ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួន ជនសង្ស័យម្នាក់ និងរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម នៅចំណុចផ្ទះជួលលេខ អេ៤៨ ផ្លូវលេខ៦ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះដែរធ្វេីឡេីងកាលពីយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងជំនាញ(ក១១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរ លោកវរសេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក សេង ឃុនណាង នាយការិយាល័យ(ក១១) និងមានការចូលរួមសហការ ពីកម្លាំងជំនាញនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ព្រមទាំងមាន ការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងនៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ ចាន់ រ៉ា ភេទប្រុស កើតឆ្នាំ ១៩៨៧ ជនជាតិខ្មែរ។ ចំណែកវត្ថុតាងចាប់យកបានមានថ្នាំញៀន មេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ ៥ គ.ក្រ ២០៧ ក្រាម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាលើ សមត្ថកិច្ចជំនាញយើង បានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្ត តាមនីតិវិធី ៕
