ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើបន្ដកិច្ចសហប្រតិបត្តិការគាំទ្រពីដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជននានា ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីសម្រេចគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥។

យោងតាមសារាចររបស់រាជរដ្ឋាភិបាល ស្ដីពីការពង្រឹងបន្ថែមលើការងារគ្រប់គ្រងសកម្មភាពមីន ចេញផ្សាយនាថ្ងៃទី៦ មករា កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាល ដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដោយកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាគ្មានមីន។
សម្ដេចតេជោ បញ្ជាក់ថា «ដើម្បីសម្រេចបានជោគជ័យតាមផែនការយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាល ធ្វើការណែនាំដូចជា ស្នើបន្តកិច្ចសហប្រតិបត្តិការគាំទ្ររបស់ដៃគូអភិវឌ្ឍ ប្រទេសជាមិត្ត វិស័យឯកជន និងសប្បុរសជន ទាំងផ្នែកបច្ចេកទេស ថវិកា និងសម្ភារ ក្នុងបេសកកម្មបោសសម្អាតមីននៅកម្ពុជា ដើម្បីឈានដល់ការ សម្រេចបាននូវគោលបំណងនៃផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន២០១៨-២០២៥ និងការសម្រេច បានគោលដៅ កម្ពុជាគ្មានមីន ត្រឹមឆ្នាំ២០២៥»។
សម្ដេចតេជោ បន្ដថា ក្រសួង ស្ថាប័ន ដែលអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអភិវឌ្ឍន៍ ត្រូវសហការជាមួយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ដើម្បីពិគ្រោះយោបល់ អំពីស្ថានភាពនៃការគម្រាមដោយសារគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះលើទីតាំងដែលត្រូវអនុវត្តគម្រោង ក៏ដូចជាកំណត់នូវវិធានការចាំបាច់ និងវិធីសាស្ត្រដើម្បីបញ្ចៀសនូវហានិភ័យនានាដែលអាចកើតមាន។
សម្ដេចតេជោ បន្ថែមថា ជាពិសេស ការចុះកិច្ចសន្យា ត្រូវធ្វើឡើងតែជាមួយប្រតិបត្តិករបោសសម្អាតមីន ដែលមានអាជ្ញាបណ្ណ និងបណ្ណទទួល ស្គាល់នៅមានសុពលភាពពីអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន ប៉ុណ្ណោះ ដើម្បីលើកកម្ពស់ និងធានានូវការគោរពស្តង់ដានៃការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពី សង្គ្រាម ប្រកបទៅដោយគុណភាព និងធានាបាននូវសុវត្ថិភាពពេញលេញ៕
