសមុទ្របន្ទាប់ពីផ្អាកដោយសារកូវីដ១៩
ក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នៅខេត្តព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩-១១ ខែធ្នូនេះ មានភ្ញៀវទេសចរនិងប្រជាពលរដ្ឋចូលរួមដើរលេងកម្សាន្តសរុបជាង៧០ម៉ឺននាក់។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានថ្លែងនាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរចូលរួមកម្សាន្តជាង៣០ម៉ឺននាក់ ខណៈនៅថ្ងៃទី១ និងទី២ មានចំនួនសរុបជាង៤០ម៉ឺននាក់។ លោករដ្ឋមន្ត្រី ថោង ខុន បានបន្តថា ប្រជាជនមានការសប្បាយរីករាយក្នុងការមកកម្សាន្តនៅក្នុងពិធីបុណ្យសមុទ្រនេះ ទាំងពេលយប់ និងពេលថ្ងៃ ក្នុងនោះពួកគេមួយចំនួនក៏បានបន្តទៅទស្សនានៅតាមគោលដៅទេសចរណ៍ដទៃទៀតដែរ រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ទៀតសោត គឺមិនមានអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។
*កម្ពុជា អបអរមហាសន្និបាត ក្លិបឆ្នេរសមុទ្រដែលស្អាតបំផុត លើសាកលលោក
ភ្ជាប់ជាមួយគ្នាកម្ពុជារៀបចំអបអរមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ដែលបាននិងកំពុងរៀបចំនៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី៩-១៤ ខែធ្នូ ឆ្នាំ២០២២។ កម្ពុជានឹងបង្កើនសមត្ថភាពការពារទឹកដែលហូរចូលសមុទ្រឱ្យកាន់តែល្អជាងមុន និងប្រកបដោយនិរន្តរភាពឲ្យស័ក្តិសមជាសមាជិកក្លិបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសាកលលោក ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរចូលមកកម្ពុជា។ នេះជាការថ្លែងរបស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសសចរណ៍នៅចំពោះមុខ លោក (មីឆែល ប៊ូចូត) Michel BUJOLD ប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោកអំឡុងថ្លែងនាឱកាសបើកសន្និសីទអន្តរជាតិស្តីពីការអភិវឌ្ឍ និងការអភិរក្សឆ្នេរសមុទ្រ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នៅសណ្ឋាគារឯករាជ្យ ខេត្តព្រះសីហនុ។ លោក ថោង ខុន បានគូសបញ្ជាក់ទៀតថា នៅតំបន់ឆ្នេរសមុទ្រ ត្រូវការពារទឹកសមុទ្រមុនគេ បើទឹកសមុទ្រត្រូវបានបំផ្លាញ និងបំពុលហើយ គ្មានទេសចរណាមកលេងសមុទ្រឡើយ ម្លោះហើយ បញ្ហាដែលគិតគូរជាចម្បង គឺត្រូវធ្វើយ៉ាងណាឱ្យទឹកដែលហូរចូលសមុទ្រ ត្រូវតែជាទឹកស្អាត ជាពិសេសទឹកដែលប្រជាពលរដ្ឋប្រើប្រាស់ហើយ ធ្លាក់ចូលទៅក្នុងសមុទ្រ ត្រូវតែជាទឹកដែលស្អាត និងត្រូវបានចម្រុះស្អាតជាមុន។ សូមបញ្ជាក់ជូនថា ភាពប្រុងប្រយ័ត្ននិងត្រូវគិតពីគុណភាពទឹកសមុទ្រនិងតំបន់ឆ្នេរពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាក៏ដោយតែកម្ពុជា កម្ពុជាកំពុងគ្រងតំណែងជាអនុប្រធានក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក២អាណាត្តិជាប់គ្នា និងបន្តជាអគ្គនាយករងក្លិបរហូតមកដល់បច្ចុប្បន្នផងដែរ៕
*យើងសុំបិទបញ្ចប់ព្រឹត្តការណ៍សំខាន់ៗប្រចាំឆ្នាំ ត្រឹមវត្តមានបុរសខ្លាំងកម្ពុជា ក្នុងទ្វីបអឺរ៉ុបស្មើនឹងការវាយក្រុមប្រឆាំងដល់ផ្ទះ(សុំប្រើរូបសម្ដេចអំឡុងពេលជួបពលរដ្ឋខ្មែរអឺរ៉ុប)
នៅចុងឆ្នាំ២០២២នេះសម្ដេច ហ៊ុន សែន បានទៅដល់ទ្វីបអឺរ៉ុប ក្នុងឋានៈជាសហប្រធានកិច្ចប្រជុំកំពូលអាស៊ាន-អឺរ៉ុប នៅទីក្រុងព្រុចសែល (Brussels) ប្រទេសប៊ែលហ្សិក។ នៅក្នុងជំនួបដោយឡែករវាងប្រមុខរដ្ឋាភិបាលកម្ពុជានិងពលរដ្ឋខ្មែររស់នៅទីនោះគឺពលរដ្ឋខ្មែរដែលជាអនិកជនរស់នៅអឺរ៉ុបប្រមាណជា២ពាន់នាក់ចូលរួមសំណេះសំណាលជាមួយសម្ដេចនាយករដ្ឋមន្ត្រី។ នៅក្នុងពិធីសំណេះសំណាលនោះសម្ដេចបានលើកបង្ហាញជាច្រើនទាំងរឿងនយោបាយ ទំនាក់ទំនងការបរទេស សង្គម សេដ្ឋកិច្ច ជាដើម…..។
-នយោបាយ! សំណុំរឿងរវាងសម្ដេច និងលោក សម រង្ស៊ី នៅតុលាការបារាំង និងបានចាត់ទុកវត្តមានខ្លួនឯងនៅទឹកដីអឺរ៉ុបជាការវ៉ៃដល់ផ្ទះរបស់ក្រុមប្រឆាំង។ ជាមួយនឹងស្នូទះដៃ សម្ដេចនាយករដ្ឋមន្ត្រីក៏បានពន្យុះឲ្យមានបាតុកម្មប្រឆាំងនឹងវត្តមានលោកនៅលើទឹកដីអឺរ៉ុប តាមការអំពាវនាវរបស់លោក សម រង្ស៊ី កន្លងមក។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិកសម្ដេចបានប្រៀបធៀបគ្នាថា ការចាប់មនុស្សប៉ុនប៉ងធ្វើរដ្ឋប្រហារនៅកម្ពុជា មិនខុសពីអាល្លឺម៉ង់ចាប់មនុស្សប៉ុនប៉ងធ្វើរដ្ឋប្រហារនោះទេ។ នៅកម្ពុជាករណីប៉ុនប៉ងធ្វើរដ្ឋប្រហារលោកបានលើកយកហេតុការណ៍កាលពី៩ឆ្នាំមុនពោលគឺនៅឆ្នាំ២០១៣ ដែលពេលសម្ដេច ហ៊ុន សែន ចាត់ទុកថា ក្រុមអគតិបានប៉ុនប៉ងធ្វើរដ្ឋប្រហារយ៉ាងពិតប្រាកដ ដោយកំណត់ទាំងកាលបរិច្ឆេទដើម្បីផ្ដូលរំលំរាជរដ្ឋាភិបាល នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣ ហើយកាលនោះឈានដល់ការស្លាប់មនុស្ស ម្លោះហើយចាំបាច់ណាស់រាជរដ្ឋាភិបាលត្រូវតែចាត់វិធានការលើក្រុមទាំងអស់នោះ។
-រួមគ្នាលុបបំបាត់ ភាពជ្រុលនិយម
នយោបាយជ្រុលនិយម គឺជានយោបាដ៏គ្រោះថ្នាក់អាចនាំដល់ការបែកបាក់ និងវិនាសអន្តរាយក្នុងសង្គម។ ក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅតំបន់អឺរ៉ុប សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់នយោបាយរបស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ដែលប្រឌិតរឿងថាលោក ម៉ាណែត មិនមែនជាកូនប្រុសសម្តេច និងការដាក់ចេញនយោបាយ «មានស៊ី អត់សែន» ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកនយោបាយបែបនេះ គឺជានយោបាយជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ការបោះឆ្នោតនៅប្រទេសបារាំង ដែលលោកស្រី ឡឺ ប៉ែន ចាញ់ឆ្នោត ព្រោះតែជាមនុស្សជ្រុលនិយម។សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់បែបនេះ «ប្រទេសយើងត្រូវខិតខំលុបបំបាត់ភាពជ្រុលនិយម ទាំងអាជ្រុលនិយមស្តាំ ទាំងអាជ្រុលនិយមឆ្វេង។ ភាពជ្រុលនិយមនៅស្រុកខ្មែរមិនគួរមានបន្តទៅទៀតទេ»។
-ទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជានិងអឺរ៉ុប! មកអឺរ៉ុប មិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់បានទេ។ នេះជាជំហររបស់ដាច់ណាត់របស់សម្ដេច ហ៊ុន សែន អះអាង ក្នុងពិធីសំណេះសំណាលជាមួយប្រជាពល នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ លោកបានគូសបញ្ជាក់ទៀតថា សម្ដេចបានប្រាប់មន្ត្រីរបស់ខ្លួនមិនឲ្យសុំការយោគយល់ណាមួយសម្រាប់ការអនុគ្រោះក្នុងការដោះដូរពាណិជ្ជកម្មឡើយ។ ក្នុងន័យនេះសម្ដេចសង្កត់ធ្ងន់ថា បើចង់រកស៊ីរកស៊ីជាមួយគ្នាបាន តែមិនអាចយកឯករាជ្យ អធិបតេយ្យភាព ទៅដោះដូរជាមួយជំនួយ ឬភាពអនុគ្រោះណាទាំងអស់។ ទោះជាយ៉ាងនេះក្តី សម្ដេច ហ៊ុន សែន បានអះអាងថា នៅឆ្នាំ២០២២នេះ ការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប មានការកើនឡើងគួរឱ្យកត់សម្គាល់ដោយបច្ចុប្បន្នកើនដល់១៨ភាគរយ ស្មើនឹងទំហំទឹកប្រាក់ជាង៤ពាន់លានដុល្លារ ខណៈដែលការនាំចេញទៅអាមេរិក ក៏កើនឡើងដែរ។
-ក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ការតម្លើងថ្លៃប្រេង និងប្រកាសជាថ្មី មិនតម្លើងថ្លៃអគ្គិសនី
ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរមកពីបណ្ដាប្រទេសផ្សេងៗ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីកម្ពុជាអនុវត្ដនូវយន្ដការសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងណាក្ដី ប៉ុន្ដែការទប់ស្កាត់នេះ គឺដើម្បីជៀសវាងការឆ្លៀតឱកាសលួចតម្លើងថ្លៃ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្រសួងពាណិជ្ជកម្មធ្វើការសម្របសម្រួល អត់មានឲ្យអ្នកឯងតម្លើងថ្លៃប្រេងតាមអំពើចិត្តនោះទេ លើកនេះរាជរដ្ឋាភិបាលបើទោះបីសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្ដែត្រូវតែមានការណែនាំមួយ បើមិនអញ្ចឹងឆ្លៀតឱកាសប្រេងឡើងថ្លៃ ប្រេងចុះថ្លៃ គឺនាំគ្នាតម្លើង»។ តម្លៃប្រេងឡើងចុះនេះ គឺមិនមែនកើតមានឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលនៅសកលលោកទាំងមូល គឺមានការប្រែប្រួលនៃតម្លៃនេះ ដោយសារមួយផ្នែកមកពីឥទ្ធិពលសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន។ បើតាមអ្វីដែលសម្ដេចបានសាកសួរទៅកាន់ប្រជាពលរដ្ឋរស់នៅប្រទេសបារាំង តម្លៃប្រេងនៅទីនោះ ១.៨អឺរ៉ូ ស្មើប្រមាណ៧,៥០០រៀល។
ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃ២០ ខែធ្នូ ឆ្នាំ២០២២ ត្រូវលក់សាំងធម្មតាតម្លៃ ៤,១០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,២៥០រៀល ក្នុង១លីត្រ។ បើតាមអ្វីដែលជាការជូនដំណឹងនេះ បានបង្ហាញថា តម្លៃប្រេងសាំងចុះ១០០រៀល និងប្រេងម៉ាស៊ូត ចុះ២០០រៀល បើធៀបនឹង១០ថ្ងៃមុន៕