ព័ត៌មានជាតិ

ធនាគារអេស៊ីលីដា បើកដំណើរការសាខាថ្មីនៅផ្សារទំនើបអ៊ីអន៣ ដើម្បីបង្ខិតសេវាដល់ដៃអតិថិជន

ភ្នំពេញ៖ដោយមើលឃើញពីតម្រូវការនិងការកើនឡើងជាបន្តបន្ទាប់របស់អតិថិជន ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្ភោធដាក់ឲ្យដំណើរការនូវសាខាទី២៦៤ជាផ្លូវការ ដែលជាសាខាថ្មីរបស់ខ្លួនបន្ថែមទៀត នៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ដើម្បីបង្ខិតសេវាកម្មដល់ដៃអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែង​ថា ការពង្រីកសាខានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) នេះ ដោយសារតែអតិថិជនសក្ដានុពលរបស់យើងមានការកើនឡើងជារៀងរាល់ថ្ងៃ ព្រមទាំងយើងបានស្ដាប់សម្ដីរបស់អតិថិជនរបស់យើង ពោលគឺ ពួកគាត់ថា ទីកន្លែងណាដែលគាត់គិតថា មានភាពងាយស្រួលគឺកន្លែងនោះ (ផ្សារទំនើបអ៊ីអនមានជ័យ) ជាពិសេសដៃគូរបស់យើងគឺ AEON ដែលគាត់ជាដៃគូយុទ្ធសាសស្រ្តរបស់យើង។ លោកស្រីថា អីចឹងនៅពេលណា AEON ពង្រីកទីផ្សាររបស់ខ្លួនទៅដល់ទីណា សេវាកម្មធនាគារអេស៊ីលីដា របស់យើងនឹងទៅបម្រើដល់ទីកន្លែងនោះ។

លោកស្រី​បន្ថែមថា “ជាយុទ្ធសាស្រ្តរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី យើងទៅគ្រប់ទីកន្លែងទាំងអស់។ ពីព្រោះធនាគារអេស៊ីលីដា ដែលជាធនាគារធំជាងគេនៅក្នុងប្រទេស ព្រមទាំងមានអតិថិជនច្រើន រហូត់ដល់ជិត៤លាននាក់។ ដូច្នេះយើងត្រូវធានាឲ្យបាន។ ពីព្រោះយើងមិនចង់ឲ្យអតិថិជនពិបាកក្នុងការចំណាយពេលមករកយើងទេ តែយើងទៅរកគាត់វិញ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទៅដល់ពួកគាត់”។

ជាមួយគ្នានោះ លោកស្រី កែប ពិសី នាយិកាសាខាអ៊ីអនមានជ័យ បានឲ្យដឹងដែរថា លក្ខណៈពិសេសចំពោះអេស៊ីលីដា នៅ អ៊ីអនមានជ័យ (អ៊ីអន៣) នេះ គឺស្ថិតក្នុងផ្សារទំនើប ពោលគឺផ្សារទំនើបបើកដំណើរការរៀងរាល់ថ្ងៃ ដូច្នេះវាបានផ្ដល់នូវភាពងាយស្រួលដល់ អេស៊ីលីដា សាខាអ៊ីអនមានជ័យ ក្នុងការបម្រើសេវាកម្មជូនដល់អតិថិជន រហូតដល់ទៅ៧ថ្ងៃក្នុងមួយសប្ដាហ៍ ដោយចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង៧យប់ និងកាន់តែពិសេសទៀតនោះ អតិថិជន ក៏អាចអញ្ជើញមកទទួលសេវាកម្មឥណ្ឌទានផ្សេងៗ ក្នុងថ្ងៃបុណ្យឈប់សម្រាកបានទៀតផង ខណៈពេលល្ងាចទំនេរពីការងារ ពួកគាត់ក៏អាចអញ្ជើញមកទទួលសេវាកម្មបានផងដែរ។

លោកស្រីបញ្ជាក់ថា “អេស៊ីលីដា សាខា AEON មានជ័យនេះ យើងបានត្រៀមរួចជាស្រេចក្នុងការទទួលបម្រើសេវាកម្មកម្មឥណ្ឌទានផ្សេងៗជាស្រេចទៅដល់គ្រប់អតិថិជន នឹងធានាបាននូវភាពច្បាស់លាស់ ត្រឹមត្រួវ និងលឿនរហ័សទាន់ចិត្ត មិនឲ្យអតិថិជនរង់ចាំយូរ ពួកយើងមានសុទ្ធតែបុគ្គលជំនាញយល់ច្បាស់ពីសេវារបស់ធនាគារ ដូច្នេះហើយនៅពេលអតិថិជនអញ្ជើញមកនឹងទទួលបានសេវាកម្មរហ័សទាន់ចិត្ត ដែលមិនធ្វើឲ្យខាតពេលវាលាគាត់ក្នុងរង់ចាំ”។

លោកស្រីបានបន្ថែមថា សាខា ធនាគារអេស៊ីលីដា ភីអិលស៊ី នៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) នេះ ជាសាខាទី២៦៤ ហើយក៏ជាសាខាទី៣ដែលដាក់ឲ្យដំណើរការនៅក្នុងផ្សារទំនើប AEON MALL ទាំង៣សាខានៅរាជធានីភ្នំពេញ៕

To Top