ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន៖ ព្រះមហាក្សត្រ និងសម្តេចម៉ែ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរ នៅគ្រប់ទិសទី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាម្លប់ដ៏ត្រជាក់នៃ ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី ។

ក្នុងឱកាសអញ្ជើញ អបអរសាទរថ្ងៃជ័យជម្នះ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) យ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលកោះពេជ្រ នាថ្ងៃទី៧ មករានេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្ដែងគារវភក្តីភាព និង កតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ដែលកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី» ។

ជាមួយគ្នានោះសម្ដេចតេជោ ក៏បានថ្វាយព្រះពរព្រះករុណា ជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង និង សម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះរាជទីឃាយុ យឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ នៃប្រជារាស្ត្រខ្មែរគ្រប់ៗរូប ជារៀងដរាប។

សម្ដេចតេជោបន្ថែមថា បច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងរស់នៅយ៉ាងសុខដុម រមនាប្រកបដោយក្តីសង្ឃឹម ក្រោមម្លប់នៃសន្តិភាព ហើយខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីអភិវឌ្ឍមាតុភូមិ និងលើកកម្ពស់ជីវភាពរបស់ខ្លួន ៕

To Top