ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានថ្លែងថា គម្រោងសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មីនេះ សាងសង់លឿន ជាងផែនការគ្រោងទុក ដោយសម្រេចបាន ៦៥%ហើយ ។
ក្នុងកិច្ចប្រជុំ ស្ដីពីវឌ្ឍនភាព នៃការសាងសង់អគារ ទីស្ដីការក្រសួងមហាផ្ទៃថ្មី ដែលស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក សក់ សេដ្ឋា បានបញ្ជាក់ថា ការសាងសង់អគារទីស្ដីការ ក្រសួងមហាផ្ទៃថ្មី គិតមកដល់ពេលនេះ មានរយៈពេលជាង ១ឆ្នាំហើយ តាមកិច្ចសន្យា រវាងក្រសួងមហាផ្ទៃ ជាមួយក្រុមហ៊ុនសាងសង់ គឺប្រើរយៈពេលសាងសង់ជាង ២០ខែ ដោយបញ្ចប់ការងារនៅខែសីហា ឆ្នាំ២០២៣ ខាងមុខ ។
លោក គូសបញ្ជាក់ថា «បើតាមសេចក្ដីរាយការណ៍ សង្ខេបពីក្រុមហ៊ុននាពេលកន្លងទៅ គម្រោងសាងសង់ទីស្ដីការ ក្រសួងមហាផ្ទៃថ្មីនេះ គឺសាងសង់បានលឿន ជាងតាមផែនការ ដែលបានគម្រោងទុក ។ អគារទីស្ដីការក្រសួងថ្មីនេះ គឺសាងសង់បានត្រឹមត្រូវ និងតាមស្ដង់ដារសំណង់ ដោយបានសាងសង់យ៉ាងយកចិត្តទុក ដាក់បំផុតផងដែរ» ។
លោករដ្ឋលេខាធិការ បានចាត់ទុកថា អគារទីស្ដីការក្រសួងមហាផ្ទៃថ្មីនេះ ក៏មានផ្ទៃក្រឡាទំហំធំជាងគេ ក្នុងចំណោមអគាររបស់រដ្ឋ នៅកន្លែងដទៃទៀត។ លោក ក៏បានណែនាំបន្ថែម ដល់ក្រុមមហ៊ុនសាងសង់ ត្រូវពន្លឿនកិច្ចការងារ របស់ខ្លួនឱ្យបានលឿន ដើម្បីបញ្ចប់ការសាងសង់ ឱ្យបានរួចរាល់តាមការគ្រោងទុក និងត្រូវគោរពតាមបទដ្ឋាន នៃសំណង់ឱ្យបានត្រឹមត្រូវជាប់ជាប្រចាំ ដើម្បីធានាបាននូវភាពរឹងមាំ នៃសំណងដែលអាវរក្សា នូវគុណភាពបានយូរអង្វែង ។
នាឱកាសនោះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានឱ្យដឹងថា តាមការសន្និដ្ឋាន និងវាយតម្លៃ ជាលទ្ធផលសរុប ជារួមសម្រេចបានលើស ៦៥% ធៀបនឹងកិច្ចសន្យា ។ លោក បន្ដថា ក្រុមហ៊ុនសាងសង់ ត្រូវអនុវត្តការងារតាមកិច្ចសន្យា និងប្រតិទិនការងារ ដែលធៀបមកល់បច្ចុប្បន្ននេះ មានរយៈពេល ១៣ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សម្រេចលទ្ធផលបានមុន ផែនការកំណត់ចំនួន ២សប្ដាហ៍ ។
សូមរំលឹកថា អគារទីស្តីការរបស់ក្រសួមហាផ្ទៃនេះមានទំហំ ១៥៣ម៉ែត្រ គុណ ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់ សម្រាប់ចំណតរថយន្ត ដែលអាចចតរថយន្តក្នុងអគារបានសរុបចំនួន ៣៣០គ្រឿង។ ប្លង់ស្ថាបត្យកម្ម នៃអគារទីស្តីការថ្មី របស់ក្រសួងមហាផ្ទៃនេះ ជាប្រភេទស្ថាបត្យកម្ម ក្លាសិក រចនាបទខ្មែរដំបូល ប្រក់ក្បឿងស្រកាលិញ មានបុស្បបុកចំនួនប្រាំ លំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ ដោយអនុលោម តាមគោលការណ៍សមមាត្រ នៃរូបរាងអគារ នឹងបានគិតគូរយ៉ាងហ្មត់ចត់អំពីពន្លឺ ខ្យល់ធម្មជាតិ ចេញចូលគ្រប់គ្រាន់ ប្រកបដោយផាសុខភាព ស័ក្តិសមជាទីកន្លែងធ្វើការ បែបសម័យទំនើបថ្មី ៕