ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានឱ្យដឹងថា ចាប់តាំង ពីឆ្នាំ១៩៩៤ មក អូស្រ្តាលី ចូលរួមការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និង ផ្តល់ជំនួយជាង ១០០លានដុល្លារ ដោយរំដោះ បាននូវផ្ទៃដីប្រមាណជា ២៥០ គីឡូម៉ែត្រក្រឡា។
ក្រោយបញ្ចប់ជំនួបពិភាក្សាការងារជាមួយ លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្រា្តលី មុននឹងចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ លោកទេសរដ្ឋមន្រ្តី លី ធុជ បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុកថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងប្រទេស និងប្រជាជនទាំងពីរ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមក្នុងការស្វែង រកសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាចូលរួមដល់ការងារ បោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៤។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា «ចាប់តាំងពីឆ្នាំ១៩៩៤ អូស្រ្តាលី បានចូលរួមដល់ការងារបោសសម្អាតមីន មនុស្សធម៌នៅកម្ពុជាយ៉ាងសកម្ម និងបានផ្តល់ជំនួយជាង ១០០ លានដុល្លារអាមេរិក ដោយរំដោះបាននូវផ្ទៃដីប្រមាណជា ២៥០ គីឡូម៉ែត្រក្រឡា សម្រាប់ផ្តល់សុខសុវត្ថិភាព និងលើកកម្ពស់ជីវភាពរបស់នៅ ជូនដល់ប្រជាជនកម្ពុជា នៅតាមមូលដ្ឋានប្រមាណជាង ១លាននាក់»។
លោកទេសរដ្ឋមន្រ្តី បានចាត់ទុកប្រទេសអូស្រ្តាលីគឺជា ដៃគូមួយយ៉ាងសំខាន់ក្នុងការងារបោសសម្អាតមីន ព្រមទាំងបានស្នើសុំឲ្យរដ្ឋាភិបាលអូស្រា្តលី បន្តបន្ថែមថវិកាជួយដល់កម្ពុជា ដើម្បីបញ្ចប់ការងារបោស សម្អាតមីន នៅឆ្នាំ២០២៥ និងជួយដោះស្រាយហានិភ័យ ពីសំណល់ជាតិផ្ទុះពីសង្រ្គាម ក្រោយឆ្នាំ២០២៥ ផងដែរ ។
ជាមួយគ្នា លោកទេសរដ្ឋមន្រ្តី បានប្រាប់ឯកអគ្គរដ្ឋទូតអូស្រ្តាលី អំពីរបត់ការងារបោសសម្អាតមីន ក្នុងឆ្នាំ២០២២នេះ ដែលមានវិស័យឯកជន និងសប្បុរសជននានាជាច្រើន បានចូលរួមវិភាគទាន ជាមួយចលនាជាតិរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដើម្បីដោះស្រាយបញ្ហាមីននៅកម្ពុជា តាមរយៈគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដែលអាជ្ញាធរមីនបានយកវិភាគទានទាំងនេះ ទៅធ្វើការផ្ទៃដីមានមីនបានជាង ៩១គីឡូម៉ែត្រក្រឡា ។
លោកទេសរដ្ឋមន្រ្តី បានបន្ដថា បន្ទាប់ពីបញ្ចប់ការងារ បោសសម្អាតមីន ក្នុងគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីនទាំងស្រុង កម្ពុជានៅសល់ផ្ទៃដី សង្ស័យមានមីនប្រមាណជា ៥៨៧ គីឡូម៉ែត្រក្រឡាទៀត ដែលមានកម្ពុជាមានមហិច្ឆតា ត្រូវបញ្ចប់ឱ្យអស់ត្រឹមឆ្នាំ២០២៥៕