ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងជាបទពិសោធន៍ និងមេរៀនថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថា ស្រឡាញ់ស្មោះត្រង់ យោគយល់ឲ្យគ្នា ឬអត់ ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ថ្ងៃនេះជាខួប៤៧ឆ្នាំ នៃថ្ងៃរៀបការ (៥ មករា ១៩៧៦-៥ មករា ២០២៣ )។ ពេលវេលាដ៏លំបាកបំផុត ជាមួយទឹកភ្នែករាប់លានដំណក់ ប្តីប្រពន្ធយើងបានរួមជាមួយ ប្រជាជនកម្ពុជា ក្រោកឈរឡើងតស៊ូ ដើម្បីការរស់រានមានជីវិត និងការអភិវឌ្ឍដូចសព្វថ្ងៃ» ។
សម្ដេចបន្តថា «យើងមិននឹកស្មានថា យើងអាចរស់រហូតមកដល់ពេលនេះឡើយ បើប្រៀបជាមួយការលំបាកនាពេលនោះ។ យើងក៏មិនបានគិតថាយើងមានកូន និងចៅចំនួនច្រើន ដែលគួរស្រឡាញ់ ដូចសព្វថ្ងៃនេះដែរ» ។
ទន្ទឹមគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «មេរៀនបានបង្ហាញថា រៀបការមានភ្លេង ឬអត់ភ្លេង គ្មានអ្វីខុសគ្នាទេ បញ្ហាស្ថិតត្រង់ថាស្រឡាញ់ស្មោះត្រង់ យោគយល់ឲ្យគ្នាឬអត់? បែកបាក់ឬស្ថិតស្ថេរស្ថិតនៅលើ ចំណុចនេះហើយ» ៕


