ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា តម្លៃសន្តិភាពគឺពិតជាមានសារសំខាន់ណាស់ ហើយនៅលើពិភពលោក ក៏មិនទាន់មានប្រទេសណាមួយ ដែលបញ្ចប់សង្គ្រាម តាមបែបកម្ពុជានោះដែរ គឺបញ្ចប់តាមរយៈ នយោបាយឈ្នះ ឈ្នះ ។
ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំគ្រាន់តែបញ្ជាក់ថា តម្លៃនៃសន្តិភាពមួយនេះ នៅលើពិភពលោក ក៏មិនទាន់មានប្រទេសណាមួយ ដែលបញ្ចប់សង្គ្រាមតាមបែបកម្ពុជានោះដែរ គឺយើងបញ្ចប់តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមនុស្សទាំងអស់ឈ្នះទាំងអស់គ្នា ហើយវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ នៅក្នុងទឹកដីកម្ពុជា លើកលែងតែអ្នកល្មោភសង្គ្រាមមួយក្រុមនោះ អាហ្នឹងរឿងរបស់គេ» ។
សម្ដេចបន្តថា ទីចុងបំផុតមនុស្សទាំងអស់ ដែលធ្លាប់តែកាន់អាវុធវ៉ៃគ្នា មិនចេះចប់មិនចេះហើយ លើទឹកដីកម្ពុជា គឺត្រូវទទួលបានផលប្រយោជន៍ទាំងអស់ ។ សម្ដេចថា យើងត្រូវពិនិត្យមើល ពីអតីតកាលរបស់កម្ពុជា គ្មានរដ្ឋាភិបាលណាដែលគ្រប់គ្រងបាន តំបន់ទាំងអស់នោះទេ ទោះបីរដ្ឋាភិបាលក្នុងជំនាន់បារាំង ជប៉ុន អាមេរិក សង្គមរាស្ត្រនិយម ឬខ្មែរក្រហមគ្រប់គ្រង ក៏មិនដែលគ្រប់គ្រងបាទឹកដី បានទាំងអស់នោះដែរ គឺមានតែរាជរដ្ឋាភិបាលនៃ ព្រះរាជាណាចក្រកម្ពុជាទី២នេះទេ ដែលគ្រប់គ្រងបានទឹកដីទាំងអស់ ដោយគ្មានកម្លាំងប្រដាប់អាវុធ ។
ឆ្លៀតក្នុងឱកាសនោះដែរសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ សម្ដេចនឹងប្រារព្ធខួបលើកទី៤៥ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធ សាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលជាស្នូលដ៏សំខាន់ ដើម្បីបង្កើតឡើងនូវរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ធ្នូ ឆ្នាំ១៩៧៨ ។ សម្ដេចថា «ខ្ញុំជាអ្នកបង្កើតកម្លាំងប្រដាប់អាវុធនេះឡើង ហើយខ្ញុំនៅរស់នៅឡើយទេ» ។
ជាមួយគ្នានោះសម្ដេចតេជោ បានលើកឡើងថា ម្សិលមិញនេះគឺជាខួបលើកទី២៤ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ដែលនាំមកនូវសន្តិភាព និងការឯកភាពទឹកដីជាលើកដំបូង នៅក្នុងប្រវត្តិសាស្ត្ររាប់រយឆ្នាំ របស់កម្ពុជា ។ សម្ដេចថា សម្ដេចនៅតែនឹកស្រម៉ៃប្រសិនបើពុំមានរដ្ឋប្រហារឆ្នាំ១៩៧០ ហើយទុកឲ្យសម្ដេចព្រះនរោត្ដមសីហនុ ដឹកនាំបន្តទៀតមិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ ។
សម្ដេចតេជោក៏បានគូសរំលេចថា ពេលសង្គ្រាមបានផ្ទុះឡើង នៅឆ្នាំ១៩៧០ សម្ដេចទើបមានអាយុ១៨ឆ្នាំទេ ហើយក៏មិនមែនជាអ្នកទទួលខុសត្រូវ ទៅលើការបង្កើតសង្គ្រាមនេះឡើយ ។ សម្ដេចថា សម្ដេចក៏អត់គិតថា អម្រែក និងចំណងដែលអ្នកជាន់មុន បានបង្កឡើង ត្រូវបានអ្នកជំនាន់ក្រោយជាអ្នកស្រាយទៅវិញ ហើយទោះបីអ្នកមុន ឬអ្នកក្រោយតែវាជាកាតព្វកិច្ច កូនខ្មែរដែលត្រូវរំលត់សង្គ្រាមបែបនេះ ។
ថ្លែងក្នុងឱកាសនោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកថា កាលពី២៤ឆ្នាំ ពេលល្ងាចមេដឹកនាំកំពូល របស់ខ្មែរក្រហមទាំងអស់ បានមកទទួលទានអាហារនៅផ្ទះសម្ដេច នាក្រុងតាខ្មៅ ដែលជាការគូសបញ្ជាក់ពីការបញ្ចប់សង្គ្រាម ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា សម្ដេចទទួលមេដឹកនាំខ្មែរ ក្រហមកាលពីពេលនោះ ឲ្យមកទទួលទានអាហារ គឺចង់ផ្ញើសារទៅកាន់បីគោលដៅ ដែលសារទី១គឺសម្រាប់ផ្ញើទៅកាន់ កម្លាំងខ្មែរក្រហមដែលនៅសេសសល់ ឲ្យទម្លាក់អាវុធ ព្រោះថាមេអ្នកឯង បានមកចុះចូលដល់ផ្ទះនាយករដ្ឋមន្ត្រី កំពុងកាន់អំណាចហើយ ។ សារទី២ផ្ញើជូនទៅប្រជាជនកម្ពុជា នៅទូទាំងប្រទេសដែលកំពុងភ័យខ្លាចនិងសង្គ្រាម ថាសង្គ្រាមបានចប់ហើយ ។ ឯសារទី៣ ចង់ប្រាប់ទៅសហគមន៍អន្តរជាតិថា សូមអញ្ជើញមកទស្សនកិច្ច និងវិនិយោគ នៅកម្ពុជា ដោយសារកម្ពុជា បានបញ្ចប់សង្គ្រាមរួចស្រេចហើយ ៕