ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា​ នឹងមិនបើកប្រាក់ខែ ជាសាច់ប្រាក់ដោយផ្ទាល់ឡើងវិញ តាមការស្នើសុំ របស់លោក សុខ ទូច

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងច្បាស់ៗថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនបើកប្រាក់ខែ ជាសាច់ប្រាក់ ដោយផ្ទាល់ឡើងវិញ តាមការស្នើសុំរបស់លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ហើយរាជរដ្ឋាភិបាល នៅរក្សាការបើកប្រាក់ខែ តាមប្រព័ន្ធធនាគារដដែល ។

ការអះអាងរបស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ធ្វើឡើងបន្ទាប់ពីលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ស្នើទៅរាជរដ្ឋាភិបាល សុំឲ្យបើកប្រាក់ ខែជាសាច់ប្រាក់ ដោយផ្ទាល់ឡើងវិញ ។

ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបងប្អូនជាច្រើនបារម្ភខ្លាច សម្ដេចធ្វើតាមការស្នើសុំរបស់លោក សុខ ទូច ។ សម្ដេចថា សម្ដេចក៏ជាអ្នកវិទ្យាសាស្ត្រដឹកនាំ ដែលអាចចាត់ទុកថា ជាអ្នកដឹកនាំដែលយូរជាងគេ និងគ្រប់ហេតុការណ៍ គ្រប់កាលៈទេសៈ គ្មានកន្លែងណា ដែលគ្មានបាតដៃ សម្ដេច នៅក្នុងនោះ ក្នុងរយៈពេលជិត ៤៤ឆ្នាំកន្លងមកនេះ ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់ថា «សុខ ទូច គាត់ជាអ្នកស្រាវជ្រាវម្នាក់ ក៏ប៉ុន្តែគាត់ផ្អែកទៅលើថា គាត់គ្រប់គ្រងបុគ្គលិកខ្លួនឯងអត់បាន គាត់មកស្នើឲ្យរាជរដ្ឋាភិបាល រំសាយចោលការបើកលុយតាមធនាគារ ចឹងមួយចំនួន កំពុងមានការភ័យខ្លាចថា ក្រែងខ្ញុំតាម សុខ ទូច អត់ទេ ។ សុខ ទូច គួរតែខិតខំគ្រប់គ្រងមន្ត្រី ត្រឹមតែរាជបណ្ឌិត្យសភាមិនបាន ហើយមកបំផ្លាញចោលផែនការ កែទម្រង់ ដែលយើងបានប្រឹង ធ្វើចូលទៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ហើយមកទាញឲ្យមកបើកលុយ លេងមកចូលទសវត្សរ៍៩០វិញ ទៅមិនរួចទេ» ។

សម្ដេចតេជោបន្ថែមថា កំណែទម្រង់មួយនេះធំណាស់ ហើយជំរុញយើងឈានទៅដល់ ដំណាក់កាលឌីជីថលអស់ទៅហើយ ដោយគ្រាន់តែប្រើកាតមួយ ទៅបើកលុយ ២អាទិត្យម្ដង នៅធនាគារ ។

ជាមួយគ្នានោះសម្ដេចតេជោ ក៏បានផ្ដាំទៅលោក សុខ ទូច ឲ្យពង្រឹងការគ្រប់គ្រងមន្ត្រី ក្នុងរាជបណ្ឌិត្យសភាកម្ពុជាទៅ កុំមកទាមទារឲ្យរាជរដ្ឋាភិបាល បើកលុយសុទ្ធឡើងវិញ ៕

To Top