ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ ចុះដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ជូនពលរដ្ឋ ឃុំអូរសោម ស្រុកវាលវែង

ភ្នំពេញ៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ បានចាប់ផ្ដើមបើកវេទិកាសាធារណៈ ដើម្បីសម្របសម្រួល ដោះស្រាយទំនាស់ និងវិវាទផ្សេងៗ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ នៅឃុំអូរសោម ស្រុកវាលវែង ។ក្នុងយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ចំនួន១៩ករណី ត្រូវបានទទួលយក និងសាទរពីប្រជាពលរដ្ឋ ។

ក្នុងនោះរួមមាន៖ ទំនាស់រវាងប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ, ប្រជាពលរដ្ឋជាមួយក្រុមហ៊ុន, ប្រជាពលរដ្ឋជាមួយមន្ត្រីគ្រាក់ៗ និងប្រជាពលរដ្ឋជាមួយអាជ្ញាមូលដ្ឋាន។ល។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានជម្រាបជូនថា ការសម្របសម្រួល និងដោះស្រាយទំនាស់ ក្រៅប្រព័ន្ធតុលាការនាពេលនេះ តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋ យកបេះដូងត្រជាក់ មកដោះស្រាយ ដោយសន្តិវិធី ហើយនិយាយតែកាពិតដោយផ្អែកលើផ្លូវរច្បាប់ មិនមែនកែន ឬជួលមនុស្សឱ្យបានច្រើន ដើម្បីផ្ដិតមេដៃបំភ្លៃការពិត នោះទេ។

លោកបញ្ជាក់ថា «ការដោះស្រាយវិវាទដីធ្លី ដោយមិនគិតពីខ្សែអ្នកតូច ឬអ្នកធំអ្វីឡើយ គឺផ្អែកទៅលើផ្លូវច្បាប់ ព្រោះលោក ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះមុខរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ»។

លោកបានបន្តថា យើងត្រូវពិនិត្យស្ថានភាព និងកាលៈទេសៈពិតប្រាកដ អ្នកដែលទិញដីរាប់រយហិកតា ទោះបីកាត់ឆ្វៀល ក៏ដោយក៏នៅជាដីរដ្ឋដដែល គឺគ្រប់គ្រងដោយថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន មិនមែនថ្នាក់ក្រោមជាតិ មានសិទ្ធសម្រេចកាត់ដី ស្រេចតែនឹងចិត្តនោះទេ គឺត្រូវសុំគោលការណ៍ពីថ្នាក់ជាតិ បើថ្នាក់ជាតិចុះមកពិនិត្យមើលឃើញត្រឹមត្រូវ និងឯកភាពហើយ ទើបខេត្តមានសិទ្ធិរៀបចំនីតិវិធីចេញប្លង់កម្មសិទ្ធិជូន។ ប្រជាពលរដ្ឋដែលមានដើមកំណើត ឬរស់នៅក្នុងឃុំអូរសាមនេះយូរហើយ ជាអាទិភាពទី១ ដែលយើងត្រូវធ្វើប័ណ្ណកម្មសិទ្ធជូន រីឯអ្នករស់នៅសព្វថ្ងៃបង្កទំនាស់ដីធ្លីនោះ ភាគច្រើនមកពីក្រៅខេត្ត។

លោក បានបញ្ជាក់ថា តំបន់អភិរក្សធនធានធម្មជាតិ ដីបម្រុងរបស់រដ្ឋ រដ្ឋបាល និងអាស្រ័យផលរបស់ប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលបានបែងចែកច្បាស់ណាស់ បើបងប្អូនធ្វើស្របច្បាប់ លោកជួយការពារ តែបើប្រឆាំងនឹងច្បាប់លោកមិនចូលរួមជាមួយនោះទេ។
លោក ខូយ រីដា ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារធនធានធម្មជាតិ នៅក្នុងស្រុកវាលវែងនេះ ឱ្យនៅគង់វង្សយូរអង្វែង ដោយត្រូវបញ្ឈប់ការរានព្រៃ និងកោរភ្នំចាប់ពីពេលនេះតទៅ។

លោកបន្ថែមថា ឃុំអូរសោម ជាឃុំមួយ កំពុងមានការអភិវឌ្ឍន៍ ដែលត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត គ្រប់បែបយ៉ាង ឱ្យមានរបៀបរៀបរយ ដូច្នេះយើងត្រូវចូលទាំងអស់គ្នា ដើម្បីធ្វើឱ្យឃុំរបស់យើង រក្សាបាននូវទេសភាព ធនធានធម្មជាតិ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកាន់តែច្រើន។

ក្រោយពីទទួលបានការសម្រួល ដោះស្រាយ និងពន្យល់បញ្ហាផ្លូវច្បាប់ ពីសំណាក់លោក ខូយ រីដា រួចមក បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ បានទទួលយក និងចូលរួមគាំទ្រយន្តការដោះស្រាយ ក្រៅប្រព័ន្ធតុលាការ ចាប់ពីពេលនេះតទៅ ៕

To Top