ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូនលោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ ដើម្បីជាការថ្លែងអំណរគុណចំពោះការរួមចំណែករបស់ឯកឧត្តម ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី ក្នុងអំឡុងពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយចំពោះសន្ទុះដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រួមមាន ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី ម៉ារីស ផេន (Marise Payne) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ឯក ចន សេនដឺសុន (John Sanderson) មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២ដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបអនុស្សាវរីយ៍លើកទី៣០នៃ អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងការអញ្ជើញចូលរួមរបស់លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រី ការបរទេសអូស្ត្រាលី និងលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញកាលពីឆ្នាំមុន។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង បានសម្តែងការពេញចិត្តចំពោះ ទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាលយោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៊ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្មហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយអំពីនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។
លោកទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជាប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចារនានា។ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់ឯកឧត្តម ចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមក ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ដែលជាផលប្រយោជន៍រួម៕