ព័ត៌មានជាតិ

ស្អែកនេះ! ប្រតិភូអង្គការ FATF នឹងចាប់ផ្ដើមទស្សនកិច្ចនៅកម្ពុជា ព្រមទាំង​មាន​ជំនួប​ជាមួយ​ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង

ភ្នំពេញ៖ ប្រតិភូរបស់អង្គការFATF នឹងចាប់ផ្ដើមទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១១-១៣ ខែមករា ឆ្នាំ២០២៣ ក្នុងនោះ ប្រតិភូ នឹងជួបសម្ដែងការគួរសមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងសម្ដេច ស ខេង។

សូមរំលឹកថា អង្គការ FATF មានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២ បានសម្រេចបន្តដាក់កម្ពុជាស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យ ខាងអំពើលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដាន។

នាឱកាសអញ្ជើញបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្នើដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើ សកម្មភាពទាំងឡាយណាដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការលាងសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទានអាវុធមហាប្រល័យ ដើម្បីចៀសផុតពីការដាក់ឱ្យ កម្ពុជាបន្តនៅក្នុងបញ្ជីប្រផេះ ដែលផ្តល់បច្ច័យជាអវិជ្ជមាន លើផ្នែកប្រព័ន្ធហិរញ្ញវត្ថុ លំហូរវិនិយោគ និងនយោបាយជាដើម។

សម្ដេច បន្ដថា ក្រោយកិច្ចខិតខំប្រឹងប្រែងក្នុងការ ប្រយុទ្ធប្រឆាំងការសម្អាត់ប្រាក់នេះ អង្គការ FATF ក៏បានអបអរសាទរ និងកោតសរសើរចំពោះលទ្ធផលទាំងឡាយ ក្នុងការប្រយុទ្ធប្រឆាំងការ សម្អាតប្រាក់នៅកម្ពុជា។ ប៉ុន្ដែទោះបីយ៉ាងណាក៏ដោយ របៀបរបបការងាររបស់អង្គការ FATF ចាំបាច់ត្រូវចុះមកអង្កេតនៅកម្ពុជាផ្ទាល់។

សម្ដេច ស ខេង បញ្ជាក់ថា «បើមិនមានអ្វីប្រែប្រួលទេ ស្អែកនេះ ប្រតិភូនេះ (អង្គការ FATF) នឹងចាប់ផ្ដើមធ្វើក្នុងព្រះរាជាណាចក្រកម្ពុជាយើង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ មករា ដែលចាប់ផ្ដើមដំបូងជួបសម្ដែងការគួរសមជាមួយ សម្ដេច ប្រមុខរាជរដ្ឋាភិបាល បន្ទាប់មកទៀតជួបជាមួយខ្ញុំ ហើយក្រៅពីនេះ នឹងជួបតាមមុខសញ្ញាសំខាន់ៗ ហើយមុខសញ្ញាសំខាន់ៗនេះ គឺមិនមែនកម្ពុជាយើងជាអ្នករៀបចំទេ អាស្រ័យទៅលើប្រតិភូដែលពួកគេសម្រេចចិត្ត»។

លើសពីនេះ សម្ដេច ឧបនាយរដ្ឋមន្រ្តី ក៏បានណែនាំគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត និងនគរបាលយុត្តិធម៌ ត្រូវចូលរួមលុបបំបាត់បទល្មើស លាងសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីក សាយអាវុធមហាប្រល័យ ប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ ការផលិតនិងចែកចាយគ្រឿងញៀន និងការលេងល្បែងស៊ីសងគ្រប់ប្រភេទជាដើម ៕

To Top