ព័ត៌មានជាតិ

[ទស្សនៈពិភពលោក] “តើពិភពលោកមានបញ្ហាអ្វី? តើយើងគួរធ្វើយ៉ាងដូចម្ដេច?” អត្ថបទពិសេសទីបីសម្រាប់ចុងឆ្នាំ២០២២៖”ដំណើរផ្លាស់ប្ដូរ” របស់ផែនដីកាន់តែខ្លាំងឡើង ហើយមនុស្សជាតិត្រូវតែសហការគ្នាដើម្បីដោះស្រាយ

តើពិភពលោកមានបញ្ហាអ្វី?
នៅឆ្នាំ២០២២ អាកាសធាតុអាក្រក់ខ្លាំង និងគ្រោះធម្មជាតិបានកើតឡើងជាញឹកញាប់នៅជុំវិញពិភពលោក។ យោងតាមរបាយការណ៍បណ្តោះអាសន្នស្ដីពី “ស្ថានភាពនៃអាកាសធាតុសកលឆ្នាំ២០២២” (Provisional State of the Global Climate 2022)របស់អង្គការឧតុនិយមពិភពលោក (the World Meteorological Organization)រលកកំដៅខ្លាំង គ្រោះរាំងស្ងួត និងទឹកជំនន់បំផ្លិចបំផ្លាញក្នុងឆ្នាំ២០២២ បានប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក។

តើយើងគួរធ្វើយ៉ាងដូចម្ដេច?
បម្រែបម្រួលអាកាសធាតុ គឺជាការគំរាមកំហែងទូទៅចំពោះមនុស្សជាតិទាំងមូល។ កិច្ចសហប្រតិបត្តិការ គឺជាមធ្យោបាយតែមួយគត់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ យោងតាមបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ ប្រទេសទាំងអស់ក្នុងពិភពលោកត្រូវតែ “ទទួលខុសត្រូវរួម ប៉ុន្តែចែកដោយឡែកពីគ្នា “។ តើទំនួលខុសត្រូវទាំងនេះគួរបែងចែក និងចែករំលែកដោយរបៀបណា? តើយើងអាចពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអ្វីខ្លះ? អ្នកជំនាញចិន និងបរទេសបានចាប់ផ្តើមពិភាក្សាយ៉ាងក្តៅគគុកលើចំណុចនេះ។

អ្នកផ្លាស់ប្ដូរមតិយោបល់៖
លោក Zhu Weidong អ្នកស្រាវជ្រាវនៅបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន
លោក Ali Pate សាស្ត្រាចារ្យភូមិវិទ្យានៅសាកលវិទ្យាល័យ Bayero Kano
លោកស្រី Saara Chaudry អ្នកជំនាញបញ្ហាបរិស្ថាននៅសាកលវិទ្យាល័យ Nairobi

Ali Pate៖ មើលទៅលើប្រវត្តិសាស្ត្រ ដំណើរការឧស្សាហូបនីយកម្មនៃប្រទេសអភិវឌ្ឍន៍គឺជាបុព្វហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងប្រវត្តិសាស្ត្រប្រទេសកំពុងអភិវឌ្ឍន៍ដែលមិនបានរួមចំណែកក្នុងការធ្វើឱ្យមានបម្រែបម្រួលអាកាសធាតុ ឥឡូវនេះកំពុងទទួលឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលបណ្ដាលមកពីបម្រែបម្រួលអាកាសធាតុដោយមិនស្មើភាពគ្នា។

នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ប្រទេសជិត ២០០ ប្រទេស បានចូលរួមក្នុងសន្និសីទលើកទី២៧នៃភាគី (COP27) នៃ”អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ។ សន្និសីទបាននាំមកនូវលទ្ធផលដ៏សំខាន់មួយគឺ ប្រទេសនានាបានយល់ព្រមបង្កើតមូលនិធិ “ការបាត់បង់និងការខូចខាត” (Loss and Damage)។
Zhu Weidong៖ មូលនិធិការបាត់បង់ និងការខូចខាត គឺជាជ័យជម្នះដ៏សំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយវាក៏ជាវិធានការដ៏សំខាន់មួយផងដែរ ដើម្បីដោះស្រាយបម្រែបម្រួលពិភពលោក។ បម្រែបម្រួលអាកាសធាតុមានអត្ថន័យសែនសំខាន់ចំពោះប្រព័ន្ធអេកូឡូស៊ីរបស់ផែនដី និងការរស់រានមានជីវិតរបស់មនុស្សជាតិ។ ការឈានដល់កិច្ចព្រមព្រៀងនេះអាចនិយាយបានថា ជាជ័យជំនះសម្រាប់ពលរដ្ឋទាំងអស់លើភពផែនដី។
Saja Choudley (ស្រី)៖ “សេចក្តីព្រាងស្តីពីការទប់ស្កាត់គ្រោះថ្នាក់ឆ្លងដែនបណ្ដាលមកពីសកម្មភាពគ្រោះថ្នាក់” ដែលត្រូវបានអនុម័តដោយគណៈកម្មការច្បាប់អន្តរជាតិ (ILC) ក្នុងឆ្នាំ២០០១ (Draft articles on Prevention of Transboundary Harm from Hazardous Activities) ចែងថា អ្នកបង្កើតសកម្មភាពបំពុលគួរតែទទួលខុសត្រូវចំពោះការខូចខាតណាមួយដែលបណ្តាលមកពីសកម្មភាពនេះ។ ការបង្កើតមូលនិធិការបាត់បង់ និងការខូចខាត ទំនងជានឹងបំពេញចន្លោះប្រហោងក្នុងប្រព័ន្ធហិរញ្ញប្បទានអាកាសធាតុបច្ចុប្បន្ន។

To Top