ព័ត៌មានជាតិ

ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម គឺជាព្រឹត្តិការណ៍កីឡា គ្មានផ្សែងថ្នាំជក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានហាមជក់ផលិតផល ថ្នាំជក់គ្រប់ប្រភេទ រួមទាំងបារីអេឡិចត្រូនិក ក្នុងព្រឹត្តិការណ៍ទាំងមូល នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

យោងតាមសេចក្ដីណែនាំរបស់ គណៈកម្មាធិការជាតិ នាពេលថ្មីៗនេះ បានឱ្យដឹងថា «ដើម្បីបន្តរក្សាវប្បធម៌កីឡាគ្មានថ្នាំជក់ នៅក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលត្រូវរៀបចំឡើង នាខែឧសភា និងខែមិថុនា ឆ្នាំ២០២៣ និងដើម្បីអនុវត្តតាមច្បាប់ ស្តីពីការត្រួតពិនិត្យ ផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តនានា គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ សូមធ្វើការណែនាំដូចជា ហាមឃាត់ការប្រើប្រាស់ផលិតផលថ្នាំជក់ បារីអេឡិចត្រូនិក និងផលិតផលអេចណ៍ ធី ភី (HTPs) នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា»។

លើសពីនេះ ហាមឃាត់ការលក់ ការចែកចាយ និងការផ្សាយពាណិជ្ជកម្មផលិតផល ថ្នាំជក់បារីអេឡិចត្រូនិក និង ផលិតផលអេចណ៍ ធី ភី (HTPs) គ្រប់ទម្រង់នៅក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ទីលានកីឡា និងតំបន់ ស្នាក់នៅហូបចុករបស់ប្រតិភូកីឡា។ ជាពិសេស មិនទទួលការឧបត្ថម្ភនានា របស់ក្រុមហ៊ុនថ្នាំជក់ ក្រុមហ៊ុនបារីអេឡិចត្រូនិក និងផលិតផល អេចណ៍ ធី ភី (HTPs) ទោះក្នុងទម្រង់ ឬគោលបំណងណាក៏ដោយ សម្រាប់ការប្រកួតក៏ដូចជា ការផ្សព្វផ្សាយព័ត៌មាន។

ផ្ទាំងពាណិជ្ជកម្ម

ជាងនេះទៅទៀត បញ្ចូលស្លាកសញ្ញាហាមជក់បារី និងបារីអេឡិចត្រូនិកនៅក្នុង សម្ភារៈផ្សព្វផ្សាយនានាអំពី ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ ព្រមទាំង ត្រូវផ្សព្វផ្សាយអំពី «កីឡាគ្មានថ្នាំជក់» ឱ្យបានទូលំទូលាយដល់ប្រតិភូកីឡា អ្នកពាក់ព័ន្ធក្នុងការរៀបចំ អ្នកស្ម័គ្រចិត្ត និងប្រជាពលរដ្ឋទូទៅ តាមរយៈការបណ្តុះបណ្តាល ការជូនដំណឹង និងតាមបណ្ដាញព័ត៌មាន សង្គមជាដើម។

សូមរំលឹកថា ការប្រើប្រាស់ផលិតផលថ្នាំជក់ បណ្តាលឱ្យមានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងបរិស្ថាន។ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥,០០០នាក់ ស្លាប់ជារៀងរាល់ឆ្នាំបណ្តាលមកពី ជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ ៕

To Top