ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា កំពុងពិចារណាដាក់ឈ្មោះផ្លូវ នៅភ្នំពេញតាមឈ្មោះ ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសកម្ពុជា បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុងពិចារណា ក្នុងការដាក់ឈ្មោះផ្លូវ នៅរាជធានីភ្នំពេញ តាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី ។

ការថ្លែងរបស់លោក ប្រាក់ សុខុន បែបនេះធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោក Sudirman Haseng ឯកអគ្គរដ្ឋទូតចប់អាណត្តិ របស់ឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

ក្នុងជំនួបនោះដែរឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីអំពីការវាយតម្លៃខ្ពស់ របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់ និងការរួមចំណែកដ៏ចាំបាច់របស់ឥណ្ឌូនេស៊ី នៅក្នុងដំណើរការសន្តិភាព នៅក្នុងប្រទេសកម្ពុជា ដោយមានប្រសាសន៍ថា « រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងពិចារណា ក្នុងការដាក់ឈ្មោះផ្លូវនៅរាជធានីភ្នំពេញ តាមឈ្មោះរបស់ថ្នាក់ដឹកនាំឥណ្ឌូនេស៊ី» ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត Haseng បានពិនិត្យមើលឡើងវិញ នូវទំនាក់ទំនងទ្វេភាគីដែល កំពុងតែរីកលូតលាស់ និងបានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ។ ចំពោះវិស័យសេដ្ឋកិច្ច លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត បានកត់សម្គាល់ដោយក្តីរីករាយ ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី និងបានចែករំលែកក្តីសង្ឃឹមរួម ចំពោះការចាប់ដំណើរការឡើងវិញ នូវជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។

លោកឧបនាយករដ្ឋមន្ត្រី និងលោកទូត ក៏បានពិភាក្សាអំពីលទ្ធភាព សម្រាប់ការចូលរួមរបស់ឥណ្ឌូនេស៊ី ក្នុងគម្រោងអភិវឌ្ឍន៍នានា របស់កម្ពុជា រួមទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផងដែរ ៕

To Top