នាពេលថ្មីៗកន្លងទៅនេះ ពិធីបើកការដ្ឋានស្ពាន ឆ្លងទន្លេមេគង្គខេត្តក្រចេះ នៃប្រទេសកម្ពុជា ដែលសាងសង់ ដោយសហគ្រាសចិន បានធ្វើឡើង ។ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានលើកឡើងថា ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ គឺជាសមិទ្ធផលជាផ្លែផ្កាថ្មីបំផុត ដែលទទួលបាន ក្នុងការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” រវាងចិននិងកម្ពុជា ។ បន្ទាប់ពីសាងសង់រួច ស្ពាននេះនឹងផ្តល់ភាព ងាយស្រួលយ៉ាងខ្លាំង ដល់ការធ្វើការនិងជីវភាពរស់នៅ របស់ប្រជាជននៅត្រើយ ទាំងសងខាង នៃទន្លេមេគង្គ ដែលជាស្ពានតភ្ជាប់ហេដ្ឋារចនា សម្ព័ន្ធផង ហើយក៏ជាស្ពានមិត្តភាព ដែលជំរុញការតភ្ជាប់ដួងចិត្ត របស់ប្រជាជន នៃប្រទេសទាំងពីរ ចិននិងកម្ពុជាផងដែរ ។
រាល់ពេលដែលនិយាយ អំពីប្រទេសចិននិងកម្ពុជា អ្នកផងទាំងពួងតែងតែពិពណ៌នា ទំនាក់ទំនងរវាងប្រទេសទាំងពីរថា ជា”មិត្តដែកថែប” ។ ឆ្នាំ ២០២៣ គឺជាខួបទី ៦៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងកម្ពុជានិងជាខួបទី ១០ នៃការលើកឡើងនូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” កិច្ចកសាងសហគមន៍ រួមវាសនាតែមួយរវាងចិន និងកម្ពុជានឹងទទួលអបអរនូវកាលានុវត្តភាព របស់ប្រវត្តិសាស្ត្រថ្មី ។
សូមបញ្ជាក់ថា នៅប្រទេសកម្ពុជា មានសុភាសិតមួយឃ្លាដ៏ល្បី ពោលគឺ”មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម “។ កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២ ក្នុងនាមជាគម្រោង សំខាន់ ក្នុងការរួមគ្នាកសាង” ខ្សែក្រវាត់និងផ្លូវ” រវាងប្រទេសទាំងពីរ ចិននិងកម្ពុជា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដែលសាងសង់និងដំណើរការ ដោយក្រុមហ៊ុនចិន បានដាក់ឱ្យប្រើប្រាស់ សាកល្បងជាផ្លូវការ នេះជាផ្លូវល្បឿនលឿនដំបូងគេបង្អស់ នៃប្រទេសកម្ពុជា ។ ពេលមុន នឹងផ្លូវល្បឿន លឿនភ្នំពេញ-ព្រះសីហនុ ដាក់ឱ្យប្រើប្រាស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះវីដេអូឃ្លីប តាមបណ្តាញ ទំនាក់ទំនង សង្គមដើម្បី ផ្សព្វផ្សាយផ្លូវល្បឿនលឿននេះ ទៅកាន់ប្រជាជនកម្ពុជា គ្រាន់តែក្នុងមួយថ្ងៃប៉ុណ្ណោះក៏មានប្រជាជនលើសពី ១ លាននាក់បានចូល មើលវីដេអូនេះ ។ អ្នកប្រើបណ្តាញអ៊ីនធឺណែត របស់កម្ពុជាជាច្រើនបាននាំគ្នាខមមិនថា កាលពីមុន ធ្លាប់ឃើញផ្លូវល្បឿនលឿន ដ៏អស្ចារ្យនិង ស្អាតបែបនេះនៅបរទេស ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាយើងក៏មានដែរ ! មកទល់ពេលនេះ កម្ពុជាបានឈានចូលយុគសម័យ ផ្លូវល្បឿនលឿនហើយ ។
គួរបញ្ជាក់ដែរថា អត្ថន័យនៅពីក្រោយ ផ្លូវល្បឿនលឿននេះ គឺ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាគំរូដ៏ល្អឥតខ្ចោះនៃការផ្សារភ្ជាប់ ដោយជោគជ័យ រវាងគំនិតផ្តួចផ្តើម ” ខ្សែក្រវាត់និងផ្លូវ” និង”យុទ្ធសាស្ត្រចតុកោណ” របស់កម្ពុជា ។ ក្នុងនាមជាប្រទេសដ៏ មានសារសំខាន់ ចំពោះប្រទេសចិន ក្នុងការជំរុញកិច្ចកសាង “ខ្សែក្រវាត់និងផ្លូវ ” “យុទ្ធសាស្ត្រចតុកោណ” សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ របស់កម្ពុជា មានភាពស៊ីសង្វាក់គ្នាខ្ពស់ ជាមួយនឹងគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ជាពិសេស គឺការតភ្ជាប់គ្នាក្នុង វិស័យកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ទន្ទឹមនឹងពន្លឿនការជំរុញ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” កិច្ចសហប្រតិបត្តិការ ក្នុងគ្រប់វិស័យរវាងប្រទេសទាំងពីរ ចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅ ជាបន្តបន្ទាប់ ហើយប្រទេសចិន ក៏បានបណ្តាក់ទុនយ៉ាងច្រើន សន្ធឹកក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ របស់កម្ពុជា ដូចជា ផ្លូវថ្នល់និងស្ពាន វិស្វកម្មធារាសាស្ត្រ គម្រោងបណ្តាញអគ្គីសនី កំពង់ផែនិងព្រលានយន្តហោះជាដើម ។
គួររំលឹកថា រយៈពេល ១០ ឆ្នាំបានកន្លងផុតទៅយ៉ាងឆាប់រហ័ស ។ ទន្ទឹមនឹងគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ត្រូវបានដាក់ចេញគម្រប់ ១០ ឆ្នាំ តើកម្ពុជាកើតមានការ ផ្លាស់ប្តូរនិងទទួលការអភិវឌ្ឍយ៉ាងណាខ្លះ ?
ទី១ គឺកំណើន នៃ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា ។ ចាប់ពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២២ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា បានឡើងដល់ ១ ម៉ឺន ៤ ពាន់ ៥ រយ ៤៣ លានដុល្លារអាមេរិកដែលកើនឡើង ១៩,១ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ក្នុងរយៈពេល១១ ខែដំបូងនៃឆ្នាំ ២០២២ ការបណ្តាក់ទុនដោយផ្ទាល់មិនមែនលើ វិស័យហិរញ្ញវត្ថុរបស់ចិន នៅប្រទេសកម្ពុជាបានឡើងដល់ ៦ រយ៩០ លានដុល្លារអាមេរិក ដែលកើនឡើង ៣២,៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២១ ។ ប្រទេសចិនបានបន្តរក្សា ឋានៈជាដៃគូពាណិជ្ជកម្មដ៏ធំបំផុត និងជាប្រភពវិនិយោគ ដ៏ធំបំផុតរបស់កម្ពុជា ។
ទី២ គឺការអភិវឌ្ឍខាងវិស័យទេសចរណ៍ ។ វិស័យទេសចរណ៍ គឺជាឧស្សាហកម្មធំមួយក្នុងចំណោមសសរទ្រទ្រង់ ផ្នែកសេដ្ឋកិច្ចធំទាំង ៤ របស់កម្ពុជា ។ រដ្ឋាភិបាលចិនបានប្រកាសថា នឹងរៀបចំឡើងវិញដោយមានរបៀបរៀបរយ នូវការធ្វើទេសចរណ៍នៅក្រៅប្រទេស របស់ពលរដ្ឋចិនចាប់ពីថ្ងៃទី ៨ ខែមករាឆ្នាំ ២០២៣ ឡើងទៅ ប្រទេសជាច្រើន បានប្រកាសជាបន្តបន្ទាប់ថា នឹងចាត់វិធានការដាក់ កំហិតពាក់ព័ន្ធចំពោះជើងយន្តហោះ និងអ្នកដំណើរដែលចេញ ដំណើរពីប្រទេសចិន ។ ប៉ុន្តែ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជានឹង មិនចាត់វិធានការ ដាក់កំហិត ចំពោះភ្ញៀវទេសចរ ចិននោះទេ ផ្ទុយទៅវិញ ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះភ្ញៀវ ទេសចរ ចិនដែលមកទស្សនានៅកម្ពុជា ។ លោកជឿជាក់ថា កម្ពុជានឹងក្លាយជាគោលដៅ ទេសចរណ៍ជម្រើសចម្បង របស់ភ្ញៀវទេសចរចិនក្នុងការធ្វើដំណើរ ទៅក្រៅប្រទេស ហើយរំពឹងថា ឆ្នាំ ២០២៣ កម្ពុជានឹងទទួលភ្ញៀវទេសចរចិនចំនួន ២ លាននាក់ដែលនឹងជំរុញយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជា ឱ្យទទួលបានកំណើន ដោយល្បឿនលឿន ។
ទី៣ គឺកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធ ។ ឆ្នាំនេះ ជាខួបទី ១០ នៃការលើកឡើងនូវគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ”របស់ប្រទេសចិន ។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅនេះ ក្រោមក្របខណ្ឌសហប្រតិបតិ្តការ ស្តីពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ភាគីទាំងពីរ ចិននិងកម្ពុជាទទួល បានប្រសិទ្ធភាពនិងលទ្ធផល គួរឱ្យកត់សម្គាល់ក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ។ យើងបានសាងសង់ថ្មីឬកែលំអផ្លូវថ្នល់ជិត ៤,០០០ គីឡូម៉ែត្រ សាងសង់រួចស្ពានធំៗជាច្រើន ក៏ដូចជាផ្ទៃដីស្រោចស្រព នៃគម្រោងធារាសាស្ត្រ ដែលត្រូវបានសាងសង់រួចប្រហែល ៤៥ ម៉ឺន ៦ ពាន់ហិកតា ហើយសាងសង់បាននូវ បណ្តាញអគ្គីសនី ជាតិនិងបណ្តាញបញ្ជូនតង់ស្យុងអគ្គីសនី តាមជនបទនៃប្រទេសកម្ពុជា ប្រហែលជាង ៨,០០០ គីឡូម៉ែត្រ ។ គម្រោងអំពីតំបន់សេដ្ឋកិច្ច ពិសេសក្រុងព្រះសីហនុ ដែលជាគំរូដ៏សំខាន់បំផុត ក្នុងការរួមគ្នាកសាង”ខ្សែក្រាវាត់និងផ្លូវ” រវាងចិននិងកម្ពុជា បាននិងកំពុងដំណើរការដោយនឹងនរ បានទាក់ទាញសហគ្រាស ជាច្រើនឱ្យបោះប្រចាំនៅតំបន់សេដ្ឋកិច្ច ពិសេសនេះដែលបានបង្កើតឱកាសការងារ ចំនួនជាង ៣ ម៉ឺនក្នុងតំបន់ ក៏ដូចជាមានអំណោយផល ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គមនៃប្រទេសកម្ពុជា ។
ក្រោមការណែនាំជាយុទ្ធសាស្ត្រ និងការជំរុញដោយផ្ទាល់របស់មេដឹកនាំ នៃប្រទេសទាំងពីរ ចិននិងកម្ពុជា កិច្ចសហប្រតិបត្តិការជាក់ស្តែង រវាងចិននិងកម្ពុជា ទទួលបានសមិទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ 《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយ ក្នុងតំបន់ (ហៅកាត់ RCEP )》 និង 《កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា》 បានចូលជាធរមាន និងចាប់ផ្តើមអនុវត្តជាផ្លូវការ ។ យោងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីរវាងចិននិងកម្ពុជា អត្រានៃផលិតផលពន្ធសូន្យ ដែលភាគីទាំងពីរចិន និង កម្ពុជា បានផ្តល់ដល់ពាណិជ្ជកម្មទំនិញ របស់គូភាគីបានឡើងដល់ ៩៧.៥៣ ភាគរយនិង ៩០ ភាគរយ ដោយឡែកពីគ្នា ដែល ជាកម្រិតខ្ពស់បំផុតក្នុង ការចរចា អំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់ របស់ភាគីទាំងពីរ ប្រការនេះបានបង្ហាញ ពីមិត្តភាពដូចដែកថែប រវាងប្រទេសទាំងពីរ ។
ទន្ទឹមនឹងសេដ្ឋកិច្ច នៃប្រទេសចិននិងកម្ពុជា បានឈានចូលដំណាក់កាលងើបឡើងវិញ បន្ទាប់ពីបញ្ចប់ជំងឺកូវីដ ១៩ ក៏ដូចជាផលប្រយោជន៍ ដែលបាននាំមកដោយ《កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងចិននិងកម្ពុជា》 និង 《កិច្ចព្រមព្រៀង ស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ (ហៅកាត់ RCEP )》កំពុងលេចចេញ ជាសន្សឹមៗ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការ ផ្នែកកសិកម្មរវាងប្រទេសទាំងពីរ ក៏បានក្លាយជាចំណុច លេច ធ្លោមួយផងដែរ ។ កាលពីខែតុលា ឆ្នាំ ២០២២ ពិធីសម្ពោធ នាំចេញផ្លែមៀន ស្រស់កម្ពុជាទៅកាន់ទីផ្សារ ប្រទេសចិន បានបើកធ្វើ នៅក្រុងភ្នំពេញ រាជធានីកម្ពុជា ផ្លែមៀន បានក្លាយជាផ្លែឈើស្រស់ របស់កម្ពុជាប្រភេទទីបី ដែលអាចនាំចេញ ទៅកាន់ប្រទេសចិន ដោយផ្ទាល់បន្ទាប់ពីចេកនិងស្វាយ ។ រំពឹងថា សហគ្រាសកម្ពុជា កាន់តែច្រើនឡើងៗនឹងធ្វើឱ្យផលិតផល ពិសេសកម្ពុជាប្រកបដោយគុណភាពល្អ ដាក់លក់ក្នុងទីផ្សាររបស់ចិន ។
ឆ្នាំ ២០២៣ ជាឆ្នាំ ចាប់ផ្តើម នៃការអនុវត្តដោយគ្រប់ជ្រុងជ្រោយ នូវស្មារតីសមាជបក្ស កុម្មុយនីស្តចិនលើកទី ២០ និងជាខួបទី ៧០ នៃការទទួលបាន ឯករាជ្យភាព ពេញលេញ របស់កម្ពុជា ហើយទំនាក់ទំនងរវាងចិននិងកម្ពុជានឹងទទួលអបអរឱកាសអភិវឌ្ឍន៍ជាប្រវត្តិសាស្ត្រថ្មី ។ ជឿជាក់ថា ឆ្លងតាមរយៈការបង្កើត ជាគំរូថ្មី នៃកិច្ចសហប្រតិបត្តិការ ស្តីពី”ខ្សែក្រវាត់និងផ្លូវ” ប្រទេសចិននិងកម្ពុជា នឹង ផ្តល់សុខសុភមង្គលនិង ផលប្រយោជន៍ ដល់ប្រទេសទាំងពីរនិងប្រជាជន នៃប្រទេសទាំងពីរជាបន្តបន្ទាប់ ហើយក៏នឹងរួម ចំណែកថ្មី កាន់តែធំក្នុងការរួមគ្នាជំរុញសន្តិភាព ស្ថិរភាពនិងវិបុលភាព ក្នុងតំបន់និងពិភពលោក ក៏ដូចជារួមគ្នាបង្កើតសហគមន៍រួម វាសនារបស់មនុស្សជាតិ ផងដែរ ៕