ព័ត៌មានជាតិ

បទយកការណ៍ ៖ ភាពយន្តចល័តចិន-កម្ពុជា នៅតែស្ថិតក្នុងដួងចិត្ត ប្រជាជនខ្មែរ

សាធារណជន នៅតាមបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា នៅតែចាប់អារម្មណ៍ និង ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះព្រឹត្តិការណ៍ ដំណើរភាពយន្ត ចល័តចិន-កម្ពុជា រហូតមកដល់ឆ្នាំ២០២២នេះ ។ ជាក់ស្តែង ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើម លើកទី៦ ទើបបានបញ្ចប់ និងទទួលបាន ជោគជ័យយ៉ាងខ្លាំង ជោគជ័យ ដោយសារតែមហាជន នៅតែមកទស្សនាភាពយន្តផ្ទាល់ យ៉ាងច្រើនកុះករ និងបានបញ្ចេញ ចំណាប់អារម្មណ៍គាំទ្រ និងស្វាគមន៍ជាខ្លាំង ។

សូមអញ្ជើញស្តាប់ចំណាប់ អារម្មណ៍របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលបានទស្សនាភាព យន្តផ្ទាល់ ៖

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង «សម្រាប់ខេត្ត យើងខ្ញុំ ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជា ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយើងខ្ញុំនេះ មានការសប្បាយរីករាយ ព្រោះនេះគឺជាទស្សនីភាពមួយធ្វើការឆ្លុះបញ្ចាំងការវិវឌ្ឍនៃផ្នែកគំនិតមួយទៀត ដែលយើងខ្ញុំទាំងអស់គ្នា គិតថា មានការគាំទ្រចំពោះសកម្មភាព នៃការបញ្ចាំង ក្នុងទឹកដីនៃខេត្តកំពង់ឆ្នាំងរបស់យើងខ្ញុំនេះ បាទ»។

លោក ចាប នាង អភិបាលក្រុង ពោធិ៍សាត់៖ «ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរនេះ ជាយុទ្ធសាស្ត្រ ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជានិងចិន ឲ្យមានកាន់តែមានភាពរឹងថែមទៀត ក្នុងនាមរដ្ឋបាលក្រុងពោធិ៍សាត់ ក៏ដូចជាតំណាងឲ្យប្រជាពលរដ្ឋទាំងមូល នៅក្នុងខេត្តពោធិ៍សាត់នេះ គឺមានការអរគុណចំពោះការរៀបចំកម្មវិធីនេះ គឺភាពយន្តចល័តរបស់ស្ថានទូតចិន និងភាគីកម្ពុជាយើងនេះ គឺឃើញថា ពិតជាមានការល្អប្រសើរ ក្នុងទឹកដីខេត្តពោធិ៍សាត់របស់យើងនេះ»។

លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់៖ «ខ្ញុំចាប់អារម្មណ៍ត្រង់ថា មិត្តភាពកម្ពុជាចិន ត្រូវបានរាជរដ្ឋាភិបាលកំណត់ថា ជាមិត្តភាពអមតៈរវាងចិន និងខ្មែរយើងបាទ ខ្ញុំមានចំណាប់អារម្មណ៍ត្រង់ថា គួរតែមានការផ្លាស់ប្តូរវប្បធម៌រវាងខ្មែរនិងចិន ក្នុងភាពយន្តហ្នឹង បាទ»។
លោក សន សំអាត អភិបាលរង ស្រុកកំពង់ត្រឡាច និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ប្រចាំស្រុក៖« បាទ ខ្ញុំសង្ឃឹមថា ក្រោយពីការចាក់បញ្ចាំងនេះទៅ សូមសង្ឃឹមថា ថ្ងៃក្រោយ នឹងមានទស្សនីយភាពភាពយន្តចល័តរបស់កម្ពុជាចិននេះ នឹងមកបញ្ចាំង នៅលើទឹកដី នៃស្រុកកំពង់ត្រឡាច ម្តងទៀត»

យុវតី គឿង ពិសី រៀនថ្នាក់ទី១២ នៅវិទ្យាល័យកំពង់ត្រឡាច៖ «ចូលចិត្តមើលរឿងចិន ដោយសារតែខ្ញុំចង់ចេះភាសាចិន ហើយណាមួយ គឺរឿងចិន ល្អមើល អាចស្វែងយល់ពីវប្បធម៌បានច្រើនដែរ ដូចជា ការរស់នៅ ការស្លៀកពាក់ និង វប្បធម៌ផ្សេងៗ និយាយទៅ យើងបានស្វែងយល់ផ្សេងៗជាច្រើន»។
រីឯលោក តាំង គា ដែលជាកសិករមួយរូប ទោះបីជាពិការជើងម្ខាំងក៏ដោយ ក៏បានឆ្លៀតមកចូលរួមទស្សនា ភាពយន្តដែរ ព្រោះលោកចូលចិត្តមើល ភាពយន្តចិនណាស់ ជាពិសេស នៅថ្ងៃនោះបានទស្សនា ហើយលោកបានប្រាប់ថា ៖

«អរគុណភាគីចិន និងភាគីខ្មែរដែលបានបញ្ចាំង (កុន) មកអប់រំយើងខ្ញុំ ខ្ញុំចូលចិត្តមើលរឿងចិននេះ មានអត្ថន័យអប់រំយើង ឲ្យបានល្អ ធ្វើជាគំរូ ដូចនៅក្នុងរឿង អញ្ចឹង កុំឲ្យយើងលោភលន់ ច្រើន ក៏មានឆុតឆាកកំប្លែង សប្បាយ ជក់ចិត្តដែរ ខ្ញុំជក់ចិត្តមើលរឿងចិនហ្នឹង បានជាខ្ញុំអង្គុយមើល»
សូមបញ្ចាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិនកម្ពុជា ដ៏ឆ្នើម» លើកទី៦ ដំណើរការទៅបាន ក្រោមកិច្ចសហប្រតិបត្តិការ រវាងស្ថានទូតចិន ប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងវិទ្យុមិត្តភាពកម្ពុជាចិន។ បន្ទាប់ពីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ដំណើរភាពយន្តចល័តចិនកម្ពុជា លើកទី៦ បាននាំយកភាពយន្តល្អៗ ទៅចាក់បញ្ចាំង ជូនសាធារណជនទស្សនា ដោយមិនគិតថ្លៃ នៅទីតាំងនានា ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ និង កំពង់ឆ្នាំង ចំនួន៧លើក មានទស្សនិកជនចូលរួមទស្សនាសរុប ជាង៣៥០០ នាក់ ។

ការចូលរួមគាំទ្រយ៉ាង ច្រើន ពីសំណាក់ប្រជាជនខ្មែរបែបនេះ បង្ហាញច្បាស់ថា ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-ខ្មែរ ដ៏ឆ្នើម នៅតែស្ថិតក្នុងដួងចិត្ត របស់ប្រជាជនកម្ពុជា ដើម្បីជំរុញការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរបន្ថែមទៀត និងយូរអង្វែងជាអមតៈ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top