ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា គោលនយោបាយរបស់កម្ពុជា ពីមុនមានលុយតិច ធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ គឺត្រូវសាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព។
នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ គីឡូម៉ែត្រ រួមជាមួយលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល នៃប្រទេសចិន បានផ្តល់ឥណទានសម្រាប់លើកកម្ពស់គុណភាពផ្លូវជាតិលេខ៤១ ។
សម្តេចតេជោ បានបញ្ជាក់ថា «គោលនយោបាយកម្ពុជាពីមុន គឺយើងមានលុយតិចធ្វើផ្លូវឱ្យបានវែង តែបច្ចុប្បន្ននេះ គឺយើងត្រូវសាងសង់ផ្លូវផ្តោតលើគុណភាព និងសោភ័ណភាព គឺធ្វើផ្លូវឱ្យបានរឹងមាំ និងស្រស់ស្អាត»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា ផ្លូវជាតិលេខ៤១នេះ ពីមុនជាតម្រាយផ្លូវ ដែលត្រូវបានប្រើប្រាស់តាំងពីសម័យព្រះបាទអង្គឌួង ពោលគឺក្នុងសតវត្សរ៍ទី១៩ ក្នុងការតភ្ជាប់ពីរាជធានីនៅឧត្តុង្គ ទៅកាន់តំបន់សមុទ្រ នៃខេត្តកំពត៕