ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ​ គណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ ជួបសំណេះសំណាល សមាជិក សមាជិកា ជាង១៥០០នាក់

ភ្នំពេញ៖ ថ្នាក់ដឹកនាំ គណៈកម្មាធិការគណបក្សមូលដ្ឋាន​ យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ពោលមុនថ្ងៃរំលឹក​ នូវគុណូបការៈដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ​ក្នុងការសង្គ្រោះអាយុជីវិតប្រជាជនខ្មែរ ពីរបបប្រល័យពូជសាសន៍ ប៉ុលពត់ ៧មករានេះ បានជួបជុំសមាជិក សមាជិកា និងសកម្មជន​ យុវជនជាង១៥០០នាក់ ក្រោមអធិបតីភាព លោក នួន ផារ័ត្ន អនុប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងលោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ដើម្បីសំណេះសំណាល ក៏ដូចជារៀបចំ​និងដាក់ចេញផែនការ អនុវត្តមួយចំនួន​ ឈានឆ្ពោះទៅរកជ័យជម្នះ ក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខ ។

ក្នុងនោះលោកសមូហកបណ្ឌិត ឡី សុភាព ប្រធានគណៈកម្មាធិការ គណបក្សមូលដ្ឋាន យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ បានលើកឡើងថា” យោងតាមផែនការចាត់តាំងអនុវត្ត របស់គណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ គណៈកម្មាធិការគណបក្សមូលដ្ឋាន ​យុវជនសេដ្ឋកិច្ចរាជធានីភ្នំពេញ សាខាគណបក្ស អនុសាខាគណបក្ស ក្រុមបក្ស ផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ របស់ក្រុមការងារយុវជន គណបក្សរាជធានីភ្នំពេញ សមាជិក សមាជិកា និងសកម្មជនយុវជន របស់គណៈកម្មាធិការ គណបក្សមូលដ្ឋានយុវជនសេដ្ឋកិច្ច រាជធានីភ្នំពេញ តែងតែបានចូលរួម អនុវត្តយ៉ាងសកម្ម ក្នុងការបោះឆ្នោតនាពេលកន្លងមក” ។

បន្ថែមពីលើនេះ លោកបណ្ឌិត ឡី សុភាព បានលើកឡើងនូវការងារត្រៀម ទៅកាន់ការបោះឆ្នោត​ ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ថា “ប្តេជ្ញាអនុវត្តរាល់ភារកិច្ច ដែលគណបក្សថ្នាក់លើបានដាក់ចុះ ទាំងគណៈកម្មាធិការ គណបក្សរាជធានីភ្នំពេញ ក៏ដូចជាក្រុមការងារយុវជន​ គណបក្សរាជធានីភ្នំពេញ ។ ការបន្តអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល ពិសេស ៣កុំ ៣ការពារ របស់ក្រសួងសុខាភិបាល ។ ការជុះជួយមូលដ្ឋាននៅខណ្ឌដូនពេញ និងសង្កាត់ចំណុះ ថែមទាំងពង្រីកស្មារតីឧបត្ថម្ភ ដល់បណ្តាខេត្តមួយចំនួនទៀត ដូចជាការផ្តល់សម្ភារ ឧបករណ៍ មធ្យោបាយ ធនាធានហិរញ្ញវត្ថុ ។ល។ ការចូលរួមសកម្មភាព គណៈចលនាមហាជន តាមគោលការណ៍ រស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ។ ត្រៀមកម្លាំងដើម្បីចូលរួម ធ្វើជាភ្នាក់ងារសង្កេតការណ៍ ក្នុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ឆ្នាំ២០២៣ ។ ត្រៀមចូលរួមសកម្មភាព ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីទាក់ទាញប្រជាប្រិយភាព និងស្វែងរកសំឡេងគាំទ្រគណបក្ស ឈានឆ្ពោះទៅរកជ័យជម្នះតាមទិសស្លោក “សមាជិកគណបក្សម្នាក់ គឺជាសំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា មួយសន្លឹក” ជាមួយនោះ ក៏ចូលរួមចលនាបងប្អូន ញាតិមិត្តឲ្យបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាផងដែរ និងវាយបកភ្លាមៗ ទៅលើកម្លាំងប្រឆាំង ពួកអមិត្ត ដែលបំផ្លើសព័ត៌មានក្លែងក្លាយ ធ្វើឲ្យប៉ះពាល់គោលនយោបាយ របស់គណបក្ស និងរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេសជាតិ ។

ក្នុងឱកាសនោះ លោកបណ្ឌិត សួន រិនឌី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្ស រាជធានីភ្នំពេញ និងជាប្រធានគណៈចាត់តាំង គណៈកម្មាធិការ​គណបក្សរាជធានីភ្នំពេញ​ បានមានប្រសាសន៍ថា “ថ្ងៃ៧មករានេះ យើងឃើញថា ជាថ្ងៃមួយដែលយើងបានរួចអាយុជីវិតម្តងទៀត ដែលយើងប្រើពាក្យថា ៧មករា ជាថ្ងៃកំណើតទី២របស់យើង ។ កំណើតទី១ កំណើត​ផ្តល់ដោយឪពុកម្តាយរបស់យើង ហើយក្នុងរបបប៉ុលពត ប៉ុលពតបានយកមនុស្សមួយចំនួនទៅសម្លាប់ ប៉ុន្តែសម្រាប់មនុស្សដែលនៅសេសសល់ រស់រានមានជីវិត ដែលត្រូវបានរំដោះថ្ងៃ៧មករា យើងគិតថា ជាកំណើតទី២របស់យើង” ។

លោកបណ្ឌិតបន្តថា “យើងឃើញថា គណបក្សប្រជាជនកម្ពុជា បានកាន់កាប់អំណា​ច៤៤ឆ្នាំ គណបក្សយើងតែងតែទទួលបាន​ ជ័យជម្នះរហូតរៀងរាល់ការបោះឆ្នោត ត្រង់នេះសបញ្ជាក់ឲ្យឃើញថា នេះជាការតបស្នងរបស់ប្រជាជនយើង ដែលគណបក្ស បានជួយរំដោះជីវិតប្រជាជន នេះគឺជាផ្លែផ្កាមួយ ក្នុងចំណោមផ្លែផ្កាដទៃទៀត របស់គណបក្សរបស់យើង ។

នាឱកាសនោះ លោក នួន ផារ័ត្ន បានមានមតិផ្តាំផ្ញើសួរសុខទុក្ខ ពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការបក្ស រាជធានីភ្នំពេញ ​និងជាអភិបាលរាជធានីភ្នំពេញ ជូនចំពោះសកម្មជន យុវជន របស់យុវជនសេដ្ឋកិច្ច ក៏ដូចជាផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលមានវត្តមាននៅទីនេះ ។

ជាមួយគ្នានោះ លោក នួន ផារ័ត្ន ក៏បានលើកឡើង នូវអត្ថន័យធំៗសំខាន់ៗបី នៃថ្ងៃរំដោះ៧មករា ដែលមានអត្ថន័យជាប្រវត្តសាស្ត្រ ដែលមិនអាចមាននរណាម្នាក់មកបំភ្លៃបាន ដោយសារបានចារក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ។ ទី២ អំពីវីរៈភាព និងក្តីសង្ឃឹម ដែលជាតិសាសន៍មួយ ក្នុងសម័យការប្រល័យពូជនសាសន៍ ប្រទេសជាតិធ្លាក់ដល់សូន្យ មានប្រជាជនមួយចំនួន រត់ចោលប្រទេស ខ្លះលាលែងសញ្ជាតិ ដោយឡែកមានយុវជនមួយក្រុម ប្រមូលផ្តុំគ្នា សាមគ្គីគ្នា ដើម្បីរំដោះប្រជាជាតិយើង ហើយនេះជាវីរៈភាពមួយ ជាក្តីសង្ឃឹមមួយ ដែលគ្រប់ដំណាក់កាលលំបាក​ ទាំងអស់របស់កម្ពុជា គឺកម្ពុជាតែងតែងើបឡើងមកវិញដោយខ្លួនឯង ពីជាតិសាសន៍ខ្លួនឯង កើតចេញពីអត្ថន័យថ្ងៃ៧មករា និងទី៣ចង់បង្ហាញនូវវីរៈភាព របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ដែលមិនមានវីរៈភាពរបស់គណបក្សប្រឆាំងណាមួយ អាចប្រៀបធៀបបាននោះឡើយ ។

គួរបញ្ជាក់ថា ដំបូងឡើយ អង្គការចាត់តាំងគណបក្ស មានត្រឹមជាសាខាគណបក្សនោះទេ ប៉ុន្តែបច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ បានពង្រីកវិសាលភាពជាបន្តបន្ទាប់ រហូតមានរចនាសម្ព័ន្ធចាត់តាំង ដែលមាន១១រូប មានសាខាគណបក្ស ចំនួន ៦សាខា អនុសាខាចំនួន ៣០ ក្រុមបក្សចំនួន​ ៥០ក្រុម ក្រុមការងារយុវជនគណបក្សជំនួន ៥០ក្រុម ក្រុមឃោសនិក និងក្រុមប្រតិកម្មរហ័ស​​ ចំនួន២៥ក្រុម សមាជិកសរុបចំនួន ៦៥០០រូប ស្រី២៩៧១រូប៕

To Top