ព័ត៌មានជាតិ

ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា រំពឹងសម្រេចបានក្នុងរង្វង់៦% ទោះមានបញ្ហាប្រឈមពីខាងក្រៅខ្ពស់

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុង រង្វង់ ៦% នៅឆ្នាំ២០២៣នេះ ទោះមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

យោងតាមលិខិតរបស់ ធនាគារជាតិ នៃកម្ពុជា នាពេលថ្មីៗនេះ បានបញ្ជក់ថា ក្នុងស្ថានភាពដែលអត្រាអតិផរណា នៅមានកម្រិតខ្ពស់នៅឡើយ ធនាគារកណ្ដាលសហរដ្ឋអាមេរិក គ្រោងបន្តដំឡើងអត្រាការប្រាក់គោលបន្ថែមទៀត ដែលអាចបន្តរឹតបន្តឹងទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ព្រមទាំងបណ្តាលឱ្យប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ។

ធនាគារជាតិ បន្ដថា ជាមួយគ្នានេះ ពិភពលោកក៏ត្រូវបន្តដោះស្រាយបញ្ហាដែលនៅដក់សល់ពីវិបត្តិជំងឺកូវីដ-១៩ ដូចជា ការកើនឡើងបំណុលសាធារណៈ និងឯកជន ភាពមិនច្បាស់លាស់ លើការអនុវត្តវិធានការតឹងរ៉ឹង ដើម្បីគ្រប់គ្រងការរាល ដាលមេរោគបំប្លែងកូវីដ-១៥ និងការប្រែប្រួលអាកាសធាតុជាដើម ដែលជាបញ្ហាប្រឈមដ៏សក្តានុពល ចំពោះការងើប ឡើង នៃសេដ្ឋកិច្ចផងដែរ។

ធនាគារជាតិ នៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ចំពោះសេដ្ឋកិច្ចកម្ពុជា កំណើនត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថា នឹងបន្តសម្រេចបានក្នុងរង្វង់ ៦% នៅឆ្នាំ២០២៣ បើទោះជាមានបញ្ហាប្រឈមខាងក្រៅខ្ពស់ក៏ដោយ។

កំណើននេះសម្រេចបាន ដោយសារការរំពឹងទុកពីកំណើនក្នុងវិស័យកាត់ដេរ ៦,៩% ហើយផលិតផលកម្មន្តសាលមិនមែន កាត់ដេរកើន ១៤,៣%។ វិស័យទេសចរណ៍ត្រូវបានរំពឹងថា នឹងមានកំណើន ១៨,៥% ដោយសារកំណើនភ្ញៀវទេសចរ ក្នុងស្រុក និងការងើបឡើងលឿននៃភ្ញៀវទេសចរអន្តរជាតិ ជាមួយនឹងការបង្កើន ការតភា្ជប់ជើងហោះហើរមកកម្ពុជា ជាលំដាប់និងការកើនឡើងទេសចរចិន ក្រោយការបន្ធូរបន្ថយ ការរឹតបន្តឹងលើការធ្វើដំណើរ ដើម្បីការពារការរាលដាល ជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិន»។

ធនាគារជាតិ បន្ថែមថា វិស័យកសិកម្មត្រូវបានព្យាករថានឹងមានកំណើនល្អជាងឆ្នាំ២០២២ ក្នុងអត្រា ១,១% ដែលរួមចំណែកគាំទ្រ ដោយការចូលជាធរមាននៃកិច្ចព្រមព្រៀងភាពជា ដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ព្រមទាំងការដករបាំងពន្ធនាំចូលអង្កររបស់កម្ពុជាទៅកាន់ទីផ្សារ អឺរ៉ុប។

យ៉ាងណាមិញ វិស័យសំណង់ និងអចលនទ្រព្យត្រូវ បានរំពឹងថា នឹងបន្តងើបឡើងជាសន្សឹមៗ ក្នុងអត្រា ១,៧% និង១,២% រៀងគ្នា ដែលគាំទ្រដោយកំណើនតម្រូវការក្នុងស្រុកផ្ដោតលើទីផ្សារ អចលនទ្រព្យលំនៅឋានដែលមានតម្លៃសមរម្យ ខណៈដែលសំណង់ប្រភេទប្រណីតដែលបម្រើដល់ តម្រូវការអនិវេសជនត្រូវការពេលវេលា ដើម្បីអាចវិលត្រឡប់ ទៅរកស្ថានភាពមុនពេលមានវិបត្តិ៕

To Top