កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា ខណៈពេលប្រទេសមានសុខសន្តិភាព និងកំពុងអភិវឌ្ឍន៍ អ្វីដែលគួរព្រួយបារម្ភនោះគឺភាពល្ងង់ខ្លៅ ពីព្រោះភាពល្ងង់ខ្លៅនេះ ហើយដែលធ្វើឲ្យយើងធ្លាក់ ទៅក្នុងភាពក្រីក្រ ប៉ុន្តែប្រសិនបើយើង មានសមត្ថភាព មានចំណេះដឹងគ្រប់គ្រាន់នោះ យើងអាចងើបរួចផុតពីភាពក្រីក្រ តាមរយៈការខិតខំប្រឹងប្រែង និងភាពឧស្សាហ៍ ព្យាយាមរបស់យើង ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ខណៈពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការ នូវអាគារ ១ខ្នង មាន៣បន្ទប់ នៃសាលាបឋមសិក្សាកោះចំប៉ា ស្ថិតក្នុងឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

លោកអភិបាលខេត្ត បានមានប្រសាសន៍ទៀតថា ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមានសម្ដេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរណាស់ ធ្វើយ៉ាងណា ដើម្បីឲ្យប្រទេសជាតិរបស់យើង មានការរីកចម្រើន ទន្ទឹមពេលដែលយើង កំពុងស្ថិតនៅក្រោមដំបូល សុខសន្តិភាព ។ ដូច្នេះដើម្បីឲ្យមានការអភិវឌ្ឍ គឺគប្បីត្រូវតែមានផែនការច្បាស់លាស់ អំពីការបណ្ដុះបណ្ដាលធនធានមនុស្ស តាមរយៈវិស័យអប់រំ ដែលចាប់ផ្ដើមពីកម្រិតបឋមសិក្សានេះ រហូតដល់ថ្នាក់ឧត្តមសិក្សា ដើម្បីឲ្យយុវជនរបស់យើង មានចំណេះដឹង និងសមត្ថភាពពិតប្រាកដ អាចឈានទៅប្រកួតប្រជែងដណ្ដើមការងារ ពីជនបរទេស ឬក៏ចេញទៅធ្វើការនៅក្រៅប្រទេស ដើម្បីរកប្រាក់ចំណូលមកបង្កើនជីវភាពគ្រួសារឲ្យបានធូរធារ និងមានលទ្ធភាពជួយដល់សង្គមជាតិ របស់យើងផងដែរ ។

លោកអភិបាលខេត្ត បានយកឱកាសនោះក្រើន រំលឹកដល់អាជ្ញាធរមូលដ្ឋាន សូមយកចិត្តទុកដាក់ ឱ្យពង្រឹងគុណភាព និងប្រសិទ្ធភាព នៃការផ្ដល់សេវារដ្ឋបាល ជូនប្រជាពលរដ្ឋ និងខិតខំដោះស្រាយបញ្ហានានា ដែលមាននៅក្នុងមូលដ្ឋាន ឃុំរបស់ខ្លួន នឹងត្រូវផ្លាស់ប្ដូរឥរិយាបថ មន្ត្រីរបស់យើងនៅឃុំ ឲ្យសាកសមជាមន្ត្រី បម្រើសេវាជូនប្រជាពលរដ្ឋ ៕
