ព័ត៌មានជាតិ

ចិន បានជួយកម្ពុជា កសាងហេដ្ឋារចនាសម័្ពន្ធ ដោយចំណាយថវិកាជិត ២ពាន់លានដុល្លារ

ភ្នំពេញ ៖ នៅចំពោះមុខ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាពេលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថាមិត្តចិនជួយកម្ពុជា ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដូចជា ផ្លូវ ស្ពាន ជាដើម រយៈពេលកន្លងទៅមានផ្លូវជាង ៣០ខ្សែ ប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ដោយចំណាយថវិកាជិត ២ពាន់លានដុល្លារ។

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ លើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ រួមជាមួយលោក វ៉ាង វិនធៀន នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមិត្តចិន បានចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងរយៈពេលកន្លងទៅនេះ។

សម្ដេចតេជោ បញ្ជាក់ថា «មិត្តចិនបានជួយយើង ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាក់ទងជាមួយនឹង ផ្លូវ ស្ពាន ដែលយើងបានធ្វើក្នុងរយៈពេលកន្លងទៅ ដែលក្នុងនោះ មកដល់ពេលនេះ មិត្តចិនបានចូលរួមចំណែកជួយសាងសង់ផ្លូវជាងចំនួន ៣០ខ្សែរ មានប្រវែងជាង ៣ពាន់គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង ២ពាន់លានដុល្លារ»។

សម្ដេចតេជោ បន្ដថា នៅមានគម្រោងជាច្រើនទៀត ដែលមិត្តចិនជួយអភិវឌ្ឍកម្ពុជា ដោយចំណាយថវិកាជាង ៥០០លានដុល្លារ។ រីឯស្ពានធំៗ ចំនួន៩ កន្លែងទៀត បានកំពុងកសាងរួច នឹងកំពុងកសាងជាបន្ដបន្ទាប់ទៀតផងដែរ។ សម្ដេច បានឱ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ខាងមុខនេះ នឹងបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេង្គខេត្តក្រចេះ។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកឡើងថា ជោគវាសនារួម ក្នុងភាពជាដៃគូរយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ចិន បានបង្កើតឱ្យមានជំនឿជឿទុកចិត្តគ្នា ទៅវិញ ទៅមក៕

To Top