ព័ត៌មានជាតិ

អាល្លឺម៉ង់ ឈរលេខរៀងទីមួយ នៅអឺរ៉ុប ចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា ប្រទេសអាល្លឺម៉ង់ ឈរនៅលេខរៀងទីមួយ ក្នុងចំណោមបណ្តាប្រទេស ក្នុងសហភាពអឺរ៉ុប ចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ជាមួយកម្ពុជា ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Stefan Messerer ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា នាថ្ងៃទី១០ មករា លោក ប្រាក់ សុខុន បានកត់សម្គាល់ដោយពេញចិត្ត ចំពោះទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃ រវាងកម្ពុជា​ និងអាល្លឺម៉ង់ ដូចដែលបានឆ្លុះបញ្ចាំងឱ្យឃើញ តាមរយៈសកម្មភាពពាណិជ្ជកម្មដ៏រឹងមាំ និងការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទង កម្រិតខ្ពស់ជាញឹកញាប់ ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះ ការវិវត្តដ៏គួរឱ្យកត់សម្គាល់ នៅក្នុងទំនាក់ទំនង​ទ្វេភាគីកម្ពុជា-អាល្លឺម៉ង់ ជាពិសេស នៅក្នុងឆ្នាំ២០២២ ដែលត្រូវបានធ្វើការកត់សម្គាល់ តាមរយៈ​ការបញ្ចប់ការពិនិត្យ ដោយក្រសួងការបរទេសនៃប្រទេសទាំងពីរ លើសេចក្តីថ្លែងការណ៍រួមស្តីពី គោលបំណងក្នុងការបង្កើត កិច្ចពិគ្រោះយោបល់ទ្វេភាគី និងការរៀបចំកិច្ចប្រជុំកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី១ នៅរាជធានីភ្នំពេញ កាលពីខែមករា នៅក្នុងឆ្នាំនោះ ហើយដែលបានបើកផ្លូវឱ្យមាន ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧបនាយករដ្ឋមន្រ្តី ទៅកាន់អាល្លឺម៉ង់ នៅក្នុងខែកុម្ភៈ ដែលជាដំណើរទស្សនកិច្ចលើកទី១ របស់រដ្ឋមន្រ្តីការបរទេសកម្ពុជា នៅក្នុងរយៈពេល ២៧ឆ្នាំមកនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានរំលឹកអំពីកិច្ចពិភាក្សាដ៏ល្អ រវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Olaf Scholz អធិការបតីសហព័ន្ធអាល្លឺម៉ង់ នៅក្នុងជំនួបទ្វេភាគីដែលបានប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល កាលពីខែធ្នូ ឆ្នាំមុន ក៏ដូចជា ជំនួបពិភាក្សារវាងឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងលោកស្រី Annalena Baerbock រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃទស្សនកិច្ចផ្លូវការ របស់លោកនៅអាល្លឺម៉ង់ ផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងគាំទ្រដល់ការអភិវឌ្ឍ របស់កម្ពុជាលើវិស័យជាច្រើន រួមមាន វិស័យអប់រំ វប្បធម៌ ការកាត់បន្ថយភាពក្រីក្រ ថាមពល ការបោសសម្អាតមីន អភិបាលកិច្ចល្អ និងសុខាភិបាល ជាដើម។ លោក ក៏បានកត់សម្គាល់ដោយក្តីរីករាយ ចំពោះការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី ដ៏ល្អរវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា « ប្រទេសអាល្លឺម៉ង់ឈរនៅលេខរៀងទីមួយ ក្នុងចំណោមបណ្តាប្រទេសក្នុងសហភាព អឺរ៉ុប និងបានបង្ហាញក្តីសង្ឃឹមចំពោះការ វិនិយោគបន្ថែមទៀតពីប្រទេសអាល្លឺម៉ង់ ផងដែរ» ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានជំរាបទូតអាល្លឺម៉ង់ ពីការវិវត្តនៅក្នុងដំណើរការ ប្រជាធិបតេយ្យរបស់កម្ពុជា ជាពិសេស ការត្រៀមរៀបចំរបស់កម្ពុជា និងរបស់គណបក្សនយោបាយផ្សេងៗ សម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព ដោយសង្កត់ធ្ងន់លើអាទិភាពចំបងបំផុត គឺសន្តិភាព ដែលកម្ពុជាត្រូវតែការពារ និងថែរក្សា។

លោក ប្រាក់ សុខុន បានជម្រាបជូនឯកអគ្គរដ្ឋទូត អំពីភាពស្មុគស្មាញនៃវិបត្តិមីយ៉ាន់ម៉ា និងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយមីយ៉ាន់ម៉ាឱ្យ វិលមករកភាពប្រក្រតីឡើង វិញ។ លោកទូត បានកើតសរសើរកម្ពុជាចំពោះ «សមិទ្ធផលការងារដ៏អស្ចារ្យ» ក្នុងឋានៈ ជាប្រធានអាស៊ាន ឆ្នាំ២០២២ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ប្រកបដោយជោគជ័យត្រចះត្រចង់ ៕

To Top