ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នាថ្ងៃខាងមុខនេះ ត្រីប្រារបស់កម្ពុជា នឹងនាំចេញទៅផ្សារចិនដោយផ្ទាល់ ខណៈចិន នៅតែជាទីផ្សារដ៏ធំរបស់កម្ពុជា។
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន បានចូលជាធរមាន ដើម្បីបើកឱកាសឱ្យកម្ពុជាពង្រីកទីផ្សារនាំចេញ ទៅកាន់ប្រទេសចិន។
សម្ដេចតេជោ រំលឹកថា មុននេះទំនិញរបស់កម្ពុជានាំចេញ ទៅប្រទេសចិន ត្រូវឆ្លងកាត់ដៃប្រទេសទី៣។ ឥឡូវនេះ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង កម្ពុជា-ចិន ទំនិញរបស់កម្ពុជា បាននាំចូលទៅកាន់ប្រទេសចិនដោយផ្ទាល់ ដូចជា៖ ផ្លែចេក ស្វាយ មៀន ជាដើម។
សម្ដេចតេជោ បានបញ្ជាក់ឱ្យដឹងថា «ហើយខាងមុខនេះ នឹងមាននាំចេញទៅត្រីប្រារបស់កម្ពុជា ចូលទៅទីផ្សាររបស់ចិន ដែលនោះវាបានផ្ដល់ផលប្រយោជន៍ ច្រើនណាស់សម្រាប់កម្ពុជា ចិនមានប្រជាជនជាង ១ពាន់លាននាក់»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមទៀតថា ទីផ្សាររបស់ចិន គឺជាផ្សារដ៏ធំដែលកម្ពុជា អាចនាំផលិតផលរបស់ខ្លួន ទៅកាន់ប្រទេសចិន។ សម្ដេច ក៏បានណែនាំផលិតករ ត្រូវកែច្នៃឱ្យបានត្រឹមត្រូវ ដោយមានអនាម័យខ្ពស់ សម្រាប់នាំចេញទៅទីផ្សាររបស់ចិន៕