ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយនឹង លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ចាប់ពីថ្នល់ទទឹង ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៤ ខេត្តកណ្តាល ទៅដល់ស្រុកជុំគីរី ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ៣ ខេត្តកំពត នឹងត្រូវសាងសង់លើកកម្រិតគុណភាពជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់ ៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ ទៅតាមតាមស្តង់ដារកម្រិត២។ គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យរួមមាន ពង្រីកស្ពានចាស់ ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញា គំនូសសញ្ញា បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។
គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដោយប្រើរយៈពេលសាងសង់ចំនួន៤០ខែ និងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយត្រូវចំណាយថវិកាសរុបប្រមាណជាង ៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ។
ផ្លូវជាតិលេខ៤១ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ ដែលតភ្ជាប់ និងឆ្លងកាត់ខេត្តចំនួន០៤ រួមមាន ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងតភ្ជាប់ទៅកាន់កំពង់ផែអន្ដរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភ័ស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣។
ក្រោយបញ្ចប់ការសាងសង់ ខ្សែផ្លូវនេះនឹងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងកសិផល ដំណាំកៅស៊ូ ម្រេច ផលនេសាទ អំបិល ដំណាំស្រូវ និងផ្លែឈើ ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ។ បន្ថែមពីលើនេះ ផ្លូវជាតិលេខ៤១នេះ ក៏នឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់ទេសចរណ៍សំខាន់ៗ ដូចជា តំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ កោះទន្សាយ តំបន់ឆ្នេរ និងតំបន់មាត់សមុទ្រធម្មជាតិផងដែរ។ ខ្សែផ្លូវនេះក៏នឹងជួយសម្រួល និងបញ្ចៀសការកកស្ទះនៅលើផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤ បានមួយកម្រិតបន្ថែមទៀត៕