ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិ របស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ បានណែនាំអាជ្ញាធរ បន្ដការអនុអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច ដើម្បីចែកដី ជូនប្រជាពលរដ្ឋក្រីក្រដែលខ្វះដី និងបន្តអនុវត្តចែកដី និងផ្ទះជូនកងកម្លាំងប្រដាប់អាវុធ កំពុងឈរជើងនៅតាមព្រំដែន។
សម្ដេចតេជោ បញ្ជាក់ថា «សូមបន្តលើកទឹកចិត្ត និងគាំទ្រគម្រោងសាងសង់លំនៅឋានតម្លៃសមរម្យ សំដៅលើកកម្ពស់សិទ្ធិរបស់ប្រជាពលរដ្ឋ ក្នុងការទទួលបានលំនៅឋានសមរម្យ»។
លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរត្រូវពង្រឹងការអនុវត្តច្បាប់ សំណង់ ទាំងលើការងារសាងសង់និងការត្រួតពិនិត្យសំណង់ ដើម្បីធានាបង្កើនគុណភាព សុវត្ថិភាព និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន។ ទន្ទឹមនោះ ត្រូវបន្តការយកចិត្តទុកដាក់ ការពារ សំណង់អគារបេតិកភណ្ឌ និងជំរុញការចុះបញ្ជីទីតាំង តំបន់ការពារបុរាណដ្ឋានជូនក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ត្រូវបន្តពង្រីកវិសាលភាព នៃការអនុវត្តគម្រោងសាងសង់ស្ថានីយវាស់វែងអចិន្រ្តៃយ៍ ដោយផ្កាយរណបសម្រាប់ ការគ្រប់គ្រងដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឱ្យបានទូទាំងប្រទេស៕