ព័ត៌មានជាតិ

កម្ពុជា ប្រកាសស្វាគមន៍ភ្ញៀវទេសចរចិន ក្រោយពីចិន បើកប្រទេសឡើងវិញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះភ្ញៀវទេសចរចិន មកទស្សនាប្រទេសកម្ពុជា ក្រោយពីចិន បើកប្រទេសឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ មានភាពធូរស្រាល។

នាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ពិតជាគោលដៅទេសចរណ៍ដ៏សំខាន់ សម្រាប់ប្រជាជនចិន។ សម្ដេច គូសបញ្ជាក់​ថា «សូមអញ្ជើញប្រជាជនចិន និងទេសចរចិន មកទស្សនាកម្ពុជា»។

សម្ដេចតេជោ បន្ដថា ប៉ុន្មានថ្ងៃនេះ មានអ្នកឃោសនាអកុសលមួយចំនួន អំពីការឆ្លងរាលដាលជំងឺកូវីដនៅចិន ដែលជាការបំភ័យមួយ មិនមែនជាការពិតនោះឡើយ។ សម្ដេច បន្ដថា ប្រទេសមួយចំនួន កំណត់លក្ខខណ្ឌផ្សេងៗ សម្រាប់ទេសចរពីចិន។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា «ប៉ុន្តែអ្នកដែលមានការតឹងតែងជាមួយចិន ក៏សុំតឹងតែងទៅចុះ ព្រោះនោះវាផ្ដល់ផលចំណេញឱ្យកម្ពុជា ឧបមាថា គេចង់ទៅប្រទេសនោះ ប៉ុន្តែប្រទេសនោះ គេមានលក្ខខណ្ឌតម្រូវឱ្យប្រជាជនចិន ត្រូវធ្វើនេះ ត្រូវធ្វើនោះ ក្នុងពេលដែលកម្ពុជាអត់តម្រូវឱ្យប្រជាជនចិន ត្រូវធ្វើអីទេ មកទេសចរណ៍ធម្មតា» ។

សម្ដេចតេជោ ក៏រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងស្ទុះឡើងវិញតាមរយៈការងើបឡើងវិញ នៃវិស័យទេសចរណ៍ ផងដែរ ៕

To Top