កំពង់ចាម៖ លោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានអញ្ជើញពិនិត្យរៀបចំទីតាំង ស្ថិតក្នុងភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ដើម្បីរៀបចំពិធីបើកការដ្ឋានលើក កម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ។

តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គម្រោងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណា ក្រុងកំពង់ចាម ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិតចិន និង ត្រូវចាប់ផ្ដើមដំណើរការ នៅ ក្នងឆ្នាំ ២០២៣ ៕



