កណ្ដាល៖ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទវគ្គសុក្រឹត្យការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ ប្រចាំការ-រដ្ឋលេខាធិការ-អនុរដ្ឋលេខាធិការ-ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងអំពីដំណើរការសិក្សាជាការពិតណាស់ ដើម្បីអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងការកែទម្រង់ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍន៍ធនធានមនុស្ស ផ្នែកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងសកម្ម និងបានឧបត្ថម្ភជាបន្ដបន្ទាប់ ដើម្បីជំរុញវឌ្ឍនៈភាពបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យមានលក្ខណៈសម្បត្តិសមស្រប ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនរគបាលជាតិ ប្រកបដោយ គុណភាព សមត្ថិភាព ជំនាញ វីជ្ជាជីវៈ និងសីសធម៌ល្អ ឱ្យឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់ កងកម្លាំងនគរបាល និងសភាពការណ៍សន្ដិសុខជាតិ និងអន្ដរជាតិ។

នាយឧត្តមសេនីយ៍ បានបន្ដថា ក្នុងន័យខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរៀបចំបើកវគ្គបណ្ដុះបណ្ដាល ដល់មន្ដ្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គសិក្សា ទាក់ទងទៅនឹងជំនាញ វីជ្ជាជីវៈនគរបាល ហើយរហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលនេះបានចំនួន២ ជំនាន់រួចមកហើយ ដែលមានសិក្ខាសរុប ៣០៣នាក់ នារី២១នាក់ ហើយបណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បន្ដទៀត ដែលត្រូវចាប់ផ្ដើម នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ដូច្នេះការដាក់ឱ្យដំណើរការ នៃវគ្គសិក្សាទាំងពីរជំនាន់នេះ បានឆ្លុះបញ្ចាំងពីខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់ បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការអនុវត្តធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថិភាព កងកម្លាំងនគរបាលជាតិ តាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ស្របតាមស្ដុងដារ ដែលបានកំណត់ផងដែរ ៕
