ព័ត៌មានជាតិ

កម្ពុជា​-អូស្ត្រាលី​ ដាក់ឱ្យប្រើប្រាស់​ ជាផ្លូវការ នូវឯកសារស្រាវជ្រាវ អំពីព័ត៌មានទីផ្សារ


ភ្នំពេញ​ ៖​ នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា​ និងលោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលី​ ប្រចាំកម្ពុជា បានរួមគ្នាប្រកាសដាក់សម្ភោធ ឱ្យប្រើប្រាស់ជាផ្លូវការ នូវឯកសារស្រាវជ្រាវ អំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ ។

ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារ សំខាន់ៗចំនួន២ រួមមាន៖ ទី១. កសិផលកម្ពុជាសម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប និងទី២. កម្ពុជា និងការបើកទីផ្សារពិភពលោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ព្រមទាំងបានប្រកាសពីគម្រោងអភិវឌ្ឍន៍ ថ្នាលឌីជីថលតែមួយ (Single Digital Platform) ដែលក្នុងនោះរួមមាន គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA Portal), ប្រព័ន្ធគ្រប់គ្រងស្វ័យ បញ្ជាក់ដើមកំណើតទំនិញ (Self-Certification) និងប្រព័ន្ធផ្ទៀងផ្ទាត់ ដើមកំណើតទំនិញជាអន្តរជាតិ (Rule of Origin International Verification System) ដើម្បីជាជំនួយដល់ធុរជន ក្នុងការទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទាំងអស់ដែលកម្ពុជា ជាប្រទេសហត្ថលេខី។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានថ្លែងថា សៀវភៅកសិផលកម្ពុជា សម្រាប់នាំចេញទៅទីផ្សារសហភាពអឺរ៉ុប និងអាសិប ផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីតម្រូវការទីផ្សារ, តម្រូវការរបស់អ្នកប្រើប្រាស់, វិធានការអនាម័យនិងភូតគាមអនាម័យ និងរបាំងពាណិជ្ជកម្ម មិនមែនពន្ធគយផ្សេងទៀត, ការប្រើប្រាស់ ផលិតផល, ដៃគូប្រកួតប្រជែងសំខាន់ៗ និងឱកាសសក្តានុពល ។ បន្ថែមពីនេះ ដំណាំ និងកសិផល ដែលបានបញ្ចូលក្នុងសៀវភៅ ស្រាវជ្រាវនេះ រួមមាន៖ ស្វាយស្រស់ ស្វាយចន្ទី ម្ទេស ដំឡូងជ្វា មៀនប៉ៃលិន ស្ករត្នោត ចេក បឺរ ល្ង និងផ្លែឈើកែច្នៃ។ ព័ត៌មានទាំងនេះ គឺមានសក្ដានុពល ក្នុងការបង្កើតផលប្រយោជន៍ រយៈពេលវែងសម្រាប់កសិកម្មកម្ពុជា ។

ចំពោះ សៀវភៅព័ត៌មានស្តីពី កម្ពុជា និងការបើកទីផ្សារ ពិភពលោកតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឯកឧត្តមរដ្ឋមន្ត្រីបន្តថា វានឹងផ្តល់ព័ត៌មាន បច្ចុប្បន្នភាពចុងក្រោយ និងងាយស្រួលយល់ អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់ ដែលកម្ពុជាជាប្រទេសហត្ថលេខី មានជាអាទិ៍៖ កិច្ចព្រមព្រៀងអាសិប (Regional Comprehensive Economic Partnership – RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន (Cambodia-People’s Republic of China FTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (Cambodia-Republic of Korea FTA) ជាដើម។ លើសពីនេះ សៀវភៅព័ត៌មាននេះ នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ សមាគមធុរកិច្ច និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវ កាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបានអត្ថប្រយោជន៍នានា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

ដោយឡែក ថ្នាលឌីជីថល តែមួយវិញ លោករដ្ឋមន្ត្រីបន្ថែមថា គ្រោងអភិវឌ្ឍឡើង តាមលំអានរបស់គេហទំព័រ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី របស់អូស្ត្រាលីផ្ទាល់ ហើយក៏នឹងក្លាយជាកន្លែងផ្ទុកព័ត៌មានពាណិជ្ជកម្មដ៏ទូលំទូលាយសម្រាប់អ្នកនាំចេញ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទាំងអស់ របស់កម្ពុជា ។ ម្យ៉ាងទៀតថ្នាលឌីជីថលនេះ ក៏នឹងផ្តល់ព័ត៌មានផងដែរ ពីវិធានដើមកំណើតទំនិញ នីតិវិធីក្នុងការ ចុះឈ្មោះ ជាអ្នកនាំចេញ ដែលមានការទទួលស្គាល់ និងនីតិវិធី ដើម្បីទទួលបានវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ ។

លោករដ្ឋមន្ត្រី បញ្ជាក់ថា សៀវភៅទាំងពីរខាងលើត្រូវបានរៀបរៀងឡើង ដោយមានការគាំទ្រពីកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ហើយថ្នាលឌីជីថល តែមួយ ត្រូវបានគាំទ្រដោយកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចថ្មីមួយទៀត របស់ប្រទេសអូស្ត្រាលី ដែលមានឈ្មោះថា កម្មវិធីភាពជា ដៃគូកម្ពុជា-អូស្រ្តាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP RED) ។
លោករដ្ឋមន្រ្តី លើកឡើងទៀតថា ក្រសួងពាណិជ្ជកម្ម វាយតម្លៃខ្ពស់ ចំពោះការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី និងកម្មវិធី CAP RED សម្រាប់ការគម្រោង អភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ព្រោះគម្រោងនេះនឹង ជួយកម្ពុជាក្នុងការសម្រេច បានយ៉ាងពេញលេញនូវការសន្យា របស់ខ្លួនក្រោមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីមួយចំនួនដូចជា កិច្ចព្រមព្រៀង ATIGA, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន អូស្ត្រាលី នូវែលហ្សេឡង់ និង កិច្ចព្រមព្រៀង RCEP ។ ជាមួយគ្នានេះដែរ ឯកអគ្គរាជទូត គូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីអាស៊ាន-អូស្ត្រាលី -នូវែលហ្សេឡង់ (AANZFTA), កិច្ចព្រមព្រៀងអាសិប (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីផ្សេងទៀត ផ្តល់ឱកាសយ៉ាងធំធេង ក្នុងការបង្កើនការនាំចេញ និងការវិនិយោគ សម្រាប់កម្ពុជា ហើយអូស្ត្រាលី មានសេចក្តីសោមនស្សរីករាយជាខ្លាំង ក្នុងការជួយដល់ប្រទេសកម្ពុជា នៅក្នុងវិស័យនេះ ដើម្បីធ្វើពិពិធកម្មដំណាំ និងទីផ្សារនាំចេញ ។

លោកឯកអគ្គរាជទូត សង្ឃឹមថា មគ្គុទ្ទេសក៍ទាំងនេះ និងថ្នាលឌីជីថលតែមួយ ដែលនឹងអភិវឌ្ឍឡើងនាពេលខាងមុខ នឹងធ្វើឱ្យធុរជន និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន ដែលមានប្រយោជន៍ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម។

សូមជម្រាបជូនថា ៖ CAP RED គឺជាកម្មវិធីអភិវឌ្ឍន៍ សេដ្ឋកិច្ចដ៏សំខាន់ របស់ប្រទេសអូស្ត្រាលី នៅកម្ពុជា ក្នុងទំហំទឹកប្រាក់ចំនួន ៨៧ លានដុល្លារ អូស្រ្តាលី ។ CAP RED នឹងគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការរៀបចំខ្លួន សម្រាប់ការចាក ចេញ ពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ការលើកកម្ពស់គោលនយោបាយ និង ការអនុវត្តពាណិជ្ជកម្ម និងការវិនិយោគ ប្រកបដោយបរិយាបន្ន និងកសាងប្រព័ន្ធ ដើម្បីបង្កើនពាណិជ្ជកម្ម និងការវិនិយោគ ៕

To Top