ព័ត៌មានជាតិ

ប្រជាការពារ នៅរាជធានីភ្នំពេញ ត្រូវបានយកចិត្តទុកដាក់ ពីថ្នាក់ដឹកនាំ មិនថានៅពេលនេះ ឬជំនាន់ក្រោយ

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី បានលើកឡើងថា ប្រជាការពារត្រូវបានយកចិត្តទុកដាក់​ ពីថ្នាក់ដឹកនាំ មិនថាថ្នាក់ដឹកនាំ នៅពេលនេះ ឬថ្នាក់ដឹកនាំ​ នៅជំនាន់ក្រោយៗទៀតនោះទេ ដោយសារតែប្រជាការពារទាំង១៤ខណ្ឌ បានលះបង់​ ទាំងកម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ​ អាចរកស៊ីទទួលទានបាន និងដើរលេងកំសាន្ត ដោយសប្បាយរីករាយ មិនមានការព្រួយបារម្ភ។

ការលើកឡើងរបស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខាងលើនេះ ធ្វើឡើងក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ​ និងចែកអំណោយជូនកងកម្លាំង ប្រជាការពាររបស់រាជធានីភ្នំពេញ ចំនួនជាង៧០០នាក់ នៅកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាព្រឹកថ្ងៃទី៣០ធ្នូ ឆ្នាំ២០២២នេះ ។

លោក​ ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ប្រជាការពារ នៅរាជធានីភ្នំពេញ បានលះបង់នូវកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ឡើយ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ។  សម្រាប់ថ្នាក់ដឹកនាំ នៅពេលនេះ ឬថ្នាក់ដាក់នាំនៅជំនាន់ក្រោយៗទៀត គឺនៅតែគាំទ្រ និងលើកទឹកចិត្ត​ ប្រជាការពារទាំងអស់ ដោយសារអ្នកទាំងអស់នេះហើយ​ ជាអ្នកលះបង់ ទាំងកម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ និងជាអ្នកផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ អាចរកស៊ីទទួលទានបាន និងការដើរលេងកំសាន្ត ដោយភាពសប្បាយរីករាយ មិនមានការព្រួយបារម្ភ ។

លោក ហ៊ុន ម៉ានី​ បន្តថា ជាក់ស្តែង ខណៈរាជធានីភ្នំពេញ កំពុងប្រឈមមុខ និង ការរីករាលដាលជំងឺកូវីដ-១៩ កិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំធំៗ មួយចំនួនទៀត នាពេលកន្លងមកនេះ បងៗនិងពូៗ ជាប្រជាការពារ បានលះបង់អស់កម្លាំងកាយចិត្ត ដើម្បីការពារសុខមាលភាព​ ជូនប្រជាពលរដ្ឋ និងការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រតិភូ ។

ក្នុងនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងថា ការសួរសុខទុក្ខនិងសំណេះសំណាល ជាមួយបងប្អូនប្រជាការពារ របស់លោក ហ៊ុន ម៉ានី សមាជិករដ្ឋសភា និង ជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា នាពេលនេះ គឺពិតជាការបង្ហាញឲ្យឃើញ អំពីមនោសញ្ជេតនា ស្រឡាញ់រាប់អាន ការផ្ដល់តម្លៃ និងការគិតគូរជាប្រចាំ សម្រាប់បងប្អូនប្រជាការពារ នៅរាជធានីភ្នំពេញ ។ ប្រជាការពារជាកម្លាំងស្ម័គ្រចិត្ត ដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋាន សង្កាត់ ខណ្ឌ នៃរាជធានីភ្នំពេញ ។ កម្លាំងប្រជាការពារជាជំនួយការ ការងារយ៉ាងសំខាន់របស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ទៅលើការងារមួយចំនួន ដូចជាការងារសម្រួលចរាចរណ៍ ការសំអាតអនាម័យបរិស្ថាន ជាមួយនឹងការងារសង្គ្រោះបឋមជាដើម ។

លោក​ ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា អំណោយដែលផ្តល់ជូន ប្រជាការពារទាំងជាង៧០០នាក់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្នុងម្នាក់ៗទទួលបានអង្ក មី ត្រីខ ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយនិងថវិកា ចំនួន៥ម៉ឺនរៀល៕

To Top