ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ ដកតំណែង​ លោក​ ភូ​ លិ​ អភិបាលរងខេត្តកែប ដែលប្រើ​ហិង្សា​លើ ស្រ្តី​

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យដកតំណែង អភិបាលរងខេត្តកែប លោក ភូ លិ ដែលប្រព្រឹត្តអំពើហិង្សា និងបៀតបៀនលើស្រ្តី២រូប ក្នុងពិធីជប់លៀងមួយ នៃការឡើងកាន់តំណែងប្រធានមន្ទីរបរិស្ថានខេត្តនេះ កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

យោងតាមអនុក្រឹត្យចេញផ្សាយ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះបាន បញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ចប់មុខតំណែងលោក ភូ លិ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ពីភិបាលរងនៃគណៈអភិបាលខេត្តកែប»។

ការដកតំណែង អភិបាលរងខេត្តកែប អសីលធម៌រូបនេះ ធ្វើឡើងតបតា មសំណើរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

បើតាមប្រភពបានឲ្យដឹងថា ការសម្រេចដកលោក ភូ លិ ចេញពីអភិបាលរងខេត្តកែប បានកើតមានក្រោយពេលផ្ទុះរឿងអាស្រូវប្រើហិង្សាលើមន្ត្រីសាខាពន្ធដារខេត្តកែប។

សូមរំលឹកថា កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក ភូ លិ និងស្រ្តីរងអំពើហិង្សាឈ្មោះ ខូវ ហ៊ុយឡាំង បានទៅចូលរួមកម្មវិធីពិសារអាហារសាមគ្គី អបអរសាទរការចូលកាន់មុ ខតំណែងប្រធានមន្ទីរបរិស្ថានខេត្ត។ លុះម៉ោងប្រហែល ៧៖៣០នាទីយប់ បន្ទាប់ពីបានក្រេបដឹកប្តូរនិស្ស័យ រហូតស្រវឹងហើយនោះ លោក ភូ លិ បានថើបក្បាលនារីម្នាក់ ជាសាច់ញាតិរបស់ឈ្មោះលោកស្រី ខូវ ហ៊ុយឡាំង ដែលមើលទៅមិនសាកសមនោះឡើយ។ ក្រោយពេលថើបហើយនោះ ស្ត្រីដែលរងការបៀតបៀននេះ និយាយទៅកាន់ លោក ភូ លិ ថា ធ្វើអ៊ីចឹងមិនសមទេ កុំធ្វើចឹងមិនត្រឹមត្រូវទេ។

អ្នកឃើញហេតុការណ៍ បន្តថា ក្រោយនារីរងការបៀតបៀននិយាយបែបនេះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញ។ មួយសន្ទុះក្រោយមក ស្រាប់តែដើរត្រលប់មក ម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងស្ត្រីរងការបៀតបៀន ព្រមទាំងអ្នករួមតុដទៃទៀត ក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួនដេរប្រមាណ ១៦ថ្នេរ។

ប្រភពបន្តថា ក្រោយពេលកើតហេតុហិង្សា និងការបៀតបៀននេះ លោក ភូ លិ មិនត្រូវបានសមត្ថកិច្ចឃាត់ខ្លួននោះឡើយ។

សូមជម្រាបថា លោក ភូ លិ មានអតីតភាពជាអភិបាលរងខេត្តកំពត ព្រោះតែភាព មិនចុះសម្រុងការងារជាមួយមន្ត្រីក្នុងខេត្ត ក៏ត្រូវបានប្តូរទៅកាន់ខេត្តកែបវិញ។ អ្នកដែលធ្លាប់ស្គាល់លោក ភូ លិ បានអះអាងថា លោក ភូ លិ ជាមនុស្សមានចរិតមិនថ្លៃថ្នូរ ជាពិសេសនៅពេលស្រវឹង តែងធ្វើទង្វើមិនគប្បីមួយចំនួន បំពានលើកិត្តិយស របស់ស្ត្រី ដែលជាទង្វើមួយអសីលធម៌ មិនសមជាមន្ត្រីបំរើរាស្ត្រនោះទេ៕

To Top