នយោបាយ

សម្ដេចតេជោ អំពាវនាវដល់បក្សនយោបាយ និងភាគីពាក់ព័ន្ធ ចូលរួមពង្រឹងបរិយាកាសបោះឆ្នោត ប្រកបដោយអព្យាក្រឹត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតប្រកបដោយ លក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព។

ក្នុងពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា លើកទី៤៤ឆ្នាំ (៧ មករា ១៩៧៩-៧ មករា ២០២៣) នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅសល់រយៈពេល ៧ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នឹងមកដល់នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាព្រឹត្តិកាណ៍ជាប្រវត្តិសាស្ត្រមួយ មានអត្ថន័យយ៉ាងធំធេង ចំពោះជោគវាសនារបស់ជាតិ និងប្រជាជនកម្ពុជា។

សម្ដេចតេជោ បន្ដថា ប្រជាជនខ្មែរ ដែលបានឆ្លងកាត់ការបោះឆ្នោតសកលថ្នាក់ជាតិ ចំនួន ៦លើក និងការបោះឆ្នោតថ្នាក់ឃុំ សង្កាត់ ចំនួន៥លើក រួចមកហើយនោះ ពិតជាមានការយល់ដឹង និងបទពិសោធន៍គ្រប់គ្រាន់ ក្នុងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីធានាការការពារសន្តិភាព ជំរុញការអភិវឌ្ឍ និងលើកស្ទួយជីវភាព ឱ្យបានកាន់តែប្រសើរឡើង។

សម្ដេចតេជោ បន្ថែមថា ក្នុងបរិការណ៍នេះ ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សម្តេច ប្រកាសជាឱឡារិកនូវការចូលរួម របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតខាងមុខនេះ ដោយគោរពយ៉ាងម៉ឺងម៉ាត់តាមច្បាប់ ព្រមទាំងបទបញ្ជា និងនីតិវិធីរបស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ព្រមជាមួយនេះ ខ្ញុំសូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ អង្គការនានា នៃសង្គមស៊ីវិល ប្រព័ន្ធព័ត៌មាន ក្រសួងស្ថាប័ន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គោរពខ្ជាប់ខ្ជួនតាមគោលការណ៍ច្បាប់ ហើយចូលរួមទាំងអស់គ្នា ក្នុងការពង្រឹងបរិយាកាសនយោបាយ សម្រាប់ការបោះឆ្នោតប្រកបដោយ លក្ខណៈអព្យាក្រឹត គ្មានការគំរាមកំហែង និងសុវត្ថិភាព ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌» ៕

To Top