ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យអាណាព្យាបាល ខិតខំថែមទៀត ដើម្បីកូនៗ ក្លាយខ្លួនជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានជំរុញឲ្យអាណាព្យាបាល ខិតខំថែមទៀត ក្នុងការអប់រំ ដើម្បីឲ្យកូនៗ ក្លាយខ្លួនជា កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ក្នុងពិធី សំណេះសំណាល ជាមួយសិស្សានុសិស្សនិទ្ទេស A ក្នុងក្រុងកំពង់ចាម ចំនួន ២១ នាក់ ។

បើតាម លោក លី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងខេត្តកំពង់ចាមទទួលបានសិស្សជាប់និទ្ទេស A ចំនួន ៧៣នាក់ បើប្រៀបធៀបទៅទូទាំងប្រទេស ខេត្តកំពង់ចាម គឺសិស្សជាប់និទ្ទេស A ចំណាត់ថ្នាក់លេខ ៤ ។

លោក លី ម៉េងសាន បានបញ្ជាក់ផងដែរថា ចំពោះបេក្ខជន ដែលបានចូលរួមប្រឡងមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២២ មានចំនួនសរុប ៨,១៧៧នាក់ ។ ប្រឡងជាប់បាន ៥,៧៩៩ ក្នុងនោះសិស្សជាប់និទ្ទេស A សរុបចំនួន ៧៣ នាក់ និទ្ទេស B ៤២០នាក់ និទ្ទេស C ១,០៩៣នាក់ និទ្ទេស D ១,៩៨៤ នាក់ និងនិទ្ទេស E ២,២៣៦ នាក់ ។ សម្រាប់ក្រុងកំពង់ចាម ជាប់ចំណាត់ថ្នាក់លេខ ១ ដែលមានសិស្សជាប់និទ្ទេស A ច្រើនជាងគេ មានចំនួន ២១ នាក់ ។

ស្ថិតក្នុងឱកាសនោះ ដែរ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានមានប្រសាសន៍ថា សុខសន្តិភាព គឺជាកត្តាចម្បងដែលធ្វើឲ្យ សិស្សានុសិស្ស របស់យើងមានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែដែលប្រឡងជាប់និទ្ទេសល្អ យ៉ាងច្រើនផងដែរ ។ កត្តាសុខសន្តិភាពនេះដែរ បានផ្ដល់ឱ្យឪពុកម្ដាយ អាណាព្យាបាលរបស់ក្មួយៗ មានមុខរបរ មានការងារធ្វើ ទទួលបានប្រាក់ចំណូលយកថវិកានោះ យកមកផ្គត់ផ្គង់ឧបត្ថម្ភក្មួយៗ ទាំងអស់បានរៀនសូត្រ និងទិញសម្ភារៈ មធ្យោបាយ ផ្ដល់ឱ្យក្មួយៗ ប្រើប្រាស់ក្នុងការសិក្សា ។

លោកអភិបាលខេត្ត បានបន្តថា ជាបទពិសោធន៍ របស់លោក ការសប្បាយចិត្តទី១ គឺប្រលងជាប់បាក់ឌុប និងការសប្បាយចិត្តទី២ គឺពេលប្រឡង បានសញ្ញាបត្រឧត្ដមសិក្សា និងសប្បាយចិត្តទី៣ នៅពេលទទួលបានការងារធ្វើល្អ ។ ទាំងនេះហើយគឺជាការឆ្លើយតបទៅនឹងពាក្យថា ធ្វើខ្លួនឲ្យក្លាយជា កូនល្អ សិស្សល្អ និងពលរដ្ឋល្អ ។

លោកអភិបាលខេត្ត បានបន្តទៀតថា ជាការពិតណាស់ ការអប់រំ និង ការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការ បណ្តុះបណ្តាលក្នុងសាលារៀន ដែលមានគ្រូបង្រៀន ជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និង ជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ ។ ប៉ុន្តែ ក៏ត្រូវមានកិច្ច សហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅ ក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ ក្នុងការពង្រឹងកោសិកាសង្គម និង តម្រែតម្រង់ទិសសិស្ស ឱ្យដើរទៅតាមផ្លូវត្រូវ មាតាបិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ ក្នុងការរួមចំណែក ជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីក ក្នុងគ្រួសារ និងជួយពង្រឹង ឱ្យខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បីក្លាយឃាពលរដ្ឋល្អ ជួយដល់គ្រួសារ និងសង្គមជាតិរបស់យើង នាថ្ងៃអនាគត ៕

To Top