ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងឱ្យដឹងថា កម្ពុជា ចង់ឱ្យមន្ត្រីនគរបាលមានស្តង់ដារ និងសមត្ថភាពខ្ពស់ ដូចមន្ត្រីនគរបាលអន្តរជាតិ។

នាឱកាសអនុញ្ញាតឱ្យលោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២២៣ សម្ដេចក្រឡាហោម ស ខេង បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់ ដើម្បីរក្សាសន្តិសុខ ឱ្យបានកាន់តែមានប្រសិទ្ធភាពថែមទៀត។
សម្ដេចក្រឡាហោម បញ្ជាក់ថា “កម្ពុជាចង់ឱ្យមន្ត្រីនគរបាល មានស្តង់ដារសមត្ថភាពខ្ពស់ ដូចទៅនឹងមន្ត្រីនគរបាលអន្តរជាតិផងដែរ ក្នុងន័យនេះសម្ដេចក្រឡាហោម បានស្នើឱ្យប្រទេសអាល្លឺម៉ង់ពិនិត្យឡើងវិញ នូវលទ្ធភាពបង្កើតកិច្ចសហប្រតិបត្តិការពាក់ព័ន្ធ នឹងវិស័យនគរបាលនេះ ជាមួយប្រទេសកម្ពុជា”។
ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការ លើវិស័យនគរបាល លោកទូត បានលើកឡើងថា វាគឺជាការងារមួយដ៏សំខាន់ ដោយសារមន្ត្រី នគរបាលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋ ។ ប្រទេសអាល្លឺម៉ង់ កំពុងត្រៀមរៀបចំ ក្រុមនាំមុខដើម្បីចុះមកធ្វើការសិក្សា ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីឈានទៅរកការបង្កើត កិច្ចសហប្រតិបត្តិការផ្លូវការ ជាមួយប្រទេសកម្ពុជា។
លោកបន្ថែមថា បច្ចុប្បន្នអាល្លឺម៉ង់កំពុងតែសិក្សា លើចំណុចកិច្ចសហប្រតិបត្តិការផ្សេងៗ ជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា លើការងារលើកកម្ពស់ សមត្ថភាពរបស់មន្ត្រីនគរបាល ដោយឯកឧត្តមបានចាត់ទុកថា ការងារនេះមានសារៈសំខាន់ ដោយសារមន្ត្រីនគរបាល គឺជាអ្នកដែលធ្វើការផ្ទាល់ យ៉ាងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ ហើយទាមទារឱ្យមាននូវវិជ្ជាជីវៈខ្ពស់ និងមានសុជីវធម៌ល្អ៕



