តាកែវ ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី មេបញ្ជាការរង កងពលតូចដឹកជញ្ជូនលេខ៩៩ និងជានាយសេនាការ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ ព្រមទាំងជាអនុប្រធានក្រុមការងារ ចុះជួយឃុំត្រពាំងធំខាងត្បូង និងជាប្រធានក្រុមការងារ ប្រចាំភូមិសំរោង របស់គណបក្សប្រជាជនកម្ពុជា និងភរិយា បានអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២២-២០២៣ នៅសាលាបឋមសិក្សាវត្តអង្គរកា ស្ថិតនៅភូមិព្រៃរំដួល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោក ឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី បានអានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងបានលើកឡើង អំពីទាក់ទងជាមួយវិស័យអប់រំជាច្រើន បទពិសោធន៍ កាលពីលោករៀន ហើយបានកោតសរសើរ ដល់លោកនាយក លោកគ្រូ អ្នកគ្រូបានខិតខំបង្រៀន សិស្សានុសិស្សមិនគិតពីការនឿយហត់ ដោយប្រឹងប្រែងអស់កម្លាំងកាយ កម្លាំងចិត្ត អរគុណដល់អាជ្ញាធរមូលដ្ឋាន បានខិតខំថែរក្សាសុខសុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ហ៊ុល វណ្ឌី និងភរិយា បានប្រគេនស្លាដកព្រះសង្ឃពីរព្រះអង្គ ជូនថវិកា ៣០,០០០រៀល និងសារុងមួយដល់លោកគ្រូ អ្នកគ្រូ ២៨នាក់ សិស្សានុសិស្ស ៩៩៩នាក់ថវិកា ២,០០០រៀល សៀវភៅមួយក្បាល ប៉ិចមួយដើម និងបានចែករង្វាន់ដល់សិស្សពូកែ ឆ្នាំសិក្សាចាស់ ២០២១ ២០២២ ជូនថវិកា៣០០០០រៀល និងសារុងដល់ប្រឹក្សាឃុំជាងទង និងត្រពាំងធំខាងត្បូង ជូនថវិកា២០០,០០០រៀល ដល់នាយប៉ុស្ត៍ជាងទង និងត្រងពាំធំខាងត្បូង ៕