ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះត្រួតពិនិត្យ និងដឹកនាំកម្លាំងអន្ដរាគមន៍ដោយផ្ទាល់ នៅទីតាំងអគ្គីភ័យឆាបឆេះ កាស៊ីណូហ្គ្រេនដាយមិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អគ្គីភ័យនេះ បានកើតមានតាំងពីវេលាម៉ោង ១១៖៣០នាទីយប់ នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ប៉ុន្តែមូលហេតុយ៉ាងណានោះ នៅមិនទាន់មានការបញ្ជាក់ ផ្លូវការនៅឡើយទេ ។

ប៉ុន្ដែទោះយ៉ាងណាក៏ដោយ បើតាមរបាយការណ៍បឋម យ៉ាងហោចណាស់មានមនុស្ស ១០នាក់ ត្រូវបានរកឃើញស្លាប់ និង ៣០នាក់រងរបួស ក្នុងករណីអគ្គិភ័យឆេះនេះផងដែរ ។

សូមរំលឹកថា កាស៊ីណូហ្គ្រេនដាយមិន ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងលើមានបុគ្គលិក បម្រើការងារប្រហែលជាង ៤០០នាក់ ប៉ុន្តែការខូចខាតយ៉ាងណានោះ មិនទាន់អាចវាយតម្លៃបាននៅឡើយទេ ខណៈភ្លើងមិនទាន់រលត់ ៕


