ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយ នាយក នាយិកា នាយករង នាយិការង លោកគ្រូអ្នកគ្រូទាំងអស់នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្តាល និងវិទ្យាល័យ ហ៊ុន សែន ROTA ស្រុកខ្សាច់កណ្តាលសរុបចំនួន ៣ ២៤៤ នាក់។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយពេលវេលាបង្រៀនដល់សិស្សានុសិស្សទាំងអស់ ឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ដោយមានសិស្សប្រឡងជាប់បាក់ឌុបជិត៨០ភាគរយ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ។ ដោយស្មារតីទទួលខុសត្រូវខ្ពស់របស់លោកគ្រូអ្នកគ្រូ, លោកបណ្ឌិត បានបន្តលើកទឹកចិត្ត និងសំណូមពរដល់លោកគ្រូអ្នកគ្រូទាំងអស់បន្តខិតខំបង្រៀងសិស្សឱ្យអស់ពីលទ្ធភាពបន្ថែមទៀត ដើម្បីឱ្យសិស្សប្រឡងបាក់ឌុបជាប់ឱ្យបានកាន់តែច្រើននិងទទួលបាននិទ្ទេសល្អថែមទៀតសម្រាប់ឆ្នាំសិក្សា២០២២-២០២៣។
ជាមួយគ្នានេះ លោក បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរសាទរចំពោះការបើកបវេសនកាលឆ្នាំសិក្សាថ្មី ពីសំណាក់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ផងដែរ។ដោយមើលឃើញពីប្រសិទ្ធភាព នៃការកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យអប់រំ ក្នុងរយៈកាលចុងក្រោយនេះ បានធ្វើឱ្យវិស័យអប់រំកាន់រីកចម្រើន ហើយសិស្សានុសិស្សបានខិតខំពង្រឹងខ្លួនទាំងសមត្ថភាព និងចំណេះដឹង ជាក់ស្តែងលទ្ធផលនៃការប្រឡងបាក់ឌុបក្នុងឆ្នាំកន្លងមក ជាសក្ខីភាពបង្ហាញពីភាពជោគជ័យ នៃកំណែទម្រង់ប្រព័ន្ធអប់រំ តាមរយៈពាក្យស្លោក “អ្នកចេះគឺជាប់”។
លោកបណ្ឌិត ក៏បានធ្វើការលើកទឹកចិត្ត និងជំរុញឱ្យប្អូនៗសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាព ដើម្បីទទួលបានជោគជ័យនៅពេលប្រឡងនាពេលខាងមុខ។
បន្ថែមលើនេះ លោកបណ្ឌិត បានណែនាំ និងចែករំលែកនូវបទពិសោធន៍ព្រមទាំងវិធីសាស្រ្តល្អៗមួយចំនួនពាក់ព័ន្ធនឹងការសិក្សារៀនសូត្រ ទាំងនៅក្នុងសាលា និងស្វ័យសិក្សា ជូនដល់ប្អូនៗសិស្សានុសិស្ស ដូចជា៖ត្រូវរៀបចំកាលវិភាគសម្រាប់សិក្សា ដោយក្នុងនោះត្រូវធ្វើការបែងចែកម៉ោងសិក្សា ទាំងនៅសាលា ទាំងនៅផ្ទះ និងការធ្វើលំហាត់ប្រាណ។
ធ្វើទំនើបកម្មសិក្សា ដោយក្នុងនោះ លោកបណ្ឌិត បានណែនាំប្អូនៗឱ្យរៀនបន្ថែមតាមរយៈកម្មវិធីអនឡាញ (APP) ដែលក្រសួងអប់រំបានផ្សព្វផ្សាយ ក៏ដូចជាកម្មវិធីអបរំតាមទូរទស្សន៍។
លោកបណ្ឌិត ណែនាំឱ្យប្អូនៗខិតខំអានសៀវភៅឱ្យបានច្រើន និយាយដោយឡែកចំពោះការធ្វើទំនើបកម្មប្រព័ន្ធអប់រំតាមបែបឌីជីថល លោកបណ្ឌិត បានធ្វើការកត់សម្គាល់បន្ថែមទៀតថា បច្ចុប្បន្ននេះ ក្មេងៗ និងយុវជន យុវនារី មានភាពឈ្លាវវៃ និងពូកែវ ជាពិសេសលើប្រព័ន្ធបច្ចេកវិទ្យា(IT) ។ ក្នុងន័យនេះ ដើម្បីដើរឱ្យទាន់បរិបទថ្មី លោកបណ្ឌិត បន្តលើកទឹកចិត្តប្អូនៗសិស្សានុសិស្ស ត្រូវធ្វើការសិក្សាស្រាវជ្រាវចំណេះដឹងថ្មីៗបន្ថែម តាមរយៈ យូធូប ឬ វេបសាយ ដែលក្នុងនោះមានមេរៀនថ្មីៗជាច្រើន ហើយយកចំណេះដឹងទាំងនោះ ទៅចែករំលែកបន្តដល់មិត្តភ័ក្តដែលនៅជុំវិញខ្លួន។
បន្ថែមលើនេះ លោកបណ្ឌិត បានជូនយោបលដល់ប្អូនៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រប្រកបដោយអង្គបួនតាមពុទ្ធឱវាទ គឺ សុត (ស្តាប់) ចិន្ត (គិត) បុច្ឆ (សួរ) លិខ (ស្តាប់ គិត សួរ កត់ត្រា) ដែលសម្រាយខ្លីមកហៅថា សុ.ចិ.បុ.លិ. ហើយប្អូនៗត្រូវមានភាពក្លាហាន កុំខ្មាស់អៀន ក្នុងការសាកសួរនូវចម្ងល់ផ្សេងៗពីអ្នកដែលចេះជាងយើង រួមមានមិត្តភ័ក្រ និងលោកគ្រូអ្នកគ្រូជាដើម។ ដូចពាក្យស្លោកខ្មែរបានពោលថា “ចង់ចេះឱ្យសម្លាប់អាចារ្យ បើចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់”។
ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានធ្វើការស្នើសុំដល់លោកគ្រូ អ្នកគ្រូ បន្ត ធ្វើការសិក្សាស្រាវជ្រាវ និងធ្វើការពង្រឹងសមត្ថភាពបន្ថែម ព្រមទាំងចំណេះដឹងឱ្យកាន់តែខ្ពង់ខ្ពស់ ដើម្បីផ្ទេរទៅប្អូនៗឱ្យអស់ពីលទ្ធភាព។
លោកបានសំណូមពរដល់លោកគ្រូអ្នកគ្រូ ជួយបណ្តុះបណ្តាលទាំងជំនាញទុន និងជំនាញរឹង និងជួយបណ្តុះស្មារតីសិស្សឱ្យចេះស្រឡាញ់កីឡា ស្រឡាញ់ការងារសង្គម បណ្តុះឥរិយាបទឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ខ្ពស់ និងជាពិសេសជួយបណ្តុះឱ្យសិស្សមានភាពម្ចាស់កាល និងឯករាជ្យក្នុងសិក្សា ស្រាវជ្រាវ ព្រមទាំងបណ្តុះការអានសៀវភៅឱ្យបានច្រើន។
លោកបណ្ឌិត ស្នើសុំឱ្យសាលារៀបចំបណ្ណាល័យឱ្យបានស្អាត នៅតាមវិទ្យាល័យ និងដាក់សៀវភៅអានឱ្យបានច្រើន និងគ្រប់គ្រាន់ ដើម្បីជួយដល់សិស្សឱ្យមានសមត្ថភាព។
ចុងបញ្ចប់លោកបណ្ឌិត កៅ ថាច បាននាំយកនូវអំណោយដ៏ថ្លែថ្លារបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបត្ថម្ភដល់សិស្សានុសិស្សចំនួន ៣ ២៤៤នាក់ និងឧបត្ថម្ភដល់វិទ្យាល័យទាំងពីរចំនួន ៩លានរៀលផងសម្រាប់រៀបចំកម្មវិធី៕