ព័ត៌មានជាតិ

ដកបញ្ឈរជើងនគរបាលម្នាក់ ​រយៈពេល​៣ខែ ​ក្រោយបង្ហោះ បណ្ណចេញ-ចូល អគ្គស្នងការដ្ឋាន នគរបាលជាតិ ឬ ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានផ្អាកការងារ និងបញ្ឈរជើងរយៈពេល ៣ខែ ចំពោះមន្ត្រីប៉ុស្តិ៍នគរបាល រដ្ឋបាលទឹកថ្លាម្នាក់ ក្រោយបង្ហោះប័ណ្ណចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ តាមបណ្តាញសង្គម TikTok ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នាថ្ងៃទី២៦ ធ្នូ នេះ បានឱ្យដឹងថា បន្ទាប់ពីបានឃើញ វីដេអូបង្ហោះ តាមបណ្តាណសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនី ឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាល ខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅ លោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយ បំភ្លឺករណីនេះ។

ក្រោយពីធ្វើការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោក ពិតជាបានបង្ហោះខ្លឹមសារ ខាងលើពិតប្រាកដមែន តែពុំមានចេតនា ក្នុងការលក់ដូរអ្វីឡើយ គោលបំណង គឺផុសអួតដល់មិត្តភក្តិ ដែលជាកងកម្លាំង ដូចគ្នាតែប៉ុណ្ណោះ ។

ក្រោយមកសមត្ថកិច្ច នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញ លិខិតព្រមានដោយផ្អាកការងារ និង ដកមកបញ្ឈរជើង រយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខ នៅផ្នែករដ្ឋបាល នៃអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ជារៀលរាល់ថ្ងៃ។

សូមបញ្ជាក់ថា ប័ណ្ណសម្គាល់ទាំងនេះ មិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ៕

To Top