ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការដ៏ពេញលេញ របស់ព្រះរាជាណាចក្រកម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាន នៅឆ្នាំ២០២៣នេះ ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋន្ត្រី ប្រាក់ សុខុន នាថ្ងៃទី១០ មករា លោក Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីចប់អាណត្តិ ប្រចាំកម្ពុជា បានអបអរសាទរកម្ពុជាចំពោះតួនាទី ដ៏ជោគជ័យរបស់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាន ឆ្នាំ២០២២ ក៏ដូចជា ការធ្វើជាម្ចាស់ផ្ទះ និងការរៀបចំផ្នែកពិធីការ និងបដិសណ្ឋារកិច្ចដ៏ល្អ នៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
ជាការឆ្លើយតបឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ឥណ្ឌូនេស៊ី ដែលបានគាំទ្រដល់ការធ្វើ ជាប្រធានអាស៊ានរបស់កម្ពុជា និងបានរំលឹកជាថ្មីអំពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ដ៏ពេញលេញរបស់កម្ពុជា ចំពោះតួនាទីរបស់ឥណ្ឌូនេស៊ី ជាប្រធានអាស៊ាននៅឆ្នាំនេះ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរឥណ្ឌូនេស៊ី ដែលបានរៀបចំកិច្ចប្រជុំកំពូល G-20 ប្រកបដោយជោគជ័យ នៅឆ្នាំ២០២២ ផងដែរ ៕