ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួម ក្នុងពិធីសំណេះសំណាល និងជួបជុំជាមួយមហាគ្រួសារខ្មែរ រស់នៅប្រទេសអូស្រ្តាលី និងនូវែលសេឡង់ រាជធានីភ្នំពេញនាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

លោក បានលើកឡើងថា ឱកាសនៃជួបជុំ ក្នុងធ្លុងសាមគ្គីភាព នៃមហាគ្រួសារខ្មែរ ប្រកបដោយភាពសប្បាយរីករាយ នាឱកាសនេះ គឺកើតពីម្លប់ នៃសុខសន្តិភាព ពាសពេញផ្ទៃប្រទេស នៅក្រោយថ្ងៃរំដោះ ៧ មករា និងតាមរយៈការអនុវត្តប្រកបដោយជោគជ័យ នូវនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដោយប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស បានទទួលនូវសិទ្ធិសេរីភាព គ្រប់បែបយ៉ាង ហើយប្រទេសជាតិ ក៏មានការអភិវឌ្ឍរីកចម្រើន យ៉ាងសម្បូរបែប។

លោកបណ្ឌិត សូមស្វាគមន៍ដល់លោកអ៊ំ ពូ មីង និងបងប្អូនទាំងអស់ ដែលបានអញ្ជើញមកប្រទេសកម្ពុជា ដើម្បីកំសាន្ត និងបំពេញកិច្ចការផ្សេងៗ ប្រកបដោយទឹកចិត្តស្រលាញ់ និង នឹករឭកចំពោះមាតុភូមិជាទីស្នេហានៃយើង។ ក្តីនឹករឭក និងការស្វះស្វែងជួបជុំគ្នានេះ ក៏ដូចជាការជួយដល់និស្សិតខ្មែរ យើងដែលទទួលបានឱកាសទៅសិក្សានៅបរទេស បានបង្ហាញយ៉ាងច្បាស់អំពីកម្លាំងមហាសាមគ្គី ប្រជាជាតិខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនងរវាងខ្មែរ និងខ្មែរ ពោលគឺរវាងខ្មែររស់នៅក្រៅប្រទេស និងខ្មែររស់នៅក្នុងប្រទេស ក្រោមស្មារតី បេះដូង និងព្រលឹងខ្មែរតែមួយ ដែលតែងតែយកចិត្តទុកដាក់ និងចេះជួយយកអាសារគ្នាទៅវិញទៅមក។ កម្លាំងមហាសាមគ្គីភាពដ៏រឹងមាំនេះ នឹងនៅតែបន្តទៅមុខទៀត ក្រោមបរិយាកាសសុខសន្តិភាព ពេញលេញ ដែល សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបេ្តជ្ញាការពារថែរក្សាឱ្យគង់វង្សឋិតថេរយូរអង្វែង សម្រាប់ខ្មែរយើងទាំងអស់គ្នា ជាច្រើនជំនាន់តរៀងទៅ។

លោក ម៉ាណែត សូមជូនពរ ដល់និស្សិតជ័យលាភី ដែលទទួលបានឱកាសក្នុងការបន្តការសិក្សា នៅប្រទេសអូស្រា្តលី និងនូវែលសេទ្បង់ ឱ្យសម្រេចបាន នូវជោគជ័យ ក្នុងការរៀនសូត្រ និងបានត្រលប់មកមាតុប្រទេសវិញ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលកំពុងត្រូវការធនធាន មនុស្ស ។ ដូច្នេះ សូមបន្តខិតខំសិក្សារៀនសូត្រ និងយកចិត្តទុកដាក់លើស្រាវជ្រាវ ដើម្បីឈាន ទៅចាប់យកជំនាញ និងចំណេះដឹងឱ្យបានច្បាស់លាស់ ពិតប្រាកដ ដែលនេះគឺជាការកសាងនូវមូលដ្ឋានគ្រឹះមួយដ៏រឹងមាំ ដើម្បីសម្រេចបានជោគជ័យ ក្នុងការបំពេញមុខងារ តួនាទី និងភារកិច្ចនាពេលអនាគត។ ទន្ទឹមនឹងនេះ ប្អូនៗ និងក្មួយៗជានិសិ្សត ក៏ត្រូវព្យាយាមស្វែងយល់ និង ក្រេបយកនូវចំណេះដឹងអំពីវប្បធម៌, ប្រពៃណី, សង្គម និងអភិក្រមរបៀបរបបការងារ ព្រមជាមួយនឹងការបងើ្តតនូវបណ្តាញទំនាក់ទំនងប្រទាក់ក្រទ្បារវាងគ្រប់ជាតិសាសន៍ និងគ្រប់វិស័យនៅក្នុងប្រទេសដែលប្អូនៗ និងក្មួយៗ កំពុងរស់នៅ និងសិក្សារៀនសូត្រ ហើយជាពិសេសត្រូវប្រព្រឹត្តខ្លួនឱ្យបានល្អស័ក្តិសមជាឯកអគ្គរាជទូត ដែលតំណាងឱ្យប្រទេសម្ពុជានៅលើឆាកអន្តរជាតិ។

លោក ក៏សូមកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងារយុវជនប្រចាំប្រទេសអូស្ត្រាលី និង នូវែលសេទ្បង់ ដែលបានយកអស់ កម្លាំងកាយចិត្ត, ប្រាជ្ញាស្មារតី, ធនធាន, និងពេលវេលា ខិតខំប្រឹងប្រែងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ចាប់តាំងពីឆ្នាំ២០១៥ ហើយទោះបីក្នុងដំណាក់កាល រាតត្បាតនៃជំងឺកូវីដ-១៩ ក៏ក្រុមការងារបានរក្សា នូវការផ្សារភ្ជាប់ទំនាក់ទំនង ជាប់ជាប្រចាំ ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងប្រទេសអូស្រ្តាលី និង នូវែលសេឡង់ ជាពិសេសការជួយដោះស្រាយ ការលំបាកផ្សេងៗរបស់និស្សិតខ្មែរ ដែលទៅរៀនសូត្រនៅទីនោះ៕









